Ad Code

អាជ្ញាកណ្ដាល​និង​ក្រុម​ហ៊្វូត​សាល​កម្ពុជា ត្រឡប់​មកដល់​មាតុភូមិ​វិញ​ហើយ​ក្រោយ​ចប់​បេសកកម្ម​នៅ​ឥណ្ឌូណេស៊ី



ក្រុម​ហ៊្វូត​សាល​ជម្រើសជាតិ​កម្ពុជា និង​អាជ្ញាកណ្ដាល​ហ៊្វូត​សាល​ម្នាក់​សុទ្ធតែ​ធ្វើដំណើរ​ត្រឡប់​មកដល់​មាតុភូមិ​វិញ​ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ ក្រោយ​បញ្ចប់​បេសកកម្ម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ហ៊្វូត​សាល​អាស៊ាន AFF Futsal Championship 2018 ដែល​កំពុង​ធ្វើឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី លើ​ទីលាន​GOR UNY ក្នុង​ទីក្រុង Yogyakarta​។



អាជ្ញាកណ្ដាល​កម្ពុជា ដែលមាន​ឈ្មោះ​ទៅ​ចូលរួម​ដឹកនាំ​ការប្រកួត​នេះ​គឺ​លោក សាំង សុ​ភ័​ក្រ ដែលជា​អាជ្ញាកណ្ដាល​បាល់ទាត់​ហ៊្វូត​សាល​កម្រិត​អន្តរជាតិ​របស់​កម្ពុជា​តែ​ម្នាក់​គត់​ដែល​ទទួលស្គាល់​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA)​។ លោក​បាន​ដឹកនាំ​ការប្រកួត​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​ប្រចាំ​ពូ​ល B គឺ​នៅពេល​ក្រុម​ជម្រើសជាតិ​ថៃ យកឈ្នះ​ក្រុម​ប្រ៊ុយណេ ១៧​ទល់​០ កាលពី​ថ្ងៃទី​៦​ខែវិច្ឆិកា កន្លងទៅ​។

ចំណែក​ក្រុម​ជម្រើសជាតិ​ហ៊្វូត​សាល​កម្ពុជា វិញ​បាន​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍​នេះ​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល​ក្រោយ​ប្រកួត​បើកឆាក​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​ប្រកួត​ចាញ់​ក្រុម​ម៉ាឡេស៊ី ១០​ទល់​០ ហើយ​បាន​បន្ត​ចាញ់​ក្រុម​មី​យ៉ាន់​ម៉ា ដោយ​លទ្ធផល​១២​ទល់​២ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ និង​ចុងក្រោយ​បាន​ប្រកួត​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី ១៣​ទល់​០ នៅ​ថ្ងៃ​ពុធ ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ចំពោះ​ពានរង្វាន់ AFF Futsal Championship 2018 ចាប់ផ្ដើម​ប្រកួត​ពី​ថ្ងៃ​ទី​៥ ដល់ ១១ វិច្ឆិកា ឆ្នាំ ២០១៨ នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដែលមាន​ក្រុម​៨​ចូលរួម​ចែកជា​២​ពូ​ល​។



សម្រាប់​ពូ​ល A ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី កក់​កៅអី​ឡើង​ទៅ​លេង​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ ក្រោយ​រកបាន​ពិន្ទុ​ច្រើន​ជាង​គេ ខណៈ​ក្រុម​មី​យ៉ាន់​ម៉ា និង​កម្ពុជា ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូ​ល​។ ចំណែក​ពូ​ល B វិញ​ថៃ និង​វៀតណាម កក់​កៅអី​ឡើង​ទៅ​វគ្គ​បន្ត​ក្រោយ​មាន​៦​ពិន្ទុ​ស្មើគ្នា ខណៈ​ក្រុមទី​ម័​រ​ខាងកើត និង​ប្រ៊ុយណេ មិនទាន់​មាន​ពិន្ទុ​កាន់​ក្នុង​ដៃ​ដូចគ្នា ទោះបីជា​ក្រុម​ទាំង​៤​នៅ​ដល់​ម្នាក់​១​ប្រកួត​ទៀត​ក៏ដោយ​។

កីឡាករ​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កោះហៅ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​លើក​នេះ​មាន​ចំនួន​១៦​នាក់ ដែលមាន​ដូចជា​កីឡាករ សឹង ចាន់​វ៉ាន់​ណូ​, តា​ត់ ផាត់​ឌី​,​ញឹក ថា​លីដា​,​ហូរ អត្រា​,​សេដ្ឋា សច្ចៈ​បុត្រ​, ចន្ថា ចន្ទាកា​,​គន្ធ លន់​ដា​រ៉ូ​ត​, គឹម សុខ​យុទ្ធ​,​រស់ ស៊ី​ចំរើន​,​ហេង សុខលី​,​រស់ រតនៈ​,​ឡាក់ ភីរុណ​,​អ៊ុក សេរី​រតនៈ​,​គីម ហាប់​,​កែវ ជា​តួ​,​ផុន ចាន់​ឧ​ត្ត​ម​។ ក្រុម​នេះ​ដឹកនាំ​ដោយ​លោក ផាន សុផាន់​ណា​រ៉ា ជា​គ្រូបង្វឹក​។

ចំណែក​លទ្ធផល​នៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ AFF Futsal Championship 2018 វិញ​ក្រុម​ម៉ាឡេស៊ី បាន​យកឈ្នះ​ក្រុម​វៀតណាម ដោយ​បាល់​ប៉េ​ណាំង​ទី​៥​ទល់​៤ ក្រោយ​ប្រកួត​ស្មើគ្នា​២​ទល់​២​។ ចំណែក​ក្រុម​ថៃ បាន​យកឈ្នះ​លើ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី ៣​ទល់​២​។ ចំណែក​កម្មវិធី​ប្រកួត​វគ្គ​ចំណាត់ថ្នាក់​លេខ​៣​នឹង​ធ្វើឡើង​នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃអាទិត្យ ទី​១១​ខែវិច្ឆិកា នេះ​ដោយ​ក្រុម​វៀតណាម ប៉ះ​ឥណ្ឌូណេស៊ី ខណៈ​ប្រកួត​ដណ្តើម​ជើងឯក​នឹង​ធ្វើឡើង​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ជាមួយគ្នា​ដោយ​ក្រុម​ម៉ាឡេស៊ី ជួប​ក្រុម​ថៃ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu