បាល់ទាត់ ៖ ក្រុមបាល់ទាត់ម្ចាស់ជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន រដូវកាលឆ្នាំ ២០១៨គឺក្រុម ក្រសួងការពារជាតិ (ទ័ព) នឹងតំណាងឲ្យក្រុមកម្ពុជា ចេញដំណើរទៅប្រកួតក្នុងពានរង្វាន់អន្តរជាតិមួយនៅប្រទេសចិន ជាមួយក្រុមមួយចំនួនមកពីប្រទេសវៀតណាម ប្រទេសថៃ នៅថ្ងៃច័ន្ទ សប្ដាហ៍ក្រោយនេះ។
លោក ភា សុភក្ត្រា គ្រូបង្គោលក្លិបបាល់ទាត់ក្រសួងការពារជាតិ បានប្រាប់ពីដំណើរទៅប្រកួតនៅក្រៅប្រទេសរបស់ខ្លួនថា ក្រុមរបស់លោកនឹងចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្ពោះទៅកាន់ខេត្តណាន់នីង ប្រទេសចិន។
លោកបានបន្តថាក្រៅពីក្រុមលោក ក៏មានក្រុម២ក្រុមមកពីថៃគឺ Police Tero Sasana និងក្រុមសាកលវិទ្យាល័យមួយ បូករួមទាំងក្លិប Than Quang Ninh របស់វៀតណាម ដែលចូលរួមប្រកួតដណ្ដើមជើងឯកនេះ។
តាមគម្រោងក្រុមក្រសួងការពារជាតិ នឹងប៉ះជាមួយក្រុមសាលវិទ្យាល័យថៃ នៅថ្ងៃពុធ ទី១៤វិច្ឆិកា ខាងមុខ ហើយក្រុមដែលឈ្នះក្នុងប្រកួតនេះនឹងឡើងទៅលេងនៅវគ្គផ្ដាច់ព្រ័ត្រតែម្ដង។ កាលពីឆ្នាំមុនក្រុមក្រសួងការពារជាតិ ធ្លាប់បានចេញទៅប្រកួតក្នុងពានរង្វាន់ Yunan Asean International Football Open Tournament 2017 ដែរ ដោយធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយបន្ទាប់ពីចាញ់ក្រុម UiTM សមាជិកពានរង្វាន់លីគលំដាប់ទី២ របស់ម៉ាឡេស៊ី ដោយលទ្ធផល៣ទល់២។
លោក ភា សុភត្រា គិតថាដំណើរទៅកាន់ប្រទេសចិន នេះគឺជាឱកាសក្នុងការធ្វើតេស្តសមត្ថភាពដល់កីឡាករថ្មីៗមួយចំនួនមុនរដូវកាលថ្មី ឆ្នាំ២០១៩ មកដល់ខណៈលោកក៏បានចុះបញ្ជីកីឡាករយុវជន៤នាក់នៅក្នុងក្រុមដើម្បីជំនួសកីឡាករសំខាន់ៗដែលកំពុងជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា ប្រកួតក្នុងពានរង្វាន់ AFF Suzuki Cup 2018។
បើនិយាយពីបេសកម្មក្នុងរដូវកាលឆ្នាំ២០១៨ កន្លងទៅក្រុមក្រសួងការពារជាតិ បានបញ្ចប់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមក្លិបទាំង១២ប្រចាំពានរង្វាន់លីគកំពូលកម្ពុជា(Metfone Cambodian League 2018) ក្រោយប្រកួតបាន២២លើកឈ្នះបាន១៣លើក ហើយធ្លាប់ស្មើគ្នាបាន៣លើក និងចាញ់រហូតដល់៦លើក។ ចំណែកពានរង្វាន់សម្តេចតេជោ វិញគឺបានឈ្នះជើងឯកក្រោយយកឈ្នះលើក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ៣ទល់០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ៕
Source: Kampuchea Thmey Daily
0 Comments