ភ្នំពេញ ៖ តារាសម្ដែងស្រីស្រស់ស្អាត កញ្ញា ពេជ្រ ចរណៃ ស្របពេលដែលទីផ្សារសម្ដែងកំពុងតែមានភាពជោគជ័យ និងទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជននោះ ថ្មីៗនេះ ស្រាប់តែធ្លាយដំណឹងមកថា តារាស្រីរូបនេះ ក៏មានឱកាសច្បាមបានតំណែងតួឯកចំនួន២រឿងជាប់គ្នាផងដែរនាបំណាច់ឆ្នាំ២០១៨នេះ។
ជាការកត់សម្គាល់តារាសម្ដែងរាងខ្ពស់ស្រឡះមានមន្តស្នេហ៍ កញ្ញា ពេជ្រ ចរណៃ អំឡុងមួយរយៈពេលចុងក្រោយនេះ ត្រូវបានគេមើលឃើញថា នាងមិនត្រឹមតែជោគជ័យ និងមានប្រជាប្រិយភាពលើអាជីពសិល្បៈប៉ុណ្ណោះទេ គឺតារាស្រីមានដើមកំណើតពីទឹកដីខេត្តបន្ទាយមានជ័យ ពេជ្រ ចរណៃក៏លេចធ្លោលើសកម្មភាពមនុស្សធម៌ជួយសង្គមតាមរយៈការចែករំលែកក្ដីស្រលាញ់ដូចជា ៖ ការចុះចេកអំណោយ និងសម្ភារៈសិក្សាដល់កុមារនៅតាមសហគមន៍ ចាស់ជរា និងប្រជាពលរដ្ឋខ្វះខាតជាដើម។
តារាស្រី កញ្ញា ពេជ្រ ចរណៃ បាននិយាយប្រាប់ឲ្យដឹងនាឱកាសចូលរួមអបអរពិធីបើសម្ពោធមហោស្រពភាពយន្តខាតខ្លីបែបនេះថា សម្រាប់អាជីពសិល្បៈរបស់នាងបច្ចុប្បន្ន គឺពិតជាមានការមមាញឹកខ្លាំង ព្រោះថ្មីៗនេះ ទើបទទួលបានការហៅថតសម្ដែងចំនួន៣រឿងព្រមគ្នា ពីបណ្ដាម្ចាស់ផលិតកម្មនិងស្ថានីយទូរទស្សន៍ក្នុងស្រុក។
ម្យ៉ាងទៀត ក្រៅពីការទទួលបានឱកាសចំនួន៣រឿងនេះ នាងសព្វថ្ងៃ ក៏កំពុងតែមមាញឹកថតរឿង២ឬ៣ ទៀតផងដែរ។
កញ្ញា ពេជ្រ ចរណៃ បានបញ្ជាក់ថា ក្នុងចំណោមខ្សែភាពយន្តទាំង៣រឿង ដែលខ្ញុំទទួលចុះកុងត្រាថតនោះ គឺមាន២រឿង គ្រងតំណែងជាតួឯក។ ចំណែកឯមួយរឿងទៀត គឺជាភាពយន្តខ្នាតធំដែលសម្ដែងលក្ខណៈ វ៉ៃ ទាត់ និងធាក់ផងដែរ។
កញ្ញា ពេជ្រ ចរណៃ បានបន្ថែមទៀតថា សម្រាប់ការចុះកុងត្រាថត(កិច្ចសន្យា) គឺខ្ញុំ និងខាងភាគីផលិតកម្មបានធ្វើរួចរាល់អស់ហើយ ពោលគឺរង់ចាំតែថ្ងៃចេញថតតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា តារាសម្ដែងស្រីសម្ដីផ្អែម កញ្ញា ពេជ្រ ចរណៃ មួយរយៈពេលចុងក្រោយនេះ ត្រូវបានទស្សនិកជនមើលឃើញថា នាងមិនត្រឹមតែរវល់ខ្លាំងលើអាជីពសម្ដែងសិល្បៈប៉ុណ្ណោះទេ តារាស្រីរូបនេះក៏មានភាពលេចធ្លោលើសកម្មភាពមនុស្សធម៌រហូតទទួលបានការគាំទ្រ និងលើកសរសើរចំពោះទឹកចិត្តដ៏ល្អរបស់នាងទៀតផង។
ក្នុងនោះ ក៏មានទស្សនិកជនខ្លះបានលើកឡើងថា នាងមិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ គឺថែមទាំងមានទឹកចិត្តល្អ ដែលជាគំរូដល់អ្នកសិល្បៈដូចគ្នា៕
Source: Kampuchea Thmey Daily
0 Comments