សៀមរាប ៖ ឪពុកម្តាយរវល់ទៅច្រូតស្រូវទុកកូនៗឲ្យនៅចាំផ្ទះមានការធ្វេសប្រហែសក្មេងប្រុសតូចៗ២នាក់ បាននាំគ្នាទៅមុជទឹកស្រះបណ្តាលឲ្យលង់ទឹកស្លាប់ក្មេងប្រុស២នាក់ បានលង់ទឹកស្រះស្លាប់ យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤និង៤០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចវាលស្រែខាងកើតភូមិតាព្រុំ ចំងាយ១៥០ម៉ែត្រ តាមបណ្ដោយផ្លូវទំនប់ពី ភូមិតាព្រុំទៅភូមិថ្នល់ដាច់ ក្នុងឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាល ស្រុកជីក្រែង បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ១ឈ្មោះពើយ មេត្តា ភេទប្រុស អាយុ២ឆ្នាំស្លាប់ ឪពុកឈ្មោះប៉ក់ពើយ អាយុ២៨ឆ្នាំ ម្ដាយឈ្មោះ កន អុក អាយុ២៤ឆ្នាំ រស់នៅភូមិតាព្រុំ។ ២ឈ្មោះគ្រី ប៉ារ៉ាឌី ភេទប្រុសអាយុ២ឆ្នាំស្លាប់ ឪពុកឈ្មោះស៊ាម គ្រី៣៧ឆ្នាំ ម្ដាយឈ្មោះ សុហ៊ា អាយុ៣៣ឆ្នាំ រស់នៅភូមិតាព្រុំ គ្រួសារទាំង២ ជាបងប្អូនបង្កើតនិងគ្នា។
លោកបានបន្ថែមថា ករណីនេះឪពុកម្ដាយរវល់ទៅច្រូតស្រូវ ដោយទុកកូនឲ្យនៅផ្ទះជាមួយបងប្អូនជីដូនមួយ២នាក់ទៀត។ ទី១ឈ្មោះ កាយចន្ទ្រា ភេទស្រី អាយុ៤ឆ្នាំ។ ទី២ឈ្មោះ ស្រស់ចាន់យ៉ា ភេទស្រី អាយុ៤ឆ្នាំ។ លុះដល់ម៉ោង៥ ឈ្មោះសី នៅភូមិតាព្រុំ មកពីចំការបន្លែបានប្រទះឃើញក្មេងអណ្ដែតទឹកម្នាក់ ក៏ចុះទៅស្រង់ ហើយអ្នកភូមិក៏ផ្អើលទៅមុជទឹករកឃើញម្នាក់ទៀត។ ចំណែក២នាក់ទៀតជាក្មេងស្រីៗពុំបានចុះលេងទឹកទេ។
លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ បញ្ជាក់ថា ស្រះទឹកនោះមានជំរៅ៣ម៉ែត្រ ទទឹង១៥ម៉ែត្របណ្ដោយ២០ម៉ែត្រ) ដែលអេស្កាកាយយកអាចម៍ដីធ្វើផ្លូវកាលពីឆ្នាំមុន៕
Source: Kampuchea Thmey Daily
0 Comments