Ad Code

សហរដ្ឋអាមេរិក និង​ជប៉ុន ប្រកាស​គាំទ្រ​សាលក្រម​តុលាការ​ខ្មែរក្រហម ដែល​បាន​ផ្តន្ទាទោស ខៀវ សំផន និង នួន ជា ដាក់គុក​មួយជីវិត



ភ្នំពេញ​ ៖ ក្រសួងការបរទេស​ជ​ប៉ុន និង​ប្រមុខ​ការទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បានប្រកាស​ស្វាគមន៍ និង​គាំទ្រ​សាលក្រម របស់​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ ដែល​បាន​សម្រេច​ផ្តន្ទាទោស​អតីត​មេដឹកនាំ​ខ្មែរ​២​រូប គឺ ខៀវ សំផន និង នួន ជា ដាក់គុក​មួយជីវិត តាមរយៈ​សាលក្រម​កាលពី​ថ្ងៃ​សុក្រ ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​។



តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្ថានទូត​អាមេរិក លោក William បាន​បញ្ជាក់ថា “​សហរដ្ឋអាមេរិក សូម​ស្វាគមន៍ សាលក្រម​នៅ​ថ្ងៃ នេះ ដែល​កំណត់​ឲ្យ​អតីត​មេដឹកនាំ ខ្មែរក្រហម ខៀវ សំផន និង នួន ជា មានទោស​ក្នុង​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ និង​បទ​ប្រល័យពូជសាសន៍​។ ថ្វីត្បិតតែ​ត្រូវ​បាន​ចេញ​យឺត​ក្តី តែ​វា​ជា​ជំហាន​ជា​ប្រវត្តិសាស្ត្រ​សម្រាប់ ប្រទេស​កម្ពុជា​។ សហរដ្ឋអាមេរិក សូម​សាទរ ចំពោះ​ជនរងគ្រោះ និង​អ្នកគាំទ្រ​របស់​គេ ដែល​បាន​ខិតខំ ដោយ​គ្មាន​ស្រាកស្រាន្ត ដើម្បី​ឲ្យ​មាន ការទទួលខុសត្រូវ និង​សូម​សាទរ ចំពោះ​សាក្សី ដែល​មាន​សេចក្តីក្លាហាន ក្នុងការ​ប្រាប់​ពី​ការពិត ដែល​ឈឺចាប់ អំពី​បទ​រំលោភបំពាន គួរ​ឲ្យ​រន្ធត់ ដែល​ពួកគេ​បាន​ទទួលរង​។

លោក​ប្រមុខ​ការទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​បន្ថែមថា “​យើង​សូម​សាទរ​ផង​ដែរ ចំពោះ​អង្គជំនុំជម្រះ​វិសាមញ្ញ ក្នុង​តុលាការ​កម្ពុជា ដែល​បាន​ផ្តល់​ជា​កន្លែង​ផ្តល់​យុត្តិធម៌ សម្រាប់ ជនរងគ្រោះ ដោយសារ​បទឧក្រិដ្ឋ ដ៏​សែន​យង់ឃ្នង​នៃ​របប​ខ្មែរក្រហម​”​។

ចំណែក​សេចក្តី​ថ្លែងការណ៍​របស់​លោក Takeshi Osuga លេខាធិការ​សារព័ត៌​មាន​នៃ​ក្រសួងការបរទេស​ជប៉ុន​បាន​បញ្ជាក់​ដែរ​ថា កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា អង្គជំនុំជម្រះ​សាលាដំបូង​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បានប្រកាស​កាត់ទោស​ជាប់ពន្ធនាគារ​មួយជីវិត​ចំពោះ​អតីត​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​ខ្មែរក្រហម​ពីរ​នាក់​។ ជប៉ុន​ស្វាគមន៍​ការវិនិច្ឆ័យ​នោះ​ថា ជា​សមិទ្ធផល​បន្ថែមទៀត​នៃ​ដំណើរការ​តុលាការ ដែល​បានចាប់ផ្តើម​នៅក្នុង​ឆ្នាំ​២០០៦​។ លោក Takeshi Osuga បន្តថា សវនាការ​កាត់ក្តី​អតីត​មេដឹកនាំ​ខ្មែរក្រហម គឺជា​ជំហាន​ដ៏​សំខាន់​ឆ្ពោះទៅរក​ដំណើរការ​សន្តិភាព​ទាំងមូល​នៅ​កម្ពុជា ហើយនឹង​រួមចំណែក​ក្នុង​ការផ្តល់​យុត្តិធម៌ និង​ពង្រឹង​នីតិរដ្ឋ​នៅក្នុង​ប្រទេស​។ នៅក្នុង​បរិបទ​នេះ​ប្រទេស​ជប៉ុន បាន​ដើរតួនាទី​នាំ​មុខ​គេ​នៅក្នុង​សហគមន៍​អន្តរជាតិ​ក្នុងការ​គាំទ្រ​ដល់​ការជំនុំជម្រះ​។ ប្រទេស​ជប៉ុន​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការសាកល្បង​លើ​ករណី ដែល​នៅសល់ ត្រូវបាន​ធ្វើឡើង​យ៉ាង​ឆាប់រហ័ស ហើយ​បេសកកម្ម​របស់ខ្លួន​ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ​។

សូមបញ្ជាក់ថា តាម​ការគ្រោងទុក កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ អង្គជំនុំជម្រះ​សាលាដំបូង​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) បានប្រកាស​សាលក្រម​លើ​សំណុំរឿង​០០២ វគ្គ​២ ពាក់ព័ន្ធ​នឹង​ជនជាប់ចោទ នួន ជា និង ខៀវ សំផន ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ​១៩៤៩ ហើយ​បើតាម​សាលក្រម​នោះ ចៅក្រម​បានសម្រេច​ផ្តន្ទាទោស​នួន ជា និង ខៀវ សំផន ដាក់​ពន្ធនាគារ​អស់​មួយជីវិត និង​បើកផ្លូវ​ឲ្យ​ជនជាប់ចោទ​ប្តឹង​ជំទាស់​តាម​ទម្រង់​ច្បាប់​ផង​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu