Ad Code

សល់​ពេល​១​ថ្ងៃ​ទៀត​នឹង​ផុត​ថ្ងៃ​ទទួល​ពាក្យ​ចុះឈ្មោះ​ក្រុម​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ជើងឯក U13



សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បានប្រកាស​ជូនដំណឹង​ពី​ការ​ត្រៀម​រៀបចំ​ប្រកួត​ពានរង្វាន់​ជើងឯក​យុវជន​ក្រោម​អាយុ​១៣​ឆ្នាំ (U13) ឆ្នាំ​២០១៨ ក្នុង​ពេល​ឆាប់ៗ ខណៈ​គណៈកម្មការ​នឹង​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃ​ច័ន្ទ ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ បន្ទាប់ពី​ចេញ​សេចក្តី​ជូនដំណឹង​តាំងពី​ខែតុលា មកម្ល៉េះ​។

បើ​តាម​លិខិតផ្លូវការ​លេខ​៥៣៧/១៨ ស​.​ប​.​ក​/​ស​.​ជ​.​ណ បាន​បញ្ជាក់​ថា ​ពានរង្វាន់​ជើងឯក​យុវជន​ក្រោម​អាយុ​១៣​ឆ្នាំនេះ​ នឹង​រៀបចំឡើង​នៅ​មជ្ឈមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី ក្នុង​ខេត្តតាកែវ ដោយ​កំណត់​យក​ក្រុម​ចំនួន​៣២​ក្រុម​ចូលរួម​ប្រជែង​យក​ជើងឯក​។ ក្រុម​ដែល​មាន​សិទ្ធិ​ដាក់ពាក្យ​ចូលរួម​នោះ​ គឺជា​ក្រុម​តំណាង​ឲ្យ​ខេត្ត​ទាំង​២៤​ខេត្ត​និង​រាជធានី ឬ​ជា​ក្រុម​ដែល​ស្ថិតក្នុង​គម្រោង​អភិវឌ្ឍន៍​ថ្នាល​និង​យុវជន​របស់​ស​.​ប​.​ក ឬ​ជា​ក្រុម​ដែល​រៀបចំឡើង​ដោយ​សមាគម ស្ថាប័ន អង្គការ​សង្គម​នៅ​ទូទាំង​ប្រទេស និង​ជា​ក្រុម​ដែល​ត្រូវបាន​អ​ញ្ជើញ​ឲ្យចូល​រួម​ប្រកួត​ដោ​យស​.​ប​.​ក​។

​ចំណែក​កាលបរិច្ឆេទ​នៃ​ការ​ទទួល​ពាក្យ​នឹង​បិទ​នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​១២ ខែ​វិ​ច្ឆិ​កា ឆាប់ៗ​នេះ​។ ចំពោះ​កាលបរិច្ឆេទ​នៃ​ការប្រកួត ស​.​ប​.​ក ប្រកាសថា​នឹង​ជូនដំណឹង​នៅពេល​ក្រោយ​។ យ៉ាងណាក្តី​ក្រុម​នីមួយៗ​អាច​ចុះបញ្ជី​កីឡាករ​ដំបូង​ចាប់ពី​១៥​ទៅ​៥០​នាក់ ក្នុងនោះ​ត្រូវមាន​មន្ត្រី​យ៉ាងតិច​ចំនួន​៤​នាក់ និង​យ៉ាងច្រើន​៧​នាក់ បូក​ទាំង​គ្រូ​ទេ​ព្យ​១​នាក់​។ កីឡាករ​ដែល​ចូលរួម​ប្រកួត​ត្រូវមាន​ថ្ងៃកំណើត​ចាប់ពី​ឬ​ក្រោយ​ខែមករា ឆ្នាំ​២០០៦​។

ថ្មីៗ​នេះ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បើក​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្ដាល​និង​អ្នក​វាយតម្លៃ​អាជ្ញា​កណ្ដាល​ជាច្រើនរូប​ដើម្បី​កាត់សេចក្តី​ដឹកនាំ​ក្នុង​ការ​ប្រកួត​នេះ​ផងដែរ​។ ស​.​ប​.​ក តែងតែ​រៀបចំ​កម្មវិធី​ប្រកួត​ពានរង្វាន់ U13 នេះ​រាល់​ឆ្នាំ​ដើម្បី​ជ្រើសរើស​និង​ពិនិត្យមើល​ធនធាន​យុវជន​ថ្នាល់​ក្នុង​ដំណើរ​ស្វែងរក​កីឡាករ​ឆ្នើម​ដើម្បី​ត្រៀម​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ខាងមុខ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu