ភ្នំពេញ ៖ កាលពីថ្ងៃអង្គារ ៦កើត ខែកក្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូចុះពិនិត្យ ស្ថានភាពការដ្ឋានជួសជុលថែទាំផ្លូវជាតិលេខ៤៨ ដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង កន្លងមក ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ផ្លូវនេះមានប្រវែង១៥០គីឡូម៉ែត្រ ចាប់ពីចំណុចផ្លូវបំបែកស្រែអំបិលទៅដល់ទីរួមខេត្តកោះកុង។ ក្នុងចម្ងាយផ្លូវ១៥០គីឡូម៉ែត្រនេះ ផ្លូវប្រវែង៦៣គីឡូម៉ែត្រ ត្រូវទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ និងកត្តាធម្មជាតិផ្សេងៗទៀត។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ៖ កំណាត់ផ្លូវដែលរងការខូចខាតប្រវែង៦៣ គីឡូម៉ែត្រនេះ ត្រូវបានចែកចេញជា៩១កំណាត់ ដើម្បីជួសជុលដោយអង្គភាពធំៗ ចំនួន៣រួមមាននាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់ និងនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ដោយប្រើប្រាស់គ្រឿងចក្រសម្រាប់ជួសជុលប្រមាណ៤០០គ្រឿង និងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ១២លានដុល្លារអាមេរិក សម្រាប់ធានាការជួសជុល និងថែទាំផ្លូវនេះ រហូតដល់ការចាប់ផ្តើមអនុវត្តគម្រោង ស្តា និងធ្វើឲ្យប្រសើរឡើង