កណ្តាល ៖ បុរសជាជាងសំណង់ម្នាក់បានបាត់បង់ជីវិតមួយរំពេចភ្នែក ខណៈឃើញផ្ទះទ្រេតរត់ទៅដកកំណល់ក៏រអិលជើងតាងបណ្តាលឲ្យទូផ្ទះទាំងមូលរលំសង្កត់កិនពីលើ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ ៣រោច ខែ កត្តិក ឆ្នាំ ច សំរឹទ្ធស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៥និង០០នាទី ចំណុចភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
នគរបាលប៉ុស្តិ៍រដ្ឋបាលពុកឫស្សីបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ យ៉ុន យួន ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេជាងស្ទូចផ្ទះ មានទីលំនៅភូមិឃុំកើត (ស្លាប់)។
សាក្សីឃើញហេតុការណ៍បាននិយាយថា កាលពីថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ.២០១៨ ជនរងគ្រោះ និងកូនជាងជាច្រើននាក់បានទៅម៉ៅការ ស្ទូចផ្ទះឲ្យឈ្មោះ ស្រេង វ៉ា ភេទប្រុស អាយុ៧០ឆ្នាំ មានទីលំនៅភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី។ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៧និង០០នាទី ជនរងគ្រោះ និងកូនជាងជាច្រើននាក់ បានធ្វើការស្ទូចផ្ទះបន្តទៀត ហើយបានកាត់ជើងសសរផ្ទះចេញរហូតដល់វេលាម៉ោង១៥និង៣០នាទី ផ្ទះនោះ មានសភាពផ្អៀងមួយចំហៀងភ្លាមនោះជនរងគ្រោះបានរត់ទៅមួល ជន្ទល់ដែលធ្វើពីដែកទ្រផ្ទះនោះ តែពេលនោះ ផ្ទះក៏រលំសង្កត់ ជនរងគ្រោះចំចង្កេះ និងឆ្អឹងជំនី បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។
មន្ត្រីនគរបាលជំនាញបានបញ្ជាក់ថា តាមការពិនិត្យសាកសពមានស្នាមរលាត់ និងជាំនៅឆ្អឹងជំនីខាងឆ្វេង ០១ កន្លែង នៅចង្កេះ ០១ កន្លែង (បាក់ឆ្អឹង) ក្រៅពីនេះពុំមានស្លាកស្នាមអ្វីផ្សេងទៀតទេ សពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ការសន្និដ្ឋាន ជនរងគ្រោះពិតជាស្លាប់ដោយសារផ្ទះរលំសង្កត់លើស្លាប់៕
Source: Kampuchea Thmey Daily
0 Comments