Ad Code

មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត បន្ត​ការ​រឹត​បន្តឹង​ការ​ត្រួតពិនិត្យ​ទំនិញ និង​ការ​ធ្វើ​តេស្ត​បឋម (test kit) លើ​ចំណីអាហារ



​ប៉ៃលិន​ ៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ លោក ឈឹម វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន លោក ​សុខ សុធី​ម ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បន្ត​រឹត​បន្តឹង​ការ​ត្រួតពិនិត្យ​ទំនិញ និង​ផលិតផល​ចំណីអាហារ​ខូចគុណភាព ព្រមទាំង​ធ្វើតេស្ត​បឋម (Test Kit) ដើម្បី​រកសារ​ធាតុគីមី ក្នុង​គោលបំណង​ទប់ស្កាត់​ឲ្យ​បាន​កាន់តែ​ខ្ពស់ ចំពោះ​ការ​ចរាចរណ៍​ទំនិញ​ខូច​គុណ​ភាព ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ។

ការបន្ត​ចុះ​ពិនិត្យ​ទំនិញ​នេះដែរ​ បាន​ធ្វើឡើង​នៅ​ច្រក​អន្តរជាតិ​ព្រំ​ខេត្ត​ប៉ៃលិន ព្រំដែន​កម្ពុជា​-​ថៃ និង​តាម​ផ្សារ​ព្រំ​ថ្មី ក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន។​

បើតាម​បងប្អូន​ក្រុមអាជីវករ​ផ្សា​ព្រំ​ថ្មី បាន​សំដែង​នូវ​អារម្មណ៍​រីករាយ ដែល​បានឃើញ​មន្ត្រី​ជំនាញ​កាំកុងត្រូល​មក​ចុះ​ណែនាំ និង​ផ្សព្វផ្សាយ​ពី​សារៈសំខាន់ ​នៃ​ការ​ធ្វើតេស្ត​បឋម និង ការមើល​ទំនិញ​ខូចគុណភាព ហួស​សុពលភាព​អោយ​ពួកគាត់​យល់ដឹង​កាន់តែច្បាស់ ​ជៀសវាង​ចំណីអាហារ​ដែល​មាន​សារធាតុ​គីមី ​ប៉ះពាល់​សុខភាព​(​បទសម្ភាសន៍​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ព្រំ​ថ្មី)។​

ចំណែក​ប្រជាពលរដ្ឋ​ម្នាក់ ដែល​មក​ទិញ​ម្ហូបអាហារ នៅ​ផ្សារ​ខាងលើ ក៏បាន​លើកឡើង​ដែរ​ថា​ គាត់​ពីមុនមក​មិនដែល​ដឹងថា ​ទិញ​ណា​ដែល​គ្មាន​គុណភាព ហួស​សុពលភាព ឫ​ខូចគុណភាព នោះ​ទេ ទើបតែ​ពេលនេះ​ បាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​មក​ពន្យល់​ណែនាំ ទើប​យល់​ខ្លះៗ ដូច្នេះ​សូមឲ្យ​មន្ត្រី​ជំនាញ​បន្ត​ខិតខំ​យកចិត្ត​ទុក​ផ្សព្វផ្សាយ និង អនុវត្ត​ការងារ​ឲ្យ​បានល្អ​ថែមទៀត​(​បទសម្ភាសន៍​ប្រជា​ពលរដ្ឋ​ដែល​មក​ទិញ​ម្ហូបអាហារ​)​។​

ពាក់ព័ន្ធ​បញ្ហា​នេះដែរ លោក ឈឹម វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន មានប្រសាសន៍​ឲ្យ​ដឹងថា​ កន្លងមក​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន បាន​សហការ​ជាមួយ​មន្ត្រី​ នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ធ្វើ​ការ​ចុះ​ត្រួតពិនិត្យ និង​ដកហូត​ទំនិញ​ខូចគុណភាព ហួស​កាលកំណត់ គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ និង​មិន​មាន​ច្បាប់​អនុញ្ញាត ដើម្បី​ថែរក្សា​និង​ការពារ​សុខុមាលភាព ជូន​ប្រជាពលរដ្ឋ ព្រោះថា សុខ​ភាព​មនុស្ស​គ្រប់ៗ​រូប​គឺមាន​តម្លៃ​ណាស់ ដូច្នេះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត បាន​ប្ដេជ្ញា​បន្ត អនុវត្តន៍​ការងារ​ចុះ​ផ្សព្វផ្សាយ និង​ត្រួតពិនិត្យ​ទំនិញ​ដែល​បានដាក់​តាំង​លក់​ជាប្រចាំ ជាពិសេស​ទប់ស្កាត់​នៅ​មាត់​ច្រកទ្វារ​អន្តរជាតិ ស្របតាម​ការណែនាំ​រប​ស់អគ្គ​នាយកដ្ឋាន​កាំកុងត្រូល និង​ឯកឧត្ដម ប៉ាន់ សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម។​

លោក​បាន​បន្តថា​ នៅ​ព្រឹក​នេះ ​មន្ត្រី​ជំនាញ​កាំកុងត្រូល ក៏បាន​ធ្វើការ​ត្រួតពិនិត្យ និង​ធ្វើ​តេស្ត​បឋម (test kit) លើ​ចំណីអាហារ រួមមាន​ដូចជា ​៖ ត្រី​ចាប ត្រី​កាប ត្រី​កាម៉ុង ត្រី​ទី​លាបយ៉ា ត្រី​កាញ់ ខ្ញី សាច់​មាន់ បង្ការ ជាដើម ដើម្បី​ទប់ស្កាត់​សា​ធាតុ​ប៉ូ​រ៉ា​ក់ ដែល​ធ្វើឲ្យ​ប៉ះពាល់ ដល់​សុខភាព របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ពួកគាត់​យកទៅ​បរិភោគ​ជាប្រចាំ ក្នុង​ន័យ​លើកកម្ពស់​សុខភាព​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ។

​ជាមួយគ្នានេះដែរ​ លោក​ប្រធាន​សាខា ក៏បាន​ពន្យល់​ណែនាំ​ដល់​អាជីវក និង ប្រជាពលរដ្ឋ អំពី​ផល​ប៉ះពាល់​សុខភាព ចំពោះ​ទំនិញ និង​ផលិតផល​ចំណីអាហារ ដែល​ខូចគុណភាព និង​ហួស​សុពលភាព យក​មក​ទទួលទាន ព្រមទាំង​ត្រូវ​ចេះ​មើល និង​ត្រួតពិនិត្យ​ទំនិញ​ផលិតផល​ចំណីអាហារ​ខូចគុណភាព ទំនិញ​គ្មាន​សុវត្ថិភាព និង​គ្មាន​អនាម័យ​ផង​ដែរ (​សូម​ស្តាប់​ការបញ្ជាក់​ពី​ លោក ឈឹម វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន)​។​

សូម​បញ្ជាក់​ថា​ ៖​ ការធ្វើ​តេស្ត​បឋម (Test Kit) លើ​ចំណី​អាហារ​បរិភោគ​នៅ​ច្រក​អន្តរជាតិ​ព្រំ​ខេត្ត​ប៉ៃលិន អស់​ពេញ​១​ព្រឹក ​ពុំ​រកឃើញ​សារធាតុ​ហាមឃាត់​វិញ​នោះ​ទេ៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu