ភ្នំពេញ ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបញ្ជាក់កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ថា ការស្នើលើកលែងទោសទណ្ឌិតណាម្នាក់ មានតែនាយករដ្ឋមន្ត្រីម្នាក់ប៉ុណ្ណោះ ដែលមានបុព្វសិទ្ធិ តាមច្បាប់កម្ពុជា ហើយពុំមែនជាការជ្រៀតជ្រែកអំណាចតុលាការនោះទេ។
ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌បានធ្វើឡើង បន្ទាប់ពីមានបុគ្គលមួយចំនួន បានបកស្រាយខុស ពាក់ព័ន្ធការប្រើប្រាស់បុព្វសិទ្ធិរបស់នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការលើកលែងទោសដល់ទណ្ឌិត ថាជាការរំលោភដល់ស្ថាប័នតុលាការ។
លោក គឹម សន្តិភាព បញ្ជាក់យ៉ាងនេះថា “ការស្នើលើកលែងទោសទណ្ឌិតណាម្នាក់នៅពេលណាក៏បាន គឺមានតែនាយករដ្ឋមន្ត្រីម្នាក់ប៉ុណ្ណោះ ដែលមានបុព្វសិទ្ធិស្នើទៅព្រះមហាក្សត្រ យោងតាមមាត្រា៧៧ នៃច្បាប់ស្ដីពីពន្ធនាគារ !។ ពាក្យថា "ទណ្ឌិត" គឺជាជនទាំងឡាយណា ដែលមានសេចក្តីសម្រេចផ្ដន្ទាទោសស្ថាពរពីតុលាការ ! ការប្រើប្រាស់ ឬមិនប្រើប្រាស់បុព្វសិទ្ធិពិសេសនេះ ជាការសម្រេចរបស់នាយករដ្ឋមន្ត្រី ហើយពុំមែនជាការជ្រៀតជ្រែកអំណាចតុលាការនោះទេ ព្រោះតុលាការបានអនុវត្តអំណាចតាមឆន្ទានុសិទ្ធិរបស់ខ្លួនតាមច្បាប់ចប់សព្វគ្រប់ហើយ !”។
ទាក់ទងបញ្ហានេះ លោក គឹម សន្តិភាព ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានចេញសេចក្ដីថ្លែងការណ៍មួយផងដែរ ដោយបានអះអាងថា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ទណ្ឌិត សម រង្ស៊ី បានបបួលសម្ដេចតេជោ ហ៊ុន សែន ភ្នាល់គ្នាទាក់ទងទៅនឹងការដោះលែង លោក កឹម សុខា ហើយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ទណ្ឌិត សម រង្ស៊ី ក៏បានផ្ដល់បទសម្ភាសជាមួយវិទ្យុអាស៊ីសេរី ដោយផ្ដល់នូវអំណះអំណាងអំពីច្បាប់ដោយមានលក្ខណៈជាការបំភ្លៃ និងបំភ័ន្ត ដែលអាចធ្វើឲ្យសាធារណជនមានការភាន់ច្រឡំអំពីការអនុវត្តន៍នីតិវិធី និងការអនុវត្តច្បាប់ ដោយតុលាការ ដែលជាស្ថាប័នឯករាជ្យ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា ជនត្រូវចោទឈ្មោះ កឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្ទិដ្ឋភាពជាមួយបរទេស ជាប្រភេទបទល្មើសក្បត់ជាតិ តាមបញ្ញត្តិមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា ដែលបទឧក្រិដ្ឋនេះ មានទោសជាប់ពន្ធនាគារពី១៥ ឆ្នាំទៅ៣០ឆ្នាំ។
ជាមួយគ្នានោះ លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ ហើយត្រូវបានដោះលែងឲ្យនៅក្រៅឃុំ និងដាក់ឲ្យឋិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌរបស់កម្ពុជា ការឃុំខ្លួនដែលសម្រេចឡើងដោយចៅក្រមស៊ើបសួរសម្រាប់បទឧក្រិដ្ឋ គឺអាចមានរយៈពេល០៦ខែ និងអាចពន្យារពេលម្ដង០៦ខែ បានចំនួន០២ដង។
ដូច្នេះការដែលទណ្ឌិត សម រង្ស៊ី ផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុបរទេស ដោយនិយាយថា ការឃុំខ្លួន និងត្រូវបញ្ចប់យ៉ាងយូរនៅត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩នោះ គឺជាការអះអាងដោយមិនចេះច្បាប់ និងខ្វះការយល់ដឹងអំពីនីតិវិធីតុលាការ ដែលទណ្ឌិតរូបនេះ គួរសាកសួរព័ត៌មានអំពីរឿងនេះ ឲ្យបានច្បាស់លាស់ជាមួយមេធាវីរបស់ជនត្រូវចោទ កឹម សុខា ជាមុនសិន ពីព្រោះ លោក កឹម សុខា ត្រូវបានដាក់ឲ្យក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងមិនស្ថិតក្រោមរបប នៃការឃុំខ្លួនបណ្ដោះអាសន្ន ដែលទាក់ទងទៅនឹងរយៈពេល នៃការឃុំខ្លួនបណ្ដោះអាសន្ន ដែលយ៉ាងច្រើន១៨ខែនោះឡើយ។
ម្យ៉ាងទៀត ការអះអាងថា ការឃុំខ្លួនបណ្ដោះអាសន្នតាមច្បាប់បារាំងមានរយៈពេលមិនលើសពី០២ថ្ងៃ គឺជារឿងបោកប្រាស់ និងជាការនិយាយដោយបំភ័ន្តរបស់ទណ្ឌិត សម រង្ស៊ី ដែលជាជនជាតិបារាំង ហើយមិនចេះច្បាប់បារាំងអ្វីបន្តិចសោះ។
តាមអ្នកនាំពាក្យបានបញ្ជាក់ថា សំណុំរឿងព្រហ្មទណ្ឌទាក់ទងនឹងជនត្រូវចោទ ឈ្មោះ កឹម សុខា បច្ចុប្បន្នកំពុងស្ថិតក្នុងសមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ។
ចៅក្រមស៊ើបសួរ ត្រូវសម្រេចអំពីចំណាត់ការនានា លើសំណុំរឿងនេះ តាមឆន្ទានុសិទ្ធិដោយឯករាជ្យរបស់ខ្លួន និងដោយផ្អែកលើអង្គហេតុភស្តុតាងព្រមទាំងច្បាប់កម្ពុជា ដោយមិនទទួលសម្ពាធពីបរទេស ឬបុគ្គលណាមួយឡើយ៕
Source: Kampuchea Thmey Daily
0 Comments