អ្នកប្រដាល់កម្ពុជា២រូប គឺមាជ សុខរ៉ា អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ និងអ្នកប្រដាល់ពុទ្ធ ឆាយរិទ្ធី ក្លិបពុទ្ធសេរី វង្សកីឡា បានវាយឈ្នះអ្នកប្រដាល់ថៃដូចគ្នា នៅក្នុងការជួបប្រកួតក្នុងជុំជម្រុះលើកទី៤ នៃព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់Wurkz រដូវកាលទី២ ទម្ងន់៦៧គីឡូក្រាម លើសង្វៀនSEA-TV កាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨។
មាជ សុខរ៉ា អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ បានផ្តួល អ្នកប្រដាល់ថៃ Phach Aroun ឲ្យសន្លប់ក្នុងទឹកទី០៤ ហើយពុទ្ធ ឆាយរិទ្ធី អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា គេបានប្រើពេលតែមួយទឹកប៉ុណ្ណោះ វាយឈ្នះអ្នកប្រដាល់ថៃ Kao Ah ឲ្យសន្លប់ក្នុងទឹកទី០១។
នេះជាការប្រកួតជម្រុះលើកទី០៤ ក៏ដូចជាលើកចុងក្រោយ របស់ពួកគេទាំង០៤ ក្នុងការប្រកួតជម្រុះដណ្ដើមខ្សែក្រវាត់ Wurkz រដូវកាលទី០២ ទម្ងន់៦៧គីឡូក្រាម។
ឆ្លងកាត់លទ្ធផលនេះ សម្រាប់ពូលកីឡាករកម្ពុជា ពុទ្ធ ឆាយរិទ្ធី គេមាន១០ពិន្ទុ មាជ សុខរ៉ា ០៨ពិន្ទុ ។ ពុទ្ធ ឆាយរិទ្ធី ពុំទាន់ច្បាស់ថាបានឡើងទៅផ្ដាច់ព្រ័ត្រ ឬអត់នោះទេ? ព្រោះនៅចាំអ៊ុតលទ្ធផលរបស់ រឿង សារ័ត្ន ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ដែលគេនៅសល់មួយប្រកួតចុងក្រោយដែលនោះ។ ចំណែកខាងថៃ ទាំង Phach Aroun និង Kao Ah សុទ្ធតែជ្រុះធ្លាក់ហើយ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រដាល់ដណ្ដើមខ្សែក្រវាត់Wurkz រដូវកាលទី០២ ទម្ងន់៦៧គីឡូក្រាមនេះ មានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា៤រូប និងអ្នកប្រដាល់ជើងខ្លាំងថៃ៤រូប។ ការប្រកួត គឺពុំមានវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទេ។ ដូច្នេះហើយ ទើបទាំងប្រដាល់ខ្មែរ ទាំងអ្នកប្រដាល់ថៃ គឺត្រូវការឈ្នះដូចគ្នា ត្បិតគេជ្រើសរើសយកតែអ្នកលេខ០១ និងលេខ០១ ក្នុងជុំ នៃពូលខ្មែរ និងពូលថៃ តែប៉ុណ្ណោះ។
•សរ រាជសីហ៍ ស្មើ អ៊ីរ៉ង់Akbari
សរ រាជសីហ៍ អ្នកប្រដាល់កម្ពុជា ក្លិបមោងឬស្សីមរតកគុនខ្មែរខេត្តបាត់ដំបង បានប្រកួតស្មើពិន្ទុជាមួយ អ្នកប្រដាល់អ៊ីរ៉ង់ចំណូលថ្មី Akbari Kerai Mant ក្នុងការជួបគ្នាលើសង្វៀនBoostrong Fighter On Fire នៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍ កាលពីព្រឹកថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨។
សរ រាជសីហ៍ ដែលការប្រកួតដំបូងមើលឃើញថា មានប្រៀបឈ្នះលើ Akbari Kerai Mant នោះ បែរជាចុងក្រោយរាងចាញ់ប្រៀបអ្នកប្រដាល់អ៊ីរ៉ង់នោះទៅវិញ។ សរ រាជសីហ៍ ដើរចូលទៅឲ្យ តែ Akbari វាយត្រូវពេញៗ ខណៈដែលខ្លួនឯងវាយចេញបានតិច និងមិនសូវចំគោលដៅល្អថែមទៀត។
ដូច្នេះហើយ ទើបចប់ការប្រកួត សរ រាជសីហ៍ បានត្រឹមស្មើពិន្ទុជាមួយអ្នកប្រដាល់អ៊ីរ៉ង់ចំណូលថ្មីតែប៉ុណ្ណោះ។
ចំពោះការជួបគ្នារវាង ថន ភឿត អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡា និង ហេង វាសនា អ្នកប្រដាល់ក្លិបព្រៃទទឹង ខេត្តបាត់ដំបងវិញ ពួកគេទាំងពីរនាក់នេះមិនត្រូវបានគណៈកម្មការបច្ចេកទេស ប្រកាសលទ្ធផលឈ្នះចាញ់នោះទេ បន្ទាប់ពី ថន ភឿត ត្រូវ ហេង វាសនា វាយសន្លប់ក្នុងទឹកទី០៣នោះ។ ពីរនាក់នេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម។
ថន ភឿត ត្រូវហេង វាសនា អុកជង្គង់ចូលពោះ នៅក្នុងទឹកទី០៣ បណ្ដាលឲ្យ ថន ភឿត ដួលសន្លប់លើរេញ ទោះបីអាជ្ញាកណ្ដាលរាប់ដល់១០ហើយក្ដី ក៏ថន ភឿត មិនក្រោកបន្តការប្រកួតទៀតដែរ។
យ៉ាងណា គណៈកម្មការបច្ចេកទេស មិនបានប្រកាសលទ្ធផលឈ្នះចាញ់នោះឡើយ ដោយសារថា ការប្រកួតនេះពុំមានភាពប្រក្រតីនោះ។
ចំណែក ហ៊ីម គឹមរៀង អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ បានផ្ដួល អេ ហនុមាន អ្នកប្រដាល់ក្លិបអេភូថងកីឡា ឲ្យសន្លប់ក្នុងទឹកទី០២ ដោយជង្គង់អុកចូលពោះទឹក។
ហើយ ពេញ វ៉ាន់ថង អ្នកប្រដាល់ក្លិបកុមារទេព បានវាយឈ្នះ សរ សូ ក្លិបឃ្លាំងមឿងកីឡាដោយពិន្ទុ៕
Source: Kampuchea Thmey Daily
0 Comments