Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន ៖ គ្រប់​សមិទ្ធផល​របស់​ជាតិ​ទាំងអស់​សុទ្ធតែ​មានការ​ចូលរួម​របស់​យុវជន



ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា គ្រប់​សមិទ្ធផល​និង​ភាព​ជោគជ័យ និង​គ្រប់​វិស័យ​ទាំងអស់​នៅក្នុង​សង្គមជាតិ​កម្ពុជា គឺ​សុទ្ធតែ​មានការ​ចូលរួម​របស់​យុវជន​ដែល​ក្នុង​នោះ​មាន​មួយ​ផ្នែក​របស់ ស​.​ស​.​យ​.​ក បាន​ចូលរួម​ដែរ ហើយ​សម្តេច​ក៏បាន​ថ្លែងអំណរគុណ ចំពោះ​គ្រប់​ផ្នែក​ទាំងអស់ នៃ ស​.​ស​.​យ​.​ក ដែល​បាន​ខិតខំ​ប្រឹងប្រែង​នាពេល​កន្លងមក​។



សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​មានប្រសាសន៍​បែបនេះ កាលពី​រសៀល​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ក្នុង​ឱកាស​ដែល​សម្តេច និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​មហាសន្និបាត​តំណាង​ទូទាំង​ប្រទេស​លើក​ទី​៤ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។



សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​បាន​ថ្លែង​ដែរ​ថា ស​.​ស​.​យ​.​ក មិនមែន​ជា​អង្គការ​ដាច់ដោយឡែក​នោះទេ គឺ​បាន​ចូល​រួម​ចំណែក​ក្នុង​កិច្ច​ការងារ​សង្គម​រួបរួមសាមគ្គី​គ្នា​បង្កើត​ឲ្យ​ទៅជា​ចលនា​ជាតិ​មួយ​ដ៏​ខ្លាំង​។ ក្រៅ​ពី​ការ​ចូលរួមចំណែក​គ្រប់​ទិដ្ឋភាព​ទាំងអស់ មិន​ត្រឹមតែ​នៅក្នុង​ក្របខណ្ឌ​ជា​យុវជន​ទេ​, កងទ័ព​, នគរបាល​, អាវុធហត្ថ​ក៏​សុទ្ធ​តែ​មាន​កងកម្លាំង ស​.​ស​.​យ​.​ក​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​បន្ថែម​ថា ក្រៅពីនោះ ស​.​ស​.​យ​.​ក បាន​ធ្វើ​សកម្មភាព​អំពី​ការ​បំបែក​ឯតទគ្គ​កម្ម​នានា​ដែល​បានធ្វើ​កន្លងទៅ ហើយ​សម្រាប់​តែ​ឆ្នាំ ២០១៨ នេះ ក្រមា​ដែល​វែង​ជាងគេ​និង​ទូក ង ដែល​វែង​ជាងគេ​នៅលើ​ពិភពលោក​បានក្លាយ​ទៅជា​ការពិត ដែល​ឆ្លុះបញ្ចាំង​ថា ខ្មែរ​អាច​ធ្វើ​បាន​។



មហាសន្និបាត​តំណាង​ទូទាំង​ប្រទេស​លើក​ទី​៤​ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បានធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។

ការរៀបចំ​មហាសន្និបាត​លើក​ទី​៤​ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ត្រូវ​បាន​ធ្វើឡើង​ចំ​ខួប​៤០ឆ្នាំ ​នៃ​កំណើត​របស់​ខ្លួន​ផង​ដែរ​។ មហាសន្និបាត​នេះ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ សមាជិក សមាជិក​មកពី​ទូទាំង​២៥ រាជធានី​-​ខេត្ត​ចំនួន​ប្រមាណ​១.៣០០​នាក់​។ មហាសន្និបាត​នេះ​ធ្វើឡើង​ដោយ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ការ​បូកសរុប​ការងារ​ឆ្នាំ​២០១២-២០១៨​និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨-២០២៣ ព្រមទាំង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក ជាមួយ​កិច្ចពិភាក្សា និង ការ​អនុម័ត​លើ​ការ​កែប្រែ​លក្ខន្តិកៈ​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ផងដែរ​។



មហាសន្និបាត​នៅ​ថ្ងៃទី​២៦ វិ​ច្ឆិកា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានសម្រេច​បញ្ចូល​សមា​ជិ​ក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​ចំនួន ១៥​រូប​បន្ថែម​ទៀត ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ដឹកនាំ​នៅក្នុង​អង្គការ​ចាត់តាំង​ដែល​មាន​អាយុកាល ៤០​ឆ្នាំ​មកនេះ​។



