បាត់ដំបង ៖ គ្លីនិកមួយកន្លែង ដែលជារបស់អង្គការ រ៉ាក់ ត្រូវបានជនមិនស្គាល់មុខបើកសោចូលលុកលុយក្នុងបន្ទប់ចំនួន០៣ ព្រមទាំងបានប្រមូលយកនូវសម្ភារៈ និងបរិក្ខារពេទ្យ ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ទៅយ៉ាងរលូន ដែលជនសង្ស័យទាំងនេះ ហាក់មានជំនាញក្នុងខ្លួនយ៉ាងច្បាស់លាស់ ក្នុងការប្រមូលយកបរិក្ខារទាំងនេះ។
ការភ្ញាក់ផ្អើលនេះបានកើតឡើងនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលសមត្ថកិច្ចបានសន្និដ្ឋានថា អាចចន្លោះពីម៉ោង១២យប់ ទៅទល់នឹងពេលទៀបភ្លឺ ក្រោយពេលដែលសន្តិសុខនៅទីនោះបានចូលទៅដេក ទើបជនសង្ស័យចាប់ផ្ដើមធ្វើសកម្មភាព ហើយការលួចយករបស់ទាំងនេះ ត្រូវតែមានរថយន្តមកចាំទទួលថែមទៀតផងទើបអាចទៅរួច។
គួរបញ្ជាក់ថា ទីតាំង គ្លីនិករ៉ាក់ ស្ថិតក្នុងក្រុមទី៤១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណី លួច បានកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់សាវតារបានធ្វើសកម្មភាពបើកទ្វារបន្ទប់ចំនួន០៣ និងបន្ទប់របស់លោកវេជ្ជបណ្ឌិត ឈ្មោះ នូ នរិន្ទ ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សម្ភារៈដែលបានបាត់បង់ គឺក្នុងបន្ទប់លេខ១ ម៉ាស៊ីនអេកូ ម៉ាក Aloka ចំនួន០១គ្រឿង សុង ៤ D. ១ គ្រឿង។ បន្ទប់លេខ១៤ បាត់បង់ ម៉ាស៊ីន CBC ១គ្រឿង ម៉ាស៊ីន Biochimycod ១គ្រឿង។ ចំណែកនៅក្នុងបន្ទប់លេខ០៩ គឺបាត់ក្បាលកាមេរ៉ាសុវត្ថិភាព០១ និង Hard Disk. ព្រមទាំងទូដែកដាក់លុយចំនួន ០១ ដែលក្នុងនោះមានប្រាក់ចំនួន១០.៥៦០.១០០រៀល និង៤៧៤ដុល្លារ។
គួរបញ្ជាក់ដែរថា នៅក្នុងបន្ទប់លេខ០៩នេះ ទូដែកសម្រាប់ដាក់លុយមានចំនួន០៣ ប៉ុន្តែជនសង្ស័យបានលើកយកតែទូ០១ប៉ុណ្ណោះដែលគេស្គាល់យ៉ាងច្បាស់ថា ទូ០១នោះគឺមានលុយនៅខាងក្នុង។
ដោយឡែកទូចំនួន០២ទៀតគេមិនបានយកទៅទេ ចំណែកកាមេរ៉ាសុវត្ថិភាព គឺត្រូវជនមិនស្គាល់មុខដកយកហាតឌីសទៅបាត់ ដែលមិនអាចឲ្យសមត្ថកិច្ចពិនិត្យមើលសកម្មភាពបាននោះឡើយ ឯសម្ភារៈ និងបរិក្ខារពេទ្យ ក៏ត្រូវបានគេដកយកតាមជំនាញ និងបច្ចេកទេសយ៉ាងត្រឹមត្រូវ ដោយមិនមានផ្ដាច់ខ្សែណាមួយឡើយ ដូច្នេះចោរហាក់បីដូចជាដឹងរឿងផ្ទៃក្នុងទាំងអស់។
ចំណែកកូនសោ គឺមានអ្នកគ្រូពេទ្យម្នាក់ និងអ្នកសម្អាតអនាម័យតែប៉ុណ្ណោះដែលជាអ្នកកាន់។
បច្ចុប្បន្ន សន្តិសុខឈ្មោះ ស៊ន ភឿន ដែលបានអះអាងថា ការបាត់បង់នេះ គឺបន្ទាប់ពីខ្លួនបានចូលសម្រាកនោះ ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរមុនហើយ ដោយឡែកអ្នកកាន់សោ ក៏អាចហៅទៅជាបន្តបន្ទាប់ដែរ៕
Source: Kampuchea Thmey Daily
0 Comments