Ad Code

រដ្ឋមន្ដ្រី​ក្រសួង​វប្បធម៌ ​ជំរុញ ​និង​ទឹកចិត្ត​ដល់​ផលិតករ​វ័យក្មេង​ខិតខំ​ផលិត​រឿង​ឲ្យ​បាន​ច្រើន​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​នា​ពេល​អនាគត



ភ្នំពេញ​ ៖​ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ដ្រីក្រសួង​វប្ប​វប្បធម៌ និង​វិចិត្រសិល្បៈ ជំរុញ​និង​ទឹកចិត្ត​ដល់​ផលិតករ​វ័យក្មេង​ទាំងអស់​ខិតខំ​ប្រឹងប្រែង​ផលិត​រឿង​ឲ្យ​បាន​ច្រើន​ថែមទៀត​ដើម្បី​ឈានឆ្ពោះ​ទៅរក​ភាព​ជោគជ័យ​លើ​វិថី​សិល្បៈ​នា​ពេល​អនាគត​។​

លោកស្រី ភឿង ស​កុ​ណា​បានលើកឡើង​បែបនេះ​នៅក្នុង​ពិធី​បើ​ការប្រកួត មហោស្រព​ភាពយន្ដ​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​២​ជា​ផ្លូវការ​កាលពី​យប់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨​ នៅ​ស​ន្និសីទ​សាលចតុមុខ​។

លោកស្រី ភឿង ស​កុ​ណា បាន​ឲ្យ​ដឹងថា ក្រសួង​វប្បធម៌​ចាត់ទុក​ការរៀបចំ​មហោស្រព​ជាតិ​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​២​នេះ ពិត​ជាមាន​សារៈសំខាន់​ក្នុងការ​ផ្ដល់ឱកាស និង​ការគាំទ្រ​ដល់​យុវជន​កម្ពុជា ក្នុងការ​អភិវឌ្ឍន៍​គំនិត​ច្នៃប្រឌិត និង​ជាការ​បង្កើត​ទស្សនៈទាន​ថ្មីៗ ដើម្បី​បង្កើត​ស្នាដៃ​ភាពយន្ដ​ប្រកប​ដោយ​ទេពកោសល្យ​ចូលរួម​ប្រកួតប្រជែង​។​

លោកស្រី​បាន​បន្ដទៀតថា កន្លងមក​ក្រ​សួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ខិតខំ​ស្វះស្វែងរ​កដៃ​គូ​​សហកា​រ បង្កើត​សាល​បណ្ដុះបណ្ដាល​រយៈពេល​ខ្លី លើ​មុខ​វិជ្ជាជីវៈ​ពាក់ព័ន្ធ​នានា​លើ​វិស័យ​ភាពយន្ដ ពិសេស​ក្រសួង​បាន​ជំរុញ និង​គាំទ្រ​ឲ្យ​មានការ​បង្កើត​សាលា​បណ្ដុះបណ្ដាល​ជំនាញ របស់​វិស័យ​ឯកជន​ផងដែរ​។

លោកស្រី​បាន​បន្ថែម​ឲ្យ​ដឹងថា «​ខ្ញុំ​សង្ឃឹមថា​ក្មួយៗ​ផលិតករ​ទាំងអស់​នឹង​ក្លាយជា ធនធាន​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍន៍ ឧស្សាហកម្ម​ខ្សែភាពយន្ដ​កម្ពុ​ជានា​ថ្ងៃ​អនាគត​។ ជាមួយគ្នានេះ​ខ្ញុំ​សូម​អំពាវនាវ ដល់​ផលិតករ​វ័យក្មេង​បន្ដ​ខិតខំ​ប្រឹងប្រែង បណ្ដុះ​ការយល់ដឹង​ពី​តម្លៃពិត​នៃ​សិល្បៈ​ភាពយន្ដ ដើម្បី​ក្លាយខ្លួនជា​អ្នក​បន្ដវេន​ខ្សែភាពយន្ដ​កម្ពុជា​ឲ្យ​កាន់តែ​រី​ចម្រើន​»​។

ចំណែក​លោក ប៉ុក បូរ​ក្ស ប្រធាន​នាយកដ្ឋាន សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​ឲ្យ​ដឹងថា ការប្រកួត​ភាពយន្ដ​ខ្នាត​ខ្លី​នេះ​មានការ​ចូលរួម​ប្រកួត​ស្នាដៃ​ចំនួន​៤១​រឿង ក្នុងចំណោម​៤១​រឿង​នោះ​យើង​ជ្រើសរើស​ចម្រាញ់​យកតែ​៦​រឿង​ទៅ​ប្រកួត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

លោក​បាន​បន្តថា​ខ្សែភាពយន្ដ​ទាំង​៤១​ស្នាដៃ​នេះ នឹង​ត្រូវបាន​គណៈកម្មកា​រ​ចំនួន​៧​រូប សុទ្ធសឹងតែ​ជា​អ្នកមាន​បទពិសោធន៍​ច្រើន​ឆ្នាំ​លើ​វិថី​សិល្បៈ ធ្វើការ​ដាក់ពិន្ទុ​ប្រកបដោយ​សុ​ក្រិត​ភាព និង​យុត្តិធម៌​។​

លោក​បន្ថែមទៀតថា ​ក្នុងចំណោម​៦​រឿង​ នឹងត្រូវ​ចម្រាញ់​យកតែ​៣​រឿង​ប៉ុណ្ណោះ​ដើម្បី​ទទួលបាន​ជ័យលាភី​លេខ​១, លេខ​២ និង​លេខ​៣​ដោយ​ជ័យលាភី​លេខ​១​ទទួល​បាន​ពានមាស​មួយ និង​ទឹកប្រាក់​ចំនួន​១២​លាន​រៀល​, លេខ​២​ទទួលបាន​ពានប្រាក់​១ និង​ទឹកប្រាក់​៨​លាន​រៀល និង​លេខ​៣​ទទួល​បាន​ពានសំរិទ្ធ​១ និង​ទឹកប្រាក់​៤​លាន​រៀល​។​

គួរ​បញ្ជាក់ថា​ការប្រកួត​មហោស្រព​ភាពយន្ដ​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​២​នេះ ធ្វើឡើង​ក្រោម​ពាក្យស្លោក «​ភាពយន្ដ​ខ្នាត​ខ្លី​ជា​ជំហាន​ឆ្ពោះទៅរក​ភាពយន្ដ​ខ្នាត​វែង​» ក្នុង​គោលបំណង​ជំរុញ​លើកទឹកចិត្ត​យុវជន ក្នុងការ​អភិវឌ្ឍ​សមត្ថភាព និង​ការបង្កើត​គំនិត​ច្នៃប្រឌិត​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​ភាពយន្ដ​ជាតិ ឲ្យ​តែ​ល្អប្រសើរ និង​ល្បីល្បាញ​លើ​ឆាក​ជាតិ និង​អន្ដរជាតិ​៕​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu