សិង្ហបុរី ៖ ក្រុមហ៊ុន គ្រីសអេនើជី អិលធីឌី ដែលជាក្រុមហ៊ុនរុករកប្រេង និងឧស្ម័នឯករាជ្យ បានប្រកាសថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺ SJ Production Barge Ltd បានផ្ដល់កិច្ចសន្យាដល់ក្រុមហ៊ុន Keppel Shipyard Ltd សម្រាប់ការកែលំអ និងធ្វើឲ្យប្រសើរឡើងនូវនាវាផលិតកម្មរបស់ខ្លួន សម្រាប់ការប្រើប្រាស់ក្នុងការអភិវឌ្ឍន៍អណ្ដូងប្រេងកាតអប្សរានៅក្នុងប្លុកA ស្ថិតក្នុងដែនសមុទ្រកម្ពុជា។
តាមសេចក្ដីប្រកាសពីក្រុមហ៊ុនបានឲ្យដឹងថា ទំហំការងារទទួលខុសត្រូវរបស់ក្រុមហ៊ុន Keppel Shipyard សម្រាប់នាវាផលិតកម្មរួមមាន ការដំឡើងម៉ូឌុលបង្កើតថាមពល ឈ្មោះ Electrical House ទីកន្លែងស្នាក់នៅថ្មី និងការងារជួសជុលដំឡើងផ្សេងៗទៀត។ នៅពេលបញ្ចប់ការងារសព្វគ្រប់ ក្នុងអំឡុងត្រីមាសទី៣ ឆ្នាំ២០១៩ នាវាផលិតកម្ម នឹងមានសមត្ថភាពក្នុងការធ្វើប្រព្រឹត្តិកម្មសន្ទនីយ៍រហូតដល់ទៅ៣០.០០០ បារ៉ែលក្នុងមួយថ្ងៃ និងមានបំពាក់នូវឋាបនៈភ័ណ្ឌ ដែលអាចញែកឧស្ម័ន ប្រេង និងទឹក។ ទំហំទឹកប្រាក់ នៃកិច្ចសន្យានេះ គឺប្រមាណជា២១,៧ លានដុល្លារអាមេរិក ដែលក្នុងនោះ ការទូទាត់មួយភាគ នឹងត្រូវធ្វើឡើងទៅតាមលក្ខខណ្ឌពន្យារ។
កិច្ចសន្យានេះ ត្រូវបានផ្ដល់ស្របទៅតាមកិច្ចព្រមព្រៀង សហប្រតិបត្តិការ ដែលធ្លាប់បានយល់ព្រមពីមុនជាមួយនឹងក្រុមហ៊ុន Keppel FELS Limited និង Keppel Shipyard ហើយគឺជាផ្នែកមួយ នៃប្រតិបត្តិការបុគ្គលភាគី ដែលនឹងអនុវត្តក្រោមអាណត្តិប្រតិបត្តិការបុគ្គលភាគី ដែលយល់ព្រម និងអនុម័តដោយភាគហ៊ុនិក របស់ក្រុមហ៊ុននៅក្នុងអង្គប្រជុំវិសាមញ្ញកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨។
លោក Brian Helyer នាយករងផ្នែកប្រតិបត្តិរបស់ក្រុមហុនគ្រីសអេនើជី បានថ្លែងថា “យើងមានសេចក្ដីរីករាយក្នុងការរួមដៃគ្នាធ្វើការជាមួយនឹងក្រុមហ៊ុន Keppel Shipyard សម្រាប់គម្រោងអភិវឌ្ឍន៍ប្រេងដ៏ធំសម្រាប់កម្ពុជានេះ។
តាមរយៈការជួយគាំទ្រពីដៃគូ ដែលមានបទពិសោធន៍ និងមានសមត្ថភាពបែបនេះ យើងជឿថា យើងនឹងអាចអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនូវធនធានប្រេងក្នុងប្លុកA ដើម្បីជាប្រយោជន៍ដល់ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធរបស់យើង”។
លោក Chor How Jat នាយកគ្រប់គ្រង (ផ្នែកកែច្នៃ និងជួសជុល) របស់ Keppel O&M និងជានាយកគ្រប់គ្រងរបស់ Keppel Shipyard បានថ្លែងដែរថា “ជាមួយនឹងបទពិសោធន៍ជាច្រើនលើការងារគម្រោងជួសជុល កែច្នៃ និងកែលំអ Keppel Shipyard ពិតជាមានសមត្ថភាពក្នុងការរៀបចំផ្នែកវិស្វកម្ម និងផ្ដល់នូវដំណោះស្រាយយ៉ាងទូលំទូលាយសម្រាប់នាវាផ្សេងៗ។
កិច្ចសន្យាថ្មីពីក្រុមហ៊ុនគ្រីសអេនើជីនេះ គឺជាគម្រោងដំបូងរបស់យើងដែលធ្វើរួមគ្នា ចាប់តាំងពីមានការតែងតាំងក្រុមហ៊ុន Keppel O&M កាលពីដើមឆ្នាំនេះ ឲ្យធ្វើជាដៃគូសម្រាប់កញ្ចប់ការងារផ្នែកដំណោះស្រាយប្រេង និងឧស្ម័នក្នុងដែនសមុទ្រ”។
ក្រុមហ៊ុនគ្រីសអេនីជី គឺជាប្រតិបត្តិករនៃប្លុក A របស់កម្ពុជា ដែលគ្របដណ្ដប់លើផ្ទៃដីទំហំ ៣.០៨៣ គីឡូម៉ែត្រការ៉េ នៃអាងសមុទ្រខ្មែរ ដែលនៅទីនោះ ជម្រៅទឹកគឺមានចន្លោះពី៥០ ទៅ៨០ម៉ែត្រ។
ដំណាក់កាល 1A នៃការអភិវឌ្ឍន៍អណ្ដូងប្រេងអប្សរា រួមមានផ្លាតហ្វមក្បាលអណ្ដូងផលិតកម្ម ដែលបញ្ជាពីចម្ងាយមួយ ទ្រទ្រង់ដល់អណ្ដូងបូមប្រេងចំនួន២៤ ដែលបញ្ជូនសន្ទនីយ៍ ទៅកាន់នាវាផលិតកម្មមួយ។
ប្រេងឆៅដែលផលិតបាន នឹងត្រូវបញ្ជូនតាមបំពង់បង្ហូរប្រេងប្រវែង១,៥គីឡូម៉ែត្រ ទៅកាន់នាវាបណ្ដែតផ្ទុក និងផ្ទេរប្រេងអចិន្ត្រៃយ៍មួយ។
ទំនាក់ទំនង លោក Kiran Raj នាយកគ្រប់គ្រងហិរញ្ញវត្ថុ ទូរស័ព្ទ ៖ +65 6838 5430 អ៊ីមែល ៖ kiran.raj@krisenergy.com លោកស្រី Tanya Pang ប្រធានទំនាក់ទំនងវិនិយោគិន និងទំនាក់ទំនង សាជីវកម្ម ទូរស័ព្ទ៖ +65 6838 5430 អ៊ីមែល ៖ tanya.pang@krisenergy.com៕
Source: Kampuchea Thmey Daily
0 Comments