Ad Code

ក្រសួងមហាផ្ទៃ​ ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​កាន់​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​គំរូ​ចាស់​ ត្រូវ​ប្រញាប់​ទៅ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​គំរូ​ថ្មី​



ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ដែល​កាន់​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​គំរូ​ចាស់ និង​ពលរដ្ឋ​ដែល​ត្រូវ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី​ត្រូវ​ប្រញាប់​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី ​ដោយសារតែ​អត្ត​សញ្ញា​ណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ចាស់​ទាំងអស់​ នឹង​ត្រូវ​អស់​សុពលភាព​ប្រើប្រាស់​នៅ​ត្រឹម​ថ្ងៃ​ចន្ទ ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨​ខាងមុខ​នេះ​ហើយ​។​

យោង​តាម​សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ នៃ​ក្រសួងមហាផ្ទៃ​ដែល​បាន​ចេញ​ផ្សាយ​កាលពីដើម​ខែ​វិច្ឆិកា​កន្លង​ទៅនេះ​បាន​ឲ្យ​ដឹងថា ​«​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​សេរីភាព និង​ផល​ប្រយោជន៍​ស្របច្បាប់​ផ្ទាល់ខ្លួន អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ ដែល​កំពុង​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ចាស់​ទាំងអស់ និង​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​១៥​ឆ្នាំ​ឡើង ដែល​ពុំ​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី សូម​មេត្តា រួសរាន់​ទៅ​បំពេញបែបបទ​ស្នើសុំ​ផ្ដល់​អត្តសញ្ញាណ​សញ្ជាតិ​ប័ណ្ណ​ខ្មែរ គំរូ​ថ្មី​នៅ​បណ្ដា ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ ឬ​អធិការដ្ឋាន​នគរបាល​រាជធានី ខេត្ត ដែល​ខ្លួន​រស់នៅ ឬ​ស្នាក់​ការ​ផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​នៅ​ផ្សារ​ទំនើប​អ៊ី​អនម៉ល ២ សែន​សុខ​»​។​

អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ នៃ​ក្រសួងមហាផ្ទៃ ក៏បាន​ណែនាំ​ដល់​ពលរដ្ឋ​ត្រូវ​ភ្ជាប់​ទៅជា​មួយ​នូវ​ឯកសារ​ដូចជា សំបុត្រកំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត និង​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ ឬ​លិខិតបញ្ជាក់​ទីលំនៅ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ចាស់​។​

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​នេះ​ដែរ​ នាយ​ឧត្ដមសេនីយ៍ កង សុខន អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​របស់​ក្រសួងមហាផ្ទៃ​បាន​ថ្លែងប្រាប់​វិទ្យុ​អន្តរជាតិ​មួយ​ថា ពលរដ្ឋ​ដែល​ត្រូវធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី មាន​ពេល​តែ​៣០​ថ្ងៃ​តែប៉ុណ្ណោះ ដើម្បី​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​នេះ ពោល​គឺ​ត្រឹម​ថ្ងៃ​ នៃ​ការ​ជូន​សេចក្ដីជូនដំណឹង​ខាងលើនេះ​។​

លោក កង សុខន មានប្រសាសន៍​បន្ថែមថា មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង​១០​លាន​នាក់ បានធ្វើ​អត្ត​សញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី ហើយ​នៅសល់​ប្រមាណ​តែ​ជាង​២០​ម៉ឺន​នាក់​ទៀត​ប៉ុណ្ណោះ ដែល​មិន​ទាន់​បាន​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​នេះ​។​

នាយ​ឧត្ដមសេនីយ៍ កង សុខន បានបញ្ជាក់​ទៀតថា ការចុះបញ្ជី​សុំ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​នេះ គឺ​ផ្ដោត​ជា​សំខាន់​តែ​លើ​ពលរដ្ឋ​ដែល​មាន​សញ្ជាតិ​ខ្មែរ​។​

លោក​បញ្ជាក់​ទៀត​ថា ​ចំណែក ជនបរទេស​ដែល​ទទួល​បាន​សញ្ជាតិ​ជា​ខ្មែរ ក៏​អាច​ស្នើសុំ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​គំរូ​ថ្មី​នេះ​បាន​ផង​ដែរ​។​

តាម​របាយការណ៍​របស់​ធនាគារ​ពិភព​លោក​ចុងក្រោយ​បំផុត​ស្ដីពី​បច្ចុប្បន្នភាព​ នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ចេញផ្សាយ​ជា​សាធារណៈ​កាលពីដើម​ខែ​តុលា ឆ្នាំ​២០១៨​បាន​ឲ្យ​ដឹង​ថា ​គិត​ត្រឹម​ឆ្នាំ​២០១៧ កម្ពុជា​មាន​ចំនួន​ប្រជាជន​ប្រមាណ​ជា​១៦.១​លាន​នាក់​។​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu