ភ្នំពេញ ៖ មានភាពភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីគេឃើញយាយជាអ្នកលក់បន្លែម្នាក់ បានក្អួតឈាមស្លាប់មួយរំពេច នៅក្នុងផ្សារកណ្ដាល កាលពីវេលាម៉ោង០៨និង៤០នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
អ្នកជិតខាងបានឲ្យដឹងថា លោកយាយដែលស្លាប់នេះមាន ឈ្មោះ កែម វឿន អាយុ៦៦ឆ្នាំ ស្នាក់នៅផ្ទះលេខ០៦ ផ្លូវព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីអ្នកជិតខាងដែលជាអាជីវករលក់ដូរនៅក្បែរខាងជនរងគ្រោះបានឲ្យដឹងថា ជារៀងរាល់ថ្ងៃ ជនរងគ្រោះគាត់តែងតែមកលក់ដូរបន្លែតិចតួច ដែលជាមុខរបររបស់គាត់នេះជាប្រចាំរាល់ព្រឹក ប៉ុន្តែដោយគាត់តែងតែចូលចិត្តហូបស្រាជាប្រចាំផង ហើយគាត់ធ្លាប់មានជំងឺប្រចាំកាយឈឺក្រពះពោះវៀនទៀតនោះ ស្រាប់តែព្រឹកកើតហេតុនេះ ខណៈលោកយាយបានដើរចេញពីបន្ទប់ទឹកមកដល់កន្លែងលក់វិញ ក៏បានក្អួតឈាមធ្លាយក្រពះស្លាប់មួយរំពេចតែម្ដង។
ក្រោយកើតហេតុ សពលោកយាយ សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី នៅឃុំទួលព្រិច ភូមិគោល ស្រុកអង្គស្នួល ខេត្តកណ្ដាល៕
Source: Kampuchea Thmey Daily
0 Comments