Ad Code

ក្នុង​ពេល​បើកបរ ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច​ដើម្បី​ការពារ​ជីវិត​អ្នក



ព្រះសីហនុ ​៖ ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ​ក្រោម​កិច្ចសហការ​រៀបចំ ​និង​គាំទ្រ​ដោយ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី (AIP)​ ដឹកនាំ​ដោយ ជំទាវ មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន នា​ព្រឹក​ ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ ច្បាប់​ចរាចរណ៍​ ផ្លូវគោក តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​០៤ ​និង​ចែក​មួក​សុវត្ថិភាព​ដោយ​ឥតគិតថ្លៃ។

លោក ជំទាវ មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​ ក្នុង​ឧកាស​ចុះ​អប់រំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មហាជន​ទូទៅ​អោយ​គោរព​ច្បាប់​ចរាចរណ៍​តាមផ្លូវ​សាធារណៈ​ និង​ចែក​មួក​សុវត្ថិភាព​ដល់​អ្នក​ធ្វើដំណើ​ប្រើប្រាស់​ម៉ូតូ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​តំបន់​ឃ្លាំង​លើ​ក្នុង​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ បាន​មាន​ប្រសាសន៍​ថា នៅពេល ធ្វើដំណើរ​នៅលើ​ដងផ្លូវ​ត្រូវតែ​ពាក់មួក​សុវត្ថិភាព​ជាប្រចាំ ឲ្យ​បាន​គ្រប់ៗ​គ្នា មិន​ថា អ្នកបើកបរ ឬ​អ្នក​រួម​ដំណើរ​នោះ​ឡើយ ពីព្រោះ​មួក​សុវត្ថិភាព​មួយ​ជួយ​ជីវិត​បាន​ម្នាក់​ប៉ុណ្ណោះ និង ជួយ​ការពារ​សុវត្ថិភាព អាយុជីវិត​របស់​អ្នក​នៅ​ពេល​ធ្វើដំណើរ​តាម​ដង​ផ្លូវ ហើយ​សម្រាប់​ អ្នក​រួម​ដំណើរ ក៏ត្រូវ​ពាក់មួក ផងដែរ ដើម្បី​ការពារ អាយុជីវិត របស់​ខ្លួន និង​រួម​គ្នា​គោរព​ច្បាប់​ចរាចរណ៍​ ឲ្យ​បាន​ជាប់ជួន រួម​ចំណែក​កាត់បន្ថយ​ករណី​គ្រោះថ្នាក់ ចរាចរណ៍ ដែល​តែងតែ​កើត​ឡើង ជា​រៀងរាល់ថ្ងៃ​នៅ​លើ​ដង​ផ្លូវ​។​

នៅ​ក្នុង​រសៀល ថ្ងៃ​ដដែល​នោះ​ដែរ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួង សាធារណការ​និង​ដឹកជញ្ជូន​ក៏បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ មាតាបិតា​អាណាព្យាបាល​​សិស្ស​និង​សិស្សានុសិស្ស​សាលាបឋមសិក្សា​ហ៊ុន សែន​ក្រុង ព្រះ​សីហ​នុ ព្រមទាំង​ផ្តល់ជូន​មួកសុវត្ថិភាព​ចំនួន​១០៥៥​មួក ដល់​សិស្សានុសិស្ស​ផង​ដែរ ដោយ ក្នុង​ឧកាស​នោះ លោក ជំទាវ បាន​ពន្យល់​ណែនាំ ដល់​សិស្សានុសិស្ស​​ថា ត្រូវ​រួម​គ្នា គោរព​ច្បាប់​ចរាចរណ៍​ក្នុង​ពេល​បើកបរ លើ​ដង​ផ្លូវ និង​ពាក់មួក​សុវត្ថិភាព ជានិច្ច​ទាំង​អ្នក​បើក​ម៉ូតូ ទាំង​អ្នក ជិះ​ពីក្រោយ ដាច់ខាត​ត្រូវតែ​ពាក់មួក​សុវត្ថិភាព ដើម្បី​ជួយ​ការពារ​សុវត្ថិភាព អាយុជីវិត​ខ្លួន​ឯង និង​អ្នក​ធ្វើដំណើរ​តាម​ដង​ផ្លូវ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu