ភ្នំពេញ ៖ ផ្ទះលក់គ្រឿងសមុទ្របោះដុំរបស់ថៅកែជនជាតិចិនមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បំផ្លាញ រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ូតូ និងទ្រព្យសម្បត្តិក្នុងផ្ទះក្លាសេគ្រឿងសមុទ្រ អស់មួយចំនួនធំ ប៉ុន្តែមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។
អគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺ នៅផ្ទះលេខ៣៣D ផ្លូវ១២៥ កែងនឹងផ្លូវ២៣២ ភូមិ១១ ក្រុម៧៣ សង្កាត់វាលវង់ ខណ្ឌ៧មករា។ ម្ចាស់ផ្ទះឈ្មោះ ប៉ាង ល័ក្សហាវ ភេទប្រុស អាយុ៥៥ឆ្នាំ ជាជនជាតិចិន មុខរបរលក់គ្រឿងសមុទ្រ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះ មានសន្តិសុខម្នាក់ដែលប្រចាំការក្បែរផ្ទះកើតហេតុបានឃើញផ្សែង និងអណ្ដាត ភ្លើងហុយហុយខ្មួលខ្មាញ់ ចេញពីផ្ទះលក់គ្រឿងសមុទ្របោះដុំរបស់ថៅកែជនជាតិចិន ចេញ កន្លែងក្លាស្សេគ្រឿងសមុទ្រ ព្រមទាំងមានអណ្ដាតភ្លើងចេញមកយ៉ាងសន្ធោសន្ធៅផងដែរ។
ប្រភពដដែលបន្តថា ខណៈឃើញដូច្នោះ សន្តិសុខដែលឃើញហេតុការណ៍នោះបានទាញដំបងមកគោះទ្វារម្ចាស់ផ្ទះកើតហេតុ និងអ្នករស់នៅជាប់ផ្ទះកើតហេតុ ដើម្បីដាស់ឲ្យដឹងខ្លួន ហើយមនុស្សនៅក្នុងផ្ទះកើតហេតុបានរត់ចេញពីផ្ទះទាំងស្ថានភាពភ័យស្លន់ស្លោ និងជួយគ្នាអន្តរាគមន៍ពន្លត់ ដោយ ប្រជាពលរដ្ឋបានទាញទុយយោទឹកតាមផ្ទះបាញ់ដែរ តែមិនអាចគ្រប់គ្រងស្ថានការណ៍បាន ក៏ទាក់ទងទៅអាជ្ញាធរមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកធ្វើការបាញ់ពន្លត់យ៉ាងញាប់ដៃ ញាប់ជើងផងដែរ ក្នុងរយៈពេល១ម៉ោង ទើបគ្រប់គ្រងស្ថានភាពបានទាំងស្រុង ដោយសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន១២គ្រឿង។
សមត្ថកិច្ចមូលដ្ឋាននៅមិនទាន់ដឹងម្ចាស់ ថាបង្កឡើងដោយសារអ្វី ឲ្យច្បាស់នៅឡើយទេ ប៉ុន្តែការសន្និដ្ឋានក្រៅផ្លូវការ អាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ព្រោះភ្លើងបានឆេះចេញពីកន្លែងក្លាស្សេ គ្រឿងសមុទ្រ។
អគ្គិភ័យនេះបានបំផ្លាញរថយន្តស៊េរីទំនើប០១គ្រឿង ម៉ូតូ០១គ្រឿង និងទ្រព្យសម្បត្តិក្នុងផ្ទះក្លាស្សេគ្រឿងសមុទ្រនេះ ខូចខាតអស់មួយចំនួនធំ តែមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ៕
Source: Kampuchea Thmey Daily
0 Comments