សម្តេច​តេ​ជោ ហ៊ុន សែន នៅក្នុង​ឱកាស​បិទ​មហា​សន្និបាត​នោះ បាន​អបអរសាទរ​ចំពោះ ស​.​ស​.​យ​.​ក ដែល​បាន​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​គ្រប់​ទីកន្លែង​។ សម្តេច​បាន​បន្តថា គ្រប់​សមិទ្ធផល​និង​ភាពជោគជ័យ និង​គ្រប់​វិស័យ​ទាំងអស់​នៅក្នុង​សង្គមជាតិ​កម្ពុជា គឺ​សុទ្ធតែ​មានការ​ចូលរួម​របស់​យុវជន​ដែល​ក្នុងនោះ​មាន​មួយ​ផ្នែក​របស់ ស​.​ស​.​យ​.​ក បាន​ចូលរួម​។ សម្តេច​តេ​ជោ​បាន​ថ្លែងអំណរគុណ ចំពោះ​គ្រប់ផ្នែក​ទាំងអស់ នៃ ស​.​ស​.​យ​.​ក ដែល​បាន​ខិតខំ​ប្រឹងប្រែង​នាពេល​កន្លងមក​។



​ក្នុង​ឱកាស​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែង​កោតសរសើរ​និង​ដឹងគុណ ចំពោះ​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​រួម​ចំណែក រក្សា​នូវ​អាទិភាព​, រក្សា​នូវ​និរន្តរភាព នៃ​អង្គការ​ចាត់តាំង​មួយ​នេះ ទោះបី​មានការ​ប្រែប្រួល​ឈ្មោះ ទៅតាម​ដំណាក់កាល​ក៏ដោយ​។

​សូម​ជម្រាប​ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជា​រណសិរ្ស​ទូលំទូលាយ​នៃ​យុវជន​កម្ពុជា​ដែល​បាន​បន្ត​បេសកកម្ម​ពី​សមាគមយុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​និង​សមាគមយុវជន​កម្ពុជា​ដែល​បាន​បដិសន្ធិ​នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៧៨ ក្នុង​គោលដៅ​សំខាន់​បំផុត​ដើម្បី​ប្រមូល​ផ្តុំ​យុវជន​គ្រប់ទិសទី ជា​មហា​កម្លាំង​សាមគ្គី ក្នុង​ការ​រួមចំណែក កសាង​ប្រទេស​កម្ពុជា ជាមួយ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​។ មកដល់​បច្ចុប្បន្ន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅតែ​បន្ត​ស្មារតី​សាមគ្គី រួបរួម​កម្លាំង​ធ្វើ​សកម្មភាព​នានា ដើម្បី​ជា​ប្រយោជន៍ សម្រាប់​សង្គម​កម្ពុជា និង​រួមចំណែក ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការកសាង​ធនធានមនុស្ស និង​សង្គម​កម្ពុជា។



នៅក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏បាន​ធ្វើការ​ដាស់តឿន​ដល់​យុវជន​ទាំងអស់​ត្រូវ​បន្ត​រួមចំណែក​ការពារ​នូវ​សន្តិភាព ស្ថិរភាព នយោបាយ កុំ​ឲ្យ​រឿងរ៉ាវ​អតីតកាល​វិលត្រឡប់​មកវិញ រឿង​នេះ​គឺ​ដាច់ខាត​តម្លៃ​ណាក៏ដោយ​ត្រូវធ្វើ​កុំ​ឲ្យ​បដិវត្តន៍​ពណ៌​កើត​នៅ​កម្ពុជា​បានឡើយ។ សម្តេច​បាន​បញ្ជាក់​សាជាថ្មី​ថា កម្លាំងប្រដាប់អាវុធ​និង​រដ្ឋបាល​ស៊ីវិល គឺ​អ​ព្យា​ក្រឹត្យ​តែ​ចំពោះមុខ​គណបក្ស​នយោបាយ​និង​គណបក្ស​នយោបាយ​តែប៉ុណ្ណោះ។ តែ​មិន​អាច​ឲ្យ​អព្យាក្រឹត​រវាង​រដ្ឋាភិបាល​និង​គណបក្ស​នយោបាយ​នោះទេ គេ​បង្កើត​កម្លាំងប្រដាប់អាវុធ និង​រដ្ឋបាល​ស៊ីវិល​ឡើង​ដើម្បី​ការពារ​រដ្ឋ។ ​សូមកុំ​មានការ​ភាន់ច្រឡំ​លើ​ចំណុច​នេះ​ឲ្យ​សោះ​។

សម្តេច​បន្ត​ថា កម្ពុជា​ត្រូវតែ​ស្ថិតនៅ​ជា​ប្រទេស​ដែល​មាន​សន្តិភាព គ្រប់គ្នា​រួមចំណែក​ធ្វើ​កិច្ច​ការងារ​នេះ​ឲ្យ​បាន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu