កំពង់ចាម ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១០និង១៥នាទី ស្ថិតនៅភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយសារមានបុរសម្នាក់ ជាជាងផ្សារដែក បានធ្លាក់ពីដំបូលផ្ទះ ខណៈលើកដែកប៉ះខ្សែភ្លើងឆក់។
ប្រភពព័ត៌មានពីម្ចាស់ផ្ទះកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ឈ្មោះ ធី ចំណាន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម មុខរបរជាងផ្សារដែក បានឡើងផ្សារ ត យ៉ាប ដំបូលផ្ទះផ្នែកខាងមុខឲ្យខ្លួន ឈ្មោះ ឡាយ មានប្រពន្ធឈ្មោះ ហេង ស្ថិតនៅភូមិល្វា ឃុំល្វា ហើយបានលើកដែកឡើងលើប្រវែង៦ម៉ែត្រ ក៏បានប៉ះទៅនឹងខ្សែភ្លើងបណ្តាលឲ្យឆក់ធ្លាក់មកដី ដែលមានកម្ពស់៣.២ម៉ែត្រ បណ្តាលឲ្យរបួសបែកក្បាល០១កន្លែង និងរលាកខ្លោចបាតដៃ ០១កន្លែង តែមិនប៉ះពាល់ដល់អាយុជីវិតឡើយ។
ក្នុងហេតុការណ៍ខាងលើនោះដែរ ម្ចាស់ផ្ទះបានបន្តថា ភ្លាមៗនោះ គាត់ជាម្ចាស់ផ្ទះ និងមេជាង បានដឹកជនរងគ្រោះតាមរថយន្តយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាមផងដែរ៕
Source: Kampuchea Thmey Daily
0 Comments