កំពង់ស្ពឺ ៖ នាព្រឹកថ្ងៃសៅរ៍ ៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ អាជីវករ អាចារ្យ គណៈកម្មាធិការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តហិររាជនី ហៅវត្តវាំងចាស់ ស្ថិតនៅឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានសទ្ធាជ្រះថ្លាចំពោះព្រះរតនត្រ័យ បានមូលមតិគ្នាជាឯកច្ឆន្ទ ដង្ហែអង្គកឋិនទានទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមាវត្តទាំងពីរខាងលើ ដើម្បីប្រមូលបច្ច័យទៅកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្ត។
បុណ្យកឋិនទានសាមគ្គីនេះ បានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលជាបច្ច័យចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តចំនួន២០លានរៀល លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ បច្ច័យចំនួន ៣០លានរៀល លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បច្ច័យចំនួន៤លានរៀល ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាណិជ្ជករ អាជីវករ ព្រះសង្ឃក្នុងខេត្ត បច្ច័យចំនួន ៥១,៧៣៦,០០០រៀល ព្រមទាំងតំណាងក្រុមហ៊ុនតេលាកម្ពុជា និងសប្បុរសជននានា បានចូលបច្ច័យសរុបប្រមាណចំនួន១៨៧,៧២៦,០០០រៀល ស្មើនឹង៨១,២៣០ដុល្លាអាមេរិក។
ព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្ត បានថ្លែងអំណរគុណដល់ជ្រាលជ្រៅបំផុតដល់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី យុវជន យុវតី និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ អញ្ជើញអនុមោទនាទទួលយកនូវមហាបុញ្ញកុសលតាមកម្លាំងសទ្ធាជ្រះថ្លាបានពីអង្គកឋិនទាននេះ៕
Source: Kampuchea Thmey Daily
0 Comments