ពោធិ៍សាត់ ៖ បុរសម្នាក់ រស់នៅជាមួយគ្រួសារ មានកូន ប្រពន្ធ ក្នុងជីវភាពសមរម្យ តែបានសម្រេចធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួនឯងក្នុងបន្ទប់ដេក បន្សល់ទុកនៅអាវុធវែងខ្លី០៣ដើម ជាមួយនឹងគ្រាប់សំណ ដោយគេអះអាងថា មានវិបត្តិផ្លូវចិត្ត តែប្រភពពីអ្នកជិតខាងថា បុរសនេះធ្លាប់ប្រើប្រាស់សារធាតុញៀន។
ហេតុការណ៍ ដែលធ្វើឲ្យភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងសមត្ថកិច្ចជំនាញចុះមកពិនិត្យ បានកើតឡើងកាលពីវេលាម៉ោង០៩និង១៥នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងបន្ទប់ផ្ទះដេករបស់ជនរងគ្រោះក្នុងភូមិស្ពានថ្ម សង្កាត់ព្រៃញី ក្រុងនិងខេត្តពោធិ៍សាត់។
លោក យឹម ស៊ាងហៃ អធិការក្រុងពោធិ៍សាត់បានប្រាប់ពីអត្តសញ្ញាណជនរងគ្រោះ ឈ្មោះ ស្រី វិសាល ភេទប្រុស អាយុ៣០ឆ្នាំ មានប្រពន្ធ និងកូន២នាក់ មានមុខរបរលក់អីវ៉ាន់ចាប់ហួយ។
លោកអធិការបន្តថា បើតាមឈ្មោះ សុខ ស្រីដែន ត្រូវជាប្រពន្ធជនរងគ្រោះបានប្រាប់សមត្ថកិច្ច គឺមុនពេលកើតហេតុ ជនរងគ្រោះ បានចូលដំណេកដូចសព្វមួយដង លុះដល់ព្រឹកថ្ងៃកើតហេតុខាងលើ កូនស្រីរបស់ជនរងគ្រោះ បានរុញទ្វារបន្ទប់ដេក ក្នុងគោលបំណងទៅយកសៀវភៅ តែទ្វារបន្ទប់ជាប់សោ និងគន្លឹះខាងក្នុង ក៏ស្រែកហៅម្ដាយឲ្យមកជួយបើកទ្វារ លុះម្ដាយគាស់ទ្វារបន្ទាប់ ហើយបើកបានទ្វារ ក៏ប្រទះឃើញ ប្ដីរបស់ខ្លួនយកខ្សែភ្លើងពណ៌ស ចង.កនឹងចម្រឹងបង្អួចទ្វារបន្ទប់ផ្នែកទិសខាងកើតស្លាប់បាត់ ទើបមានការភ្ញាក់ផ្អើលតែម្ដង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនគរបាលក្រុងនិងខេត្ត ព្រមទាំងគ្រូពេទ្យជំនាញ ជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ ក្នុងបន្ទប់ដេករបស់ជនរងគ្រោះ គឺពិតជាបានធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួនពិតប្រាកដមែន ដោយមូលហេតុ (វិបត្តិផ្លូវចិត្តក្នុងគ្រួសារ) ហើយសមត្ថកិច្ចបានរកឃើញកាំភ្លើងចំនួន០៣ដើម កាំភ្លើងខ្យល់វែង បាញ់គ្រាប់សំណ ចំនួន០២ដើម និងកាំភ្លើងខ្លីជ័រមួយដើម បាញ់គ្រាប់កង់ ដោយសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ ជាអ្នកកសាងសំណុំរឿង បញ្ជូនមករក្សាទុកនៅការិយាល័យនគរបាលបច្ចេកទេស នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការស្រាវជ្រាវបន្ត។
រីឯសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ក្នុងហេតុការណ៍ខាងលើនោះដែរ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងភូមិក្បែរនោះនិយាយថា បុរសនេះមិនត្រឹមតែមានវិបត្តិផ្លូវចិត្តទេ គឺគេធ្លាប់បានប្រើប្រាស់សារធាតុញៀន ហើយជំពាក់លុយមួយចំនួន នៃមុខរបរលក់ចាប់ហួយនេះទៀតផង៕
Source: Kampuchea Thmey Daily
0 Comments