Ad Code

២០​ឆ្នាំ​កន្លង​ទៅ​នេះ​រាជបណ្ឌិត្យសភាកម្ពុជា​មាន​ការ​វិវឌ្ឍន៍​រីកចម្រើន​គួរ​ឲ្យ​កត់សំគាល់​



ភ្នំពេញ ៖ ​បន្ទាប់ពី​ការ​បង្កើតឡើងវិញ​ក្នុង​ឆ្នាំ​១៩៩៩​រហូតមកដល់​ពេលនេះ​រាជបណ្ឌិត្យសភាកម្ពុជា មាន​អាយុកាល​២០​ឆ្នាំ​ហើយ បើ​ធៀប​នឹង​បណ្តា​ប្រទេស​ផ្សេងៗ​រាជបណ្ឌិត្យសភាកម្ពុជា​មាន​ភាព​ក្មេងខ្ចី​ជាងគេ ប៉ុន្តែ​មានការ​អភិវឌ្ឍន៍​រីកចម្រើន ជា​វិជ្ជមាន​គួរ​ឲ្យ​កត់សំគាល់​។

លោក​បណ្ឌិតសភា​ចា​រ្យ ស៊ន សំណាង អតីត​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​និង​ជា​ស្ថាបនិក​ដំបូង​បាន​មាន​ប្រសាសន៍​កត់​សំគាល់​នៅក្នុង​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ បាន​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៦-២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​។



លោក​បន្ត​ថា សកម្មភាព​ការងារ​របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​របស់​លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច គឺជា​សកម្មភាព​ការងារ​ដែលមាន​លក្ខណៈ​បន្តវេន នឹង​កំពុង​ដើរ​លើ​ផ្លូវ​មួយ​ដែល​ត្រឹមត្រូវ​សម្រាប់​រួមចំណែក​អភិវឌ្ឍ​ស្ថាប័ន និង​ល្អ​សម្រាប់​ជាតិ​។

លោក​បណ្ឌិត សភាចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​ស្វាគមន៍​ចំពោះ​វត្តមាន​អតីត​ថ្នាក់ដឹកនាំ​រាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជា​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ទាំងអស់​ក្នុង​កម្មវិធី​សន្និបាត​។ នៅក្នុង​អង្គសន្និបាត​នេះ​លោក​បណ្ឌិត​សភាចា​រ្យ ប្រធាន បាន​សង្កត់ធ្ងន់​ពី​ដំណាក់​នៃ​កំណែទម្រង់រដ្ឋបាល​ផ្ទៃក្នុង ក៏ដូចជា​សកម្មភាព​ការងារ​នៅ​តាម​វិទ្យាស្ថាន និង​ស្ថាប័ន​ឧបសម្ពន្ធ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ទាំងអស់ ព្រោះថា រាជបណ្ឌិត្យសភាកម្ពុជា ជា​ស្ថាប័ន​ធនាគារ​ខួរក្បាល ដូច្នេះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ដែល​ជា​អ្នកស្រាវជ្រាវ ត្រូវ​បំពេញ​កាតព្វកិច្ច​ខ្លួន ជៀសវាង​ដាច់ខាត ការ​យក​ម៉ោង​ការងារ​រដ្ឋ​ទៅ​ធ្វើ​កិច្ចការ​ផ្សេង ឬ​មក​តែ​ចុះ​វត្តមាន​ហើយ​ត្រឡប់​ទៅវិញ ហើយ​បើក​ប្រាក់ខែ​ដោយ​គ្មាន​លទ្ធផល​ការងារ​។ ក្នុងនាម​ជា​មន្ត្រី​ស្រាវជ្រាវ ត្រូវ​ស្រាវជ្រាវ​រក​ធាតុ​ចូល​ឲ្យ ស្ថាប័ន​សម្រាប់​ដាក់​ជូន​ទៅ​រាជរដ្ឋាភិបាល​។



គួរ​បញ្ជាក់​ថា ឆ្នាំនេះ​ក៏ដូចជា​ឆ្នាំមុនៗ​ដែរ រាជបណ្ឌិត្យសភាកម្ពុជា​តែងតែ​បាន​រៀប​ចំ​កម្មវិធី​បូកសរុប​ការងារ​ប្រចាំឆ្នាំ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​បន្ទាប់​។ នៅ​ឆ្នាំនេះ ជា​ឆ្នាំ​ដែល​ត្រូវការ​កែទម្រង់​ការងារ​ច្រើន​របស់​ស្ថាប័ន​ស្រាវជ្រាវ​ជាតិ​នេះ ហើយក៏​ជា​ឆ្នាំ​ដែល​ប្រធាន​ថ្មី​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​តាំង​ចិត្តនឹង​ជួយ​ជំរុញ​ប្រសិទ្ធភាព​ការងារ​ក្នុង​ស្ថាប័ន​រាជបណ្ឌិត្យសភាកម្ពុជា ឲ្យ​ក្លាយជា​ស្ថាប័ន​ធនាគារ​ខួរក្បាល សិក្សា​ស្រាវជ្រាវ​រក​ធាតុ​ចូល​ជូន​រាជរដ្ឋាភិបាល និង​ប្រទេសជាតិ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu