ភ្នំពេញ ៖ ក្រុមចោរបានចូលលួចទូដែកក្នុងបុរីចំការមន ដែលមានសន្តិសុខការពារ យ៉ាងតឹងរ៉ឹង ប្រមូលយកទ្រព្យសម្បត្តិគ្រឿង អលង្ការ និងលុយ ប្រមាណជាជាង៣០ម៉ឺនដុល្លារ គេចខ្លួនបាត់ដោយសុវត្ថិភាព បំផុត។ ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងផ្ទះលេខD២៩ បុរីចំការមន ផ្លូវDបេតុង ក្រុម៦ ភូមិទី១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ម្ចាស់រងគ្រោះឈ្មោះLI TAO ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន សញ្ជាតិខ្មែរ មុខរបរ អ្នកជំនួញ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ សម្ភារៈបាត់បង់ចិញ្ចៀនលោហធាតុពណ៌ស មួយវង់ តម្លៃប្រហែល ១៥០០០ដុល្លារ,កងដៃលោហធាតុពណ៌សដាំត្បូងពេជ្រតម្លៃ ១០០០០ម៉ឺនដុល្លារ, ក្រវិលដាំត្បូងពេជ្រ០១គូរតម្លៃប្រហែល៣ម៉ឺនដុល្លារ,ចិញ្ចៀននិងខ្សែកលោហធាតុពណ៌សមួយចំនួនទៀតប្រហែល ១០០០០ម៉ឺនដុល្លារ, ប័ណ្ណបញ្ញើប្រាក់ធនាគារប្រៃណីយ៍០១សន្លឹកលុយចំនួន៣ម៉ឺនដុល្លារ,កាក់មាសប្រាក់ប្រហែល៥០កាក់ តម្លៃ៣ម៉ឺនដុល្លារជាង,កាបូបស្ពាយម៉ាកLV ពណ៌ខ្មៅ មួយតម្លៃ២០០០ដុល្លារ,ប្លង់ផ្ទះលេខC៦ ០២, វិមានកូលាប០១, ប្លង់ដីនៅសង្កាត់ភ្នំពេញថ្មី០១សន្លឹក, ប្លង់ផ្ទះលេខ៩២៣-SA(C២)នៅសង្កាត់ អូរឡាំពិច, ប្លង់ខុនដូររីវើវ៉ាកោះពេជ្រ០១,ពាក្យស្នើកាន់កាប់ដីធ្លីនៅខេត្តសៀមរាម០១សន្លឹក,នាឡិកាដៃចំនួន០៤គ្រឿងសរុបតម្លៃ១៦ម៉ឺនដុល្លារ,ចិញ្ចៀនពេជ្រ១គ្រាប់តម្លៃ៤ម៉ឺនដុល្លារ។ សម្ភារៈដកហូតស្លាកស្នាមក្រយៅម្រាមដៃ០១កន្លែង។
យោងតាម ឈ្មោះ ដា ធារី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរអ្នកបម្រើ ទីលំនៅផ្ទះលេខ៩២៤ ផ្លូវលំ ភូមិតារាបដូនស ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល ស្នាក់នៅផ្ទះកើតហេតុខាងលើបានឲ្យដឹងថា នៅថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៧និង២០នាទី ម្ចាស់ផ្ទះនិងក្រុមគ្រួសារបានចេញទៅដើរលេងបាត់ ចំណែកនាងខ្ញុំក៏នៅបោសសំអាតផ្ទះរួចរហូតដល់ម៉ោង១២និង២០នាទី នាងខ្ញុំចាក់សោទ្វារផ្ទះនឹងទ្វាររបងគ្រាន់តែខ្ទាស់ពុំមានចាក់សោទេចេញទៅផ្ទះរបស់ខ្ញុំនៅកៀនស្វាយខេត្តកណ្តាលលុះដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលា០៨និង៣០នាទី នាងខ្ញុំក៏ត្រឡប់មកវិញបើកទ្វាររបងចូល ស្រាប់តែឃើញទ្វារផ្ទះគ្រាន់តែបិទផ្អឹបនិងកូនសោឡាននិងសោផ្ទះនៅលើកៅអីខាងក្រៅ នាងខ្ញុំក៏ឡើងទៅលើផ្ទះឃើញទូដែកក្នុងបន្ទប់ម្ចាស់ផ្ទះបាត់ នាងខ្ញុំក៏ទូរស័ព្ទទៅអ្នកបកប្រែម្ចាស់ផ្ទះឲ្យប្រាប់ទៅម្ចាស់ផ្ទះថាមានចោរចូលលួចទូដែក។
ប្រភពពីម្ចាស់ផ្ទះបានឲ្យដឹងថា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៩និង១០នាទីខ្ញុំនិងប្រពន្ធកូននិងឪពុកម្តាយខ្ញុំបានចេញពីផ្ទះទៅដើរលេងនៅខេត្តកោះកុង ទុកឲ្យអ្នកបម្រើឈ្មោះ ដា ធារី នៅមើលផ្ទះលុះដល់ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ខ្ញុំនិងក្រុមគ្រួសារបានជិះយន្តហោះទៅលេងប្រទេសថៃរហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលា១០និង៣០នាទី ឈ្មោះយ៉ាំង ឡឺ ភេទប្រុស ជាអ្នកបកប្រែឲ្យខ្ញុំ បានទូរស័ព្ទមកប្រាប់ខ្ញុំថា មានចោរលួចទូដែកក្នុងផ្ទះ។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments