ភ្នំពេញ ៖ ការជំរុញនេះ បានធ្វើឡើងខណៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ទទួលជួបលោក Amphay KINDAVONG ឯកអគ្គរដ្ឋទូតឡាវថ្មីចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនោះ លោកស្រី ទួត បញ្ញា អនុរដ្ឋលេខាធិការក្រសួងការបរទេសបានលើកឡើងថា ទស្សនកិច្ចនេះផ្ដោតទៅលើការជួបសំដែងការគួរសម និងការត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសឡាវនៅដើមខែក្រោយនេះ។ លោកស្រីបញ្ជាក់ដែរថា នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរចំពោះប្រទេសឡាវ ដែលបានតែងតាំងលោក Amphay KINDAVONG ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសកម្ពុជា ហើយលោកសង្ឃឹមថា បេសកកម្មកាទូតនៅកម្ពុជានេះ នឹងជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែល្អថែមទៀត។
តាមលោកស្រី ទួត បញ្ញា កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងឡាវ មានច្រើនវិស័យ ហើយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជំរុញឲ្យទូតថ្មីរបស់ឡាវចូលរួមសហការជាមួយកម្ពុជា ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានស្រាប់នេះ ហើយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ដែរថា ក្នុងនាមរដ្ឋមន្ត្រីក្រសួងការបរទេសនិងមន្ត្រីទាំងអស់និងចូលរួមកិច្ចសហការពេញទំហឹងជាមួយឯកអគ្គរដ្ឋទូតឡាវថ្មីនេះដើម្បីឲ្យបេសកកម្មការទូតនេះទទួលបានជោគជ័យ។
ជាកិច្ចឆ្លើយតបលោកឯកអគ្គរដ្ឋទូតឡាវ បានថ្លែងអំណរគុណដល់ក្រសួងការបរទេសកម្ពុជា ក៏ដូចជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការ ជាមួយឯកអគ្គរដ្ឋទូតឡាវនាពេលកន្លងមក ហើយលោកនឹងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។
ដោយឡែកចំពោះការត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឡាវនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានស្នើឲ្យភាគីឡាវផ្ដល់កិច្ចសហប្រតិបត្តិការឲ្យបានពេញទំហឹងសម្រាប់ដំណើរទស្សនកិច្ចមួយនេះ ដើម្បីទទួលបានជោគជ័យ ហើយឯកអគ្គរដ្ឋទូតឡាវ ក៏បានអះអាងអំពីការត្រៀមរៀបចំកិច្ចសហការក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នេះផងដែរ៕
Source: Kampuchea Thmey Daily
0 Comments