ភ្នំពេញ ៖ ក្នុងរយៈពេល២ថ្ងៃនេះ អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌមានជ័យបានធ្វើការបដិសេធព័ត៌មានដែលមានជនមិនស្គាល់មុខបានផ្សព្វផ្សាយនិងបង្ហោះរូបថតថាមានជនជាតិប្លន់លុយនៅផ្ទះផ្ញើប្រាក់វីង នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រសាសន៍លោកជា សុខខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកានេះថា ចំពោះព័ត៌មានដែលគេបានផ្សព្វផ្សាយថា មានជនជាតិចិនពីរនាក់បើករថយន្តលុចស៊ីស៣០០ពណ៌ខ្មៅ ធ្វើសកម្មភាពប្លន់លុយផ្ទះវេលុយក្រុមហ៊ុនវីងនៅសង្កាត់ចាក់អង្រែក្រោមនោះ គឺជាព័ត៌មានមិនពិតនោះទេ។
លោកចៅសង្កាត់បានបញ្ជាក់ថា ការភ្ញាក់ផ្អើលនេះ បានលេចឮឡើង កាលពីព្រឹកថ្ងៃទី២៧ខែវិច្ឆិកាម្សិលមិញនេះ ដែលធ្វើឲ្យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះទៅទីតាំងវេលុយសឹងគ្រប់ក្រុមហ៊ុនក្នុងសង្កាត់ចាក់អង្រែក្រោម រហូតដល់ចាក់អង្រែលើ ប៉ុន្តែពុំមានម្ចាស់ផ្ទះវេលុយណាម្នាក់ដឹងនិងជួបហេតុការណ៍នេះឡើយ។
មន្ត្រីកងរាជអាវុធហត្ថខណ្ឌមានជ័យ បានបដិសេធនូវព័ត៌មានប្លន់ខាងលើនេះ។ ព្រោះថា ពុំមានចោរឯណាជិះរថយន្តមកប្លន់ ខណៈពេលដែលតាមដងផ្លូវកំពុងកកស្ទះចរាចរណ៍នោះ។ មន្ត្រីដដែលបានអះអាងថា នេះជាព័ត៌មានប្រឌិតទាំងស្រុង ដែលសមត្ថកិច្ចកំពុងស្វែងរកម្ចាស់សម្លេងដែលផ្សព្វផ្សាយធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលនិងភ័យខ្លាច៕
Source: Kampuchea Thmey Daily
0 Comments