កំពង់ចាម ៖ អំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើង បង្កដោយកូនប្រុសអកតញ្ញូ ដេញបាញ់ឪពុកម្តាយបង្កើត ក៏ត្រូវលោកមេឃុំស្ទុះទៅជួយ ទើបជនបង្ក ប្រើចម្ពាមបាញ់៣គ្រាប់ ហើយជនបង្ក ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន។
ប៉ូលិសបានអោយដឹងថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះអណ្ដែត បានទទួលពាក្យបណ្តឹងពីឈ្មោះ យ៉ាន យ៉េត ភេទប្រុស អាយុ៦៦ឆ្នាំ(ជាមេឃុំ) មានទីលំនៅ ភូមិក្រូចសើច ឃុំ កោះអណ្ដែត ស្រុក ស្រីសន្ធរ ខេត្តកំពង់ចាម ដោយបានប្តឹងទៅលើ ឈ្មោះឌូសឿន ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិ ឃុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបាន ប្រើអំពើហិង្សា ដោយចេតនា យកចម្ពាមកៅស៊ូបាញ់មកលើខ្លួនគាត់បណ្តាលអោយមានរបួសបីកន្លែង។
ជនរងគ្រោះបានបញ្ជាក់ថា នៅវេលាម៉ោង១២និង៣០នាទី មានអំពើ ហិង្សាក្នុងគ្រួសារមួយបានកើតឡើង បង្កដោយឈ្មោះឌូ សឿន បានកាន់ចម្ពាមកៅស៊ូរករឿងដេញបាញ់ឪពុក និង ម្តាយបង្កើត នៅក្នុង ខណៈនោះ អាណាព្យាបាលទាំង២នាក់ក៏រត់មករក លោកជាមេឃុំអោយជួយ។
លោកមេឃុំ យ៉ាន យ៉េន បានបន្តថា ពេលនោះលោកបានងើបចេញពីអង្រឹង ហើយស្ទុះទៅឃាត់ថា (អាសឿនកុំធ្វើអញ្ចឹងៗ)ស្រាប់តែ ឈ្មោះ ឌូ សឿន បានយកចម្ពាមបាញ់មកលើគាត់បណ្តាលអោយរបួសចំ សៀតថ្កា ស្តាំ ១កន្លែង កំភួនដៃស្តាំ១កន្លែង និង ដើមដៃឆ្វេង ១ កន្លែង។
ប៉ូលិសបានបញ្ជាក់ថា បន្ទាប់ពីទទួលបណ្តឹង នេះភ្លាម នគរបាលប៉ុស្តិ៍បាន ចុះដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួន ជនបង្ក ដោយយោងតាមបញ្ជារបស់លោកព្រះរាជអាជ្ញាហួត វុទ្ធី រួចបញ្ជូនមកអធិការដ្ឋាន កសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅព្រះរាជអាជ្ញាអមសាលាដំបូងចាត់ការបន្ត៕
Source: Kampuchea Thmey Daily
0 Comments