Ad Code

ព្រឹត្តិការណ៍​ប្រណាំង​ឆ្លងកាត់​ឧបសគ្គ​ឆ្លងកាត់​តំបន់​អភិរក្ស បាន​បញ្ចប់​ដោយ​ជោគជ័យ ដោយ​កីឡាករ​កម្ពុជា​ទទួល​បាន​លេខ​០១



ការប្រណាំង​រថយន្ត​ឆ្លងកាត់​ឧបសគ្គ​រយៈពេល​០៣​ថ្ងៃ ក្នុង​ខេត្ត​ចំនួន​០៣ ក្រោម​ប្រធានបទ «​រួមគ្នា​ដើម្បី​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា​» បាន​បញ្ចប់​ដោយ​ជោគជ័យ ហើយ​ដែល​បាន​នាំ​យក​នូវ​រូបភាព​ល្អៗ​ជាច្រើន និង​ទេសភាព​តំបន់​អភិរក្ស ក៏ដូចជា​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ផ្សព្វផ្សាយ​ពី​តំបន់​តំបន់​អភិរក្ស ដ៏​ស្រស់ស្អាត​ទៅកាន់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បានបញ្ជាក់​បែបនេះ ក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍​ប្រណាំង Khmer Rally Raid ២០១៨ ដែល​រៀបចំ​ដោយ​ក្រសួងបរិស្ថាន និង​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា កាលពីពេល​ថ្មីៗ​កន្លងមកនេះ។

លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា ការប្រកួតប្រណាំង​រថ​យន្ត​ឆ្លងកាត់​តំបន់​អភិរក្ស​ធនធាន​ធម្មជាតិ​០៣​ខេត្ត គឺ​ខេត្ត​កំពង់ស្ពឺ​ ឆ្លងកាត់​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ ភ្នំ​ឱរ៉ាល់ និង​ឧទ្យាន​ជាតិ​គិរីរម្យ ឯ​ខេត្ត​កំពត​បាន​ឆ្លងកាត់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​ភ្នំ​បូកគោ និង​ខេត្ត​ព្រះសីហនុ​ឆ្លងកាត់​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ា​ញ​ខាងត្បូង លើ​ចម្ងាយ​ផ្លូវ​សរុប​៦៣០​គីឡូម៉ែត្រ។

ព្រឹត្តិការណ៍​នេះ​មាន​សារៈសំខាន់​យ៉ាងខ្លាំង ក្នុងការ​ផ្សព្វផ្សាយ​តំបន់​អភិរក្ស ទៅកាន់​ប្រជាពលរដ្ឋ​ទាំង​អស់ ដោយ​នេះ​មិន​ត្រឹមតែ​ជា​កិច្ចការ​របស់ រាជ​រដ្ឋាភិបាល ក្រសួងបរិស្ថាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​កិច្ច​ការដែល​ត្រូវ​ចូលរួម​ទាំងអស់ រីឯ​អ្នកចូលរួម​ជា​ជនបរទេស ក៏បាន​ផ្សព្វផ្សាយ​ពី​បញ្ហា​កីឡា និង​បរិស្ថាន​ដល់​ពិភពលោក​ផងដែរ។​

លោក ហូ សិទ្ធិគុណ តំណាង​ក្លឹប KARA និង​ជា​អ្នក​សហការ​រៀបចំ​ព្រឹត្តិការណ៍​ខាងលើ បាន​វាយ​តម្លៃ​ខ្ពស់ ចំពោះ​ការចូលរួម​ប្រកួត​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​មិន​មាន​អ្វី​ជា​បញ្ហា​នោះឡើយ​ដោយ​កីឡាករ កីឡាការិនី​ទាំងអស់​បាន​គោរព​បាន​នូវ​បទបញ្ជា​បច្ចេកទេស​តាម​និយាម​បច្ចេកទេស​អន្តរជាតិ។

អ្នកជំនាញ​រូបនេះ បន្ថែមទៀតថា ការប្រកួត នេះ​យើង​ថែមទាំង​បាន​ផ្សព្វផ្សាយ​ពី​ការងារ​អភិរក្ស​បរិស្ថាន​ផង បង្កើន​បច្ចេកទេស​កីឡា​ផង ដែល​ជា​ការ​ផ្ដល់​ឱកាស​របស់​ក្រសួងបរិស្ថាន ក្នុង​ការ​បន្ថែម​ដល់​ការ​អភិវឌ្ឍ​កីឡា​យានយន្ត​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ផង​ដែរ។
​កីឡាករ គួ​ន ផាន់​តារា អ្នក​ប្រណាំង​ពោរពេញ​ដោយ​បទពិសោធន៍ ហើយ​ទទួល​បាន​ជ័យលាភី​ក្នុង​ព្រឹត្តិការណ៍ Khmer Rally Raid ២០១៨​នេះ បាន​បញ្ជាក់​ថា ក្រៅពី​កីឡាករ​បរទេស លោក​សង្កេត​ឃើញ​ថា មាន​កីឡាករ​វ័យក្មេង​០២​រូប​ អាច​ និង​លេចធ្លោ​នាពេលខាងមុខ ដោយ​ពួកគាត់​មាន​ទេព​កោ​សល្យ​ល្អ​ក្នុង​ការមើល​ផែនទី​បង្ហាញផ្លូវ និង​ការប្រណាំង​យ៉ាង​ស្ទាត់ជំនាញ​។​

សូម​បញ្ជាក់​ថា កីឡាករ​កម្ពុជា គួ​ន ផាន់​តារា ទទួល​បាន​លេខ​០១ ពី​ព្រឹត្តិការណ៍​ប្រណាំង Khmer Rally Raid ២០១៨ លេខ​០២ កីឡាករ David Roper រីឯ​លេខ​០៣ កីឡាករ​កម្ពុជា ក្រូ​ស ថាច់ រីឯ​រថយន្ត​វិញ លេខ​០១ កីឡាករ​ថៃ Song Yos លេខ​០២ កីឡាករ​កម្ពុជា សេក ចាន់​តារា លេខ​០៣ កីឡាករ​កម្ពុជា ទៀង សុ​គៀត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu