ភ្នំពេញ ៖ សេចក្ដីប្រកាសកែតម្រូវព័ត៌មាន ស្ដីពី Clean Energy Week និងការកសាងសមត្ថភាពបន្សាំ តាមរយៈការបង្កើនបច្ចេកវិទ្យាថាមពលកកើតឡើងវិញ នៅក្នុងគម្រោងជនបទនៅកម្ពុជា (S-RET) ដែលទទួលមូលនិធិពីមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD)បានបំភ្លឺថា អត្ថបទមួយស្ដីអំពី Clean Engery Week ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា គឺបានផ្តល់ព័ត៌មានមិនត្រឹមត្រូវអំពីការបង្កើតគម្រោងថាមពលកកើតឡើងវិញរបស់ IFA របស់រដ្ឋាភិបាលអូស្ត្រាលី នៅក្នុងបណ្ដាខេត្តចំនួនប្រាំនោះទេ។
សេចក្ដីប្រកាសកែតម្រូវដដែលបានលើកឡើងថា តាមការពិតទៅគម្រោងមួយនេះ គឺសំដៅទៅលើគម្រោងដែលមានឈ្មោះថា S-RET ដែលគម្រោង(S-RET)នេះ ត្រូវបានដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានអនុវត្តដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ (MAFF) និងទទួលបានការឧបត្ថម្ភថវិកាដោយ IFAD។
គម្រោងនេះត្រូវបានអនុវត្តនៅតាមបណ្ដាខេត្តសំខាន់ៗចំនួនប្រាំក្នុងប្រទេសកម្ពុជារួមមាន ៖ ខេត្តកណ្តាល, កំពត, ព្រៃវែង, ស្វាយរៀង និងតាកែវ ហើយគម្រោងនេះនឹងបន្តពង្រីកដល់ខេត្តផ្សេងៗទៀត ដែលគាំទ្រដល់សេវាកម្មកសិកម្មសម្រាប់ការច្នៃប្រឌិតការទ្រទ្រង់ និងការពង្រីក (ASPIRE)។
សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា Clean Energy Week ត្រូវបានដំណើរការដោយអង្គការក្រៅរដ្ឋាភិបាលអូស្ត្រាលីមួយគឺ EnergyLab។
Clean Energy Week គឺជាយុទ្ធនាការរយៈពេលមួយសប្ដាហ៍ ដែលបង្ហាញអំពីការស្រាវជ្រាវបច្ចេកវិជ្ជាលើថាមពលមិនប៉ះពាល់ដល់សុខភាព ដែលត្រូវបានរៀបចំបង្ហាញដោយអង្គការ និងសហគ្រិនជាច្រើន មកពីក្នុងប្រទេស និងក្រៅប្រទេស។
ជាមួយនឹងព្រឹត្តិការណ៍ជាង២៤ ក្នុងរយៈពេល៧ថ្ងៃ, សហគមន៍ Cambodia's Clean Energy ត្រូវបានណែនាំជូននូវបច្ចេកវិទ្យា និងគំនិតថ្មីៗ ក៏ដូចជា សិក្ខាសាលាអំពីថាមពលស្អាតពីក្រុមហ៊ុនក្នុងស្រុកនៃប្រទេសកម្ពុជា។
អ្នកនាង Bridget McIntosh, ជានាយកប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុន EnergyLabបានឲ្យដឹងថា EnergyLab ជាអង្គការអូស្ត្រាលីមួយ ដែលត្រូវបានបង្កើតឡើងកាលពីដើមឆ្នាំ២០១៨នៅកម្ពុជា ដើម្បីគាំទ្រការលូតលាស់ នៃទីផ្សារថាមពលស្អាត (Clean Energy)។
នាយកប្រចាំប្រទេសអ្នកនាង Bridget McIntosh បានបន្តថា នៅក្នុងថាមពលស្អាត (Clean Energy) មានថាមពលផ្សេងៗជាច្រើនដូចជា ថាមពលពន្លឺព្រះអាទិត្យ(solar energy) ថាមពលខ្យល់ (wind energy) កម្លាំងអគ្គិសនីបង្កើតមកពីថាមពលទឹក (small hydro) និងជីវម៉ាស (biomass) ក៏ដូចជាប្រសិទ្ធភាពថាមពល និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពដល់ការចែកចាយ និងការប្រើប្រាស់ថាមពល។
Clean Energy Week ត្រូវបានបញ្ចប់ជាមួយនឹងពិព័រណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកាអាទិត្យមុន ដោយមានការចូលរួមពីក្រុមហ៊ុនសំខាន់ៗដូចជា ATEC, EcoSun, ACE, SGFE, Nexus, Comin Khmere, Okra, Blue Circle , NRG Solar ព្រមទាំងក្រុមហ៊ុនមួយចំនួន ដែលកំពុងអនុវត្តន៍គម្រោង IFAD S-RET សរុបប្រមាណ១.០០០នាក់ ក្នុងនោះមានសិស្សានុសិស្សប្រមាណ៥០០នាក់ផងដែរ បានទទួលការយល់ដឹង និងការឆ្លើយតបសំនួររបស់គេយ៉ាងជ្រាលជ្រៅអំពីការប្រើប្រាស់ថាមពល នាពេលអនាគត៕
Source: Kampuchea Thmey Daily
0 Comments