ភ្នំពេញ ៖ ក្រុមជនរងគ្រោះដែលជាកូនតុងទីនជាង៥០នាក់តំណាងឲ្យរាប់រយនាក់ បានប្រមូលផ្ដុំគ្នាសម្ដែងការព្រួយបារម្ភខ្លាចក្រែងស្ថាប័នតុលាការដោះលែងឲ្យមេតុងទីនបាននៅក្រៅឃុំដូចទៅនឹងអ្វីដែលក្រុមគ្រួសារជនជាប់ចោទបានចោលពាក្យសម្ដីថាសុខចិត្តសូកលុយឲ្យតុលាការតែមិនខ្ចីដោះស្រាយសងក្រុមជនរងគ្រោះជាកូនតុងទីនរាប់រយនាក់នោះទេ ដែលពាក្យសម្ដីនេះពិតជាធ្វើឲ្យចាក់ដោតដល់ជនរងគ្រោះខ្លាំងណាស់ ដោយហេតុនេះហើយ ទើបពួកគាត់នាំគ្នាប្រមូលផ្ដុំជាការផ្ញើសារទៅខាងតុលាការមុខដែក។
ក្រុមអាជីវករជាកូនតុងទីនបានឲ្យដឹងថា ក្រោយពីផ្ទុះរឿងស្ត្រីមេតុងទីនឆបោកលុយកូនតុងទីនសរុបជាង៣០ម៉ឺនដុល្លាររួចមក មេតុងទីនក៏ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន អនុវត្តន៍ទៅតាមនីតិវិធី តាមបណ្តឹងជនរងគ្រោះច្រើននាក់ពីបទឆបោកលុយជាង៣០ម៉ឺនដុល្លារ រួចបញ្ជូនខ្លួនជនសង្ស័យទៅតុលាការ បន្តនីតិវិធី រហូតដល់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន លើស្ត្រីសង្ស័យ នៅពន្ធនាគារព្រៃស កាលពីល្ងាចថ្ងៃទី០៦ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងមក ក៏ប៉ុន្តែអ្វីដែលក្រុមជនរងគ្រោះ ព្រួយបារម្ភទោះជាតុលាការសម្រេចឃុំខ្លួនជនសង្ស័យជាបណ្តោះអាសន្ន ក៏ដោយបន្ទាប់ពីគ្រួសារជនរងគ្រោះបោះពាក្យបោះសម្តីថា មិនខ្ចីរវល់សងលុយកូនតុងទីនទេ សុខចិត្តសូកតុលាការ តម្កល់លុយនៅក្រៅឃុំវិញ។
ដោយហេតុនេះ ទើបនៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ជនរងគ្រោះ ជាអាជីវករផ្សារកាណាឌីយ៉ាផ្សារឯករាជ្យ១ ឆោឡោប្រមូលផ្តុំនៅមុខផ្សារ ក្នុងសម្រែកបង្ហាញជាសាធារណៈស្នើសូមឲ្យប្រព័ន្ធតុលាកា មេត្តា អនុវត្តន៍ទោសទណ្ឌលើស្ត្រីមេតុងទីនរូបនោះទៅតាមគោលការច្បាប់ ខណៈដែលពួកគាត់ ខ្លាចតុលាការ ស៊ីសំណូកបានលាភ បានផល ពីជនសង្ស័យ បែរជាដោះលែងឲ្យរួចខ្លួននៅក្រៅឃុំវិញ។
ជនជាប់ចោទមាន ឈ្មោះ ឆេង សារ៉ា ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខរបរ ជាមេតុងទីន ដែលបានឆបោកលុយតុងទីន ក្រុមអាជីវករផ្សារឯករាជ្យ១ និងអាជីវករផ្សារកាណាឌីយ៉ាជិត៥០០នាក់ សរុបជាទឹកប្រាក់ជាង៣០ម៉ឺនដុល្លារ ហើយត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន រង់ចាំជំនុំជម្រះជាក្រោយតាមនីតិវិធី។
តាមសម្តីក្រុមជនរងគ្រោះ កាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា នេះ បានសម្តែងការព្រួយបារម្ភ អំពីផ្លូវច្បាប់ខ្លាចមិនប្រក្រតី ទើបពួកគាត់ប្រមាណជាង៥០នាក់តំណាងឲ្យរាប់រយនាក់ ប្រមូលម្តុំគ្នា ស្នើសុំទទូចទៅស្ថាប័នតុលាការ មេត្តាជួយរកយុត្តិធម៌ ដល់ពួកគាត់និងសុំអនុវត្តន៍ទោសទណ្ឌទៅតាមគោលការច្បាប់ជាធរមាន៕
Source: Kampuchea Thmey Daily
0 Comments