ភ្នំពេញ ៖ ក្រុមអ្នកគាំទ្រអតីតគណបក្សប្រឆាំង (គណបក្សសង្គ្រោះជាតិ) រួមទាំងកូនស្រីរបស់ លោក កឹម សុខា បានសម្ដែងនូវការខកចិត្ត និងខឹងសំបារយ៉ាងខ្លាំងចំពោះ លោក សម រង្ស៊ី ដែលយកជោគវាសនារបស់ លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង ទៅធ្វើជាល្បែងភ្នាល់ ដើម្បីសម្រាប់លំហែជីវិតនយោបាយរបស់ខ្លួន ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ការសម្ដែងនូវការខកចិត្ត និងខឹងសំបារចំពោះ លោក សម រង្ស៊ី នេះ បានធ្វើឡើងតាមរយៈលិខិតមួយចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ហើយដែលត្រូវផ្សព្វផ្សាយដោយកូនស្រីពៅរបស់ លោក កឹម សុខា គឺកញ្ញា កឹម សម្មាធីតា រួមទាំងអ្នកគាំទ្រជាច្រើនទៀតជាបន្តបន្ទាប់។
ជាមួយគ្នានេះ ពួកគេក៏បានប្រកាសថ្កោលទោស យ៉ាងដាច់ដង្ហើមចំពោះ អាកប្បកិរិយាប្រមាថ អគុណធម៌ និងគ្មានសីលធម៌ម្ដងហើយម្តងទៀត របស់ លោក សម រង្ស៉ី ដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតនយោបាយ លោក កឹម សុខា ផងដែរ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុមអ្នកគាំទ្រនៅសហរដ្ឋអាមេរិកបានលើកឡើងថា ក្រុមគាំទ្រគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក (CNRP-USA) សូមសម្ដែងនូវការខកចិត្តយ៉ាងក្រៃលែងបន្ទាប់ពីបានឃើញទំព័រហ្វេសប៊ុករបស់ លោក សម រង្ស៊ី កាលពីថ្ងៃទី០៩វិច្ឆិកា បានបបួលសម្ដេចតេជោ ហ៊ុន សែន ភ្នាល់គ្នាលើករណីដោះលែង ឬមិនដោះលែង លោក កឹម សុខា។ លិខិតបន្តថា “ក្រុមគាំទ្រគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក (CNRP-USA) សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអាកប្បកិរិយាប្រមាថម្ដងហើយម្ដងទៀតដ៏អគុណធម៌ និងគ្មានសីលធម៌ ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការលះបង់របស់ លោក កឹម សុខា និងប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលបានតស៊ូដើម្បីសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស”។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក សម រង្ស៊ី បានសរសេរប្រកាសតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ផ្លូវការរបស់ខ្លួន ដោយបបួលសម្ដេចតេជោ ហ៊ុន សែន ភ្នាល់គ្នាលើករណីការដោះលែង លោក កឹម សុខា។ ក្នុងការភ្នាល់នេះ លោក សម រង្ស៉ី បានកំណត់ថា បើសិនមានការដោះលែង លោក កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ខាងមុខនោះ សម្ដេចតេជោ នឹងចុះចេញពីតំណែង តែបើសិនមិនមានការដោះលែងទេ លោក សម រង្ស៊ី នឹងស្ម័គ្រចិត្តប្រឈមចំពោះមុខច្បាប់ ដោយចូលឲ្យសមត្ថកិច្ចចាប់ខ្លួន ដើម្បីអនុវត្តទោសនៅក្នុងពន្ធនាគារ។
ភ្លាមៗ បន្ទាប់ពីការប្រកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈបណ្ដាញព័ត៌មាន FN ថា សម្ដេចហ៊ានភ្នាល់ជាមួយ លោក សម រង្ស៊ី ដោយបញ្ជាក់ថា ប្រសិនបើ លោក សម រង្ស៊ី ចាញ់ក្នុងការភ្នាល់លើកនេះ ត្រូវហ៊ានចូលឲ្យចាប់ខ្លួន ដើម្បីអនុវត្តទោស។
ទាក់ទងបញ្ហានេះ លោកស្រី ម៉េង សុភារី មេធាវីរបស់ លោក កឹម សុខា បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងចំពោះការយកសេរីភាពរបស់ លោក កឹម សុខា ធ្វើជាកម្មវត្ថុភ្នាល់ ដែលផ្ដួចផ្ដើមដោយលោក សម រង្ស៉ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងគេចទៅក្រៅប្រទេស។
លោកស្រីបានលើកឡើងនៅលើបណ្ដាញសង្គម Facebook យ៉ាងដូច្នេះថា “មិនគួរយក ឯកឧត្ដម កឹម សុខា ជាកម្មវត្ថុ នៃការភ្នាល់គ្នានោះទេ ពីព្រោះសេរីភាពរបស់គាត់ មិនមែនជា Game ឡើយ ប៉ុន្តែសេរីភាពរបស់គាត់មានតម្លៃអាចកំណត់វាសនាជាតិ ដែលអ្នកស្នេហាជាតិទាំងអស់ គួរស្វែងរកដំណោះដែលប្រសើរសម្រាប់ទាំងអស់គ្នា ដើម្បីកុំឲ្យបាត់ផលប្រយោជន៍ជាតិ និងប្រយោជន៍ពលរដ្ឋ”។
ក្រៅពីមេធាវី លោក កឹម សុខា ក៏មានអតីតសកម្មជន និងអ្នកគាំទ្រមួយជាច្រើនទៀត បានបញ្ចេញប្រតិកម្មចំពោះរឿងនេះ ហើយមានទាំងពាក្យល្អ និងអាក្រក់៕
Source: Kampuchea Thmey Daily
0 Comments