ភ្នំពេញ ៖ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងកំឡុងពេល នៃកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៤ និងកិច្ចប្រជុំជាមួយដៃគូសន្ទនាពាក់ព័ន្ធ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយ លោក Hideaki Iwasaki នាយកតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសថៃ និងជាសហប្រធានកិច្ចប្រជុំគណៈកម្មាធិការរួម នៃកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៃមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំគណៈកម្មាធិការរួមសម្របសម្រួលការដឹកជញ្ជូនថ្នាក់ជាតិ។
កិច្ចពិភាក្សាផ្ដោតសំខាន់លើការរៀបចំ កិច្ចប្រជុំគណៈកម្មាធិការរួមនៃកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៃមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំគណៈកម្មាធិការរួមសម្របសម្រួលការដឹកជញ្ជូនថ្នាក់ជាតិ ព្រមទាំងបញ្ហាផ្សេងៗទៀត ស្ថិតក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៃមហាអនុតំបន់មេគង្គ។
យោងតាមលំដាប់អក្សរឡាតាំង កម្ពុជា គឺជាប្រធានកិច្ចប្រជុំគណៈកម្មាធិការរួមនៃកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៃមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំគណៈកម្មាធិការរួមសម្របសម្រួលការដឹកជញ្ជូនថ្នាក់ជាតិ នៅក្នុងឆ្នាំ២០១៨-២០១៩។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្ដែងនូវការថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ីដែលបានជួយកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំខាងលើ។
លោកទេសរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីកំណែទម្រង់សំខាន់ៗដែលបានបញ្ចប់ និងកំពុងអនុវត្ត នៅក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
លោក Hideaki Iwasaki បានបង្ហាញទំនុកចិត្តខ្ពស់ថា ក្រោមការរៀបចំ និងដឹកនាំកិច្ចប្រជុំរបស់កម្ពុជា ជាពិសេស ក្រោមការដឹកនាំរបស់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ការអនុវត្ត «ការប្រមូលផលដំបូង នៃកិច្ចព្រមព្រៀងសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៃមហាអនុតំបន់មេគង្គ» នឹងប្រព្រឹត្តទៅដោយរលូន។
តាមការស្នើសុំពីធនាគារអភិវឌ្ឍន៍អាស៊ី កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការរួម នៃកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៃមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំគណៈកម្មាធិការរួមសម្របសម្រួលការដឹកជញ្ជូនថ្នាក់ជាតិ ក្នុងសប្ដាហ៍ចុងក្រោយ នៃខែមករា ឆ្នាំ២០១៩ ដោយគ្រោងនឹងពិភាក្សាលើចំណុចសំខាន់ៗ ដូចខាងក្រោម ៖
-ការបង្កើនតម្រាយផ្លូវ និងច្រកព្រំដែន ដែលមានចែងក្នុងពិធីសារទី១
-ការអង្កេត វាយតម្លៃ ការអនុវត្ត «ការប្រមូលផលដំបូង នៃកិច្ចព្រមព្រៀងសម្របសម្រួល
-ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៃមហាអនុតំបន់មេគង្គ»
- ការពន្យារពេល អនុស្សរណៈ នៃការអនុវត្ត «ការប្រមូលផលដំបូង នៃកិច្ចព្រមព្រៀង» ក្រោយខែឧសភា ឆ្នាំ២០១៩
-ការជួយពង្រឹងសមត្ថភាពប្រតិបត្តិករផ្ដល់សេវាដឹកជញ្ជូន និងភស្តុភារកម្ម
-ការធ្វើបច្ចុប្បន្នភាព «កិច្ចព្រមព្រៀងសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៃមហាអនុតំបន់មេគង្គ២.០»៕
Source: Kampuchea Thmey Daily
0 Comments