ក្រោយសម្រាកអស់មួយរយៈធំបន្ទាប់ពីបញ្ចប់រដូវកាលឆ្នាំ២០១៨ កាលពីពេលថ្មីៗ នៅពេលនេះមានក្រុម២សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) បានណាត់គ្នាប្រកួតមិត្តភាពកម្តៅសាច់ដុំក្រៅផ្លូវការមុនគេ នោះគឺក្រុមភ្នំពេញក្រោន ប៉ះជាមួយក្រុមក្រសួងការពារជាតិនៅចុងសប្ដាហ៍នេះ។
ប្រកួតដែលធ្វើឡើងនៅលើទីលានកីឡដ្ឋាន RSN Stadium នាល្ងាចថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមភ្នំពេញក្រោន បានប្រកួតចាញ់ក្រុមក្រសួងការពារជាតិ ៣ទល់១។ នេះជាបរាជ័យលើកដំបូងរបស់លោក Leonardo Vitorino ដែលទើបកាន់តំណែងជាគ្រូបង្វឹករបស់ក្រុមភ្នំពេញក្រោន ខណៈលោកបានដាក់កីឡាករយុវជនជាច្រើនបង្ហាញខ្លួនលើទីលានលើកនេះ។ មិនតែប៉ុណ្ណោះក្នុងប្រកួតនេះក្រុមទាំង២សុទ្ធតែអវត្តមានកីឡាករសំខាន់ៗមួយចំនួនដែលបានកោះហៅចូលក្រុមជម្រើសជាតិកម្ពុជា ក្នុងយុទ្ធនាការប្រកួតជើងឯកពានអាស៊ាន AFF Suzuki Cup 2018។
ទាំងលោកLeonardo Vitorino គ្រូបង្វឹកក្រុមភ្នំពេញក្រោន និងលោក ភា សុភ័ត្រា គ្រូបង្វឹករបស់ក្រុមក្រសួងការពារជាតិ សុទ្ធតែត្រូវតាមដាននិងត្រួតពិនិត្យសមត្ថភាពកូនក្រុមរបស់ខ្លួននិងសមាជិកថ្មីៗទាំងខ្មែរនិងបរទេស ដែលទើបតែជ្រើសរើសចេញពីក្រុមថ្នាលយុវជន ព្រមទាំងកីឡាករមួយចំនួនដែលកំពុងស្ថិតក្នុងដំណាក់កាលធ្វើតេស្តសាកល្បងមុននឹងសម្រេចបញ្ចូលពួកគេទៅក្នុងក្រុមឈុតធំឬយ៉ាងណានោះ។
ក្រោយចប់ប្រកួតនេះក្រុមក្រសួងការពារជាតិ នឹងតំណាងឲ្យក្រុមពីកម្ពុជា ត្រូវធ្វើដំណើរទៅប្រកួតពានរង្វាន់អន្តរជាតិមួយនៅប្រទេសចិន ជាមួយនឹងក្រុមមកពីប្រទេសថៃ និងវៀតណាម។ យ៉ាងណាក្តីក្រុមរបស់លោក ភា សុភ័ត្រា បានប្រមូលផ្តុំគ្នាអស់រយៈពេលយូរមកហើយ មុនសម្រេចប្រកួតមិត្តភាពនេះ៕
Source: Kampuchea Thmey Daily
0 Comments