Ad Code

វ៉ាន់ នី​ឡា ផ្ទុះ​ប្រតិកម្ម​ ក្រោយ​មានការ​រិះគន់​ថា ​ជា​មេម៉ាយ​ខាន់ស្លា



ភ្នំពេញ ​៖​ តារា​កំប្លែង​ស្រី​វ័យក្មេង​សាច់​សខ្ចី​ កញ្ញា ​វ៉ាន់ នី​ឡា​ ថ្មីៗ​នេះ​ បាន​ចេញមុខ​ប្រតិកម្ម​ភ្លាមៗ​បន្ទាប់ពី​មាន​បុគ្គល​មួយ​ចំនួន​តែង​ធ្វើការ​រិះគន់​មក​លើ​នាង​ថា ​ជា​មេម៉ាយ​ខាន់ស្លា ហើយ​សុខចិត្ត​ផ្ដាច់​ពាក្យ​ពី​អតីត​គូ​ដណ្ដឹង​ទៅ​មាន​ប្រុស​ថ្មី​។​ ករណី​នេះ​ ត្រូវ​បាន ​កញ្ញា វ៉ាន់ នី​ឡា ចាត់ទុកថា​ជាការ​ច្រណែន​ឈ្នានីស​ពី​បុគ្គល​ ដែល​ចង់​កាច់​បំបាក់​ខ្លួន​។​

កញ្ញា វ៉ាន់ នី​ឡា បាន​រៀបរាប់​បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​ដូច្នេះ​ថា​ តើ​មាន​មនុស្ស​ស្រី​ប៉ុន្មាន​នាក់​ដែល​ចង់​មានឈ្មោះ​ជា​មេម៉ាយ​ខាន់ស្លា?​ សប្បាយ​មែន​ទេ ដែល​ដើរ​និយាយ​ពី​ខ្ញុំ​ថា​ ខ្ញុំ​មេម៉ាយ​ខាន់ស្លា សុខចិត្ត​ផ្ដាច់​ពាក្យ​ទៅ​មាន​ប្រុស? អ្នកដឹង​ច្បាស់​ហើយ​មែន​ទេ​? ពេល​ខ្ញុំ​ភ្ជាប់​ពាក្យ​ថា ខ្ញុំ​ស្រឡាញ់​គេ ដោយសារ​គេ​មាន​ឡាន​ល្អ មាន​លុយ …..។​

តារា​កំប្លែង​កូនស្រី​សំណព្វចិត្ត លោក សុវណ្ណ រិទ្ធី ហៅ​តា វ៉ី​ច​ទ័​រ បាន​បន្ត​ទៀត​ថា ​ពេល​ខ្ញុំ​ផ្ដាច់​ពាក្យ​ទៅ​ស្គាល់​អ្នក​ផ្សេង គេ​ជា​មនុស្ស​ធម្មតា មិន​ឡូយឆាយ មិន​ចេះ​តែងខ្លួន​ហើយ​នៅ​ក្មេង ថា​ខ្ញុំ​នឹង​ស្រឡាញ់​ពួក​ពាល បាត​សង្គម ហើយ​ដល់​ពេល​អញ្ចឹង​ធ្វើ​ម៉េច​ទៅ​បាន​ត្រូវ ស្រឡាញ់​អ្នកមាន​ក៏​ខុស ស្រឡាញ់​អ្នក​ធម្មតា​ក៏​ខុស​ ហើយ​ខ្ញុំ​សុំ​ផ្ដាំ មុននឹង​បើក​គម្រប​មាត់​និយាយ យក​ខួរ​មក​គិត​សិន ចាំ​និយាយ (​គិត​ឲ្យ​បាន​១០០​សិន​ ចាំ​និយាយ​)។​

ស្រី​ស្រស់ វ៉ាន់ នី​ឡា បានបញ្ជាក់​បន្ថែមថា ខ្ញុំ​ឈឺចាប់​ជិត​នឹង​ឆ្កួត​ដោយសារ​ពាក្យ (​គូ​ដណ្ដឹង​) ឈឺ​គ្រាំ​ហើយ​។​ មុននឹង​បញ្ចប់​គេ​ក៏បាន​និយាយ​ថា បង​ស្ដាយ​ដែល​បាត់បង់​មនុស្ស​ស្រី​ដូច​អូន បង​មិនដែល​មើល​ឃើញ​ទង្វើ​ល្អ​របស់​អូន គិតតែ​ការងារ​ មិនដែល​ខ្វល់​នឹង​មនុស្ស​ស្រី​ម្នាក់​នេះ បើ​សិន​មានឱកាស បង​នឹង​កែខ្លួន ធ្វើ​មនុស្ស​ល្អ​សម្រាប់​អូន ហើយ​អ្នក​ដែល​មិនដឹង​រឿង​នៅ​ឲ្យ​ស្ងៀម​ទៅ កុំ​លូ​តាម​គេ​។​

សូម​បញ្ជាក់​ថា ​ការ​បញ្ចេញ​ប្រតិកម្ម​ពី​សំណាក់​តារា​កំប្លែង ​កញ្ញា វ៉ាន់ នី​ឡា ខាងលើនេះ​ បានធ្វើឡើង​ស្រប​ពេល​ដែល​ថ្មីៗ​មានការ​បែក​ធ្លាយ​នូវ​រូបភាព​ស្និទ្ធស្នាល​ជាមួយ​បុរស​វ័យ​ប្រហែល​គ្នា​ម្នាក់​ បង្ក​ការ​ចាប់អារម្មណ៍ ​និង​ភ្ញាក់ផ្អើល​ដល់​មហាជន។ ខណៈ​មាន​ព័ត៌មាន​មួយ​ចំនួន​ក៏បាន​ចុះផ្សាយ​ដាក់​ការ​សង្ស័យ​អំពី​ការ​សាង​សម្ពន្ធភាព​ស្នេហា​របស់​ពួកគេ​ទាំងពីរ​ផង​ដែរ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu