រតនគិរី ៖ យុវជន០២នាក់ ផឹកចំស្រាកាច ឈានដល់ប្រើអំពើហិង្សាដោយចេតនា បង្កឲ្យមានរបួសស្នាមដល់អ្នកដទៃ ម្នាក់ដេកពេទ្យ និងម្នាក់ទៀតជាប់ខ្នោះប៉ូលិស។
ហេតុការណ៍បង្កហិង្សានេះ បានកើតឡើងនៅវេលាម៉ោង១១និង១៥នាទីយប់រំលងអធ្រាត្រ ថ្ងៃច័ន្ទ ៥កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុចមុខផ្ទះឈ្មោះ ម៉ាង ថាវី ស្ថិតនៅក្នុងភូមិបាក់កែ ឃុំវើនសៃ ស្រុកវើនសៃ។
មន្ត្រីនគរបាលស្រុកវើនសៃបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ តាប់ ហ្វយ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិឡាវ សញ្ជាតិខ្មែរ មុខរបរធ្វើស្រែ រងរបួសធ្ងន់។
ចំណែកជនបង្ក ឈ្មោះ អាត នី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិឡាវ សញ្ជាតិខ្មែរ មុខរបរធ្វើស្រែដូចគ្នា អ្នកទាំង២នាក់រស់នៅភូមិ/ឃុំកើតហេតុខាងលើ។
មន្ត្រីនគរបាលបានបន្តថា មុនពេលកើតហេតុអ្នកទាំង២នាក់បានផឹកស្រាស្រវឹងជោកជាំ ហើយក៏ក្លែមពាក្យសម្ដីនឹងគ្នា ដោយជនបង្កបានខឹង ក៏ស្ទុះទៅយកកៅអីជ័រវាយទៅលើជនរងគ្រោះយ៉ាងដំណំបណ្ដាលឲ្យរងរបួសធ្ងន់។
បច្ចុប្បន្ន ជនបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកវើនសៃដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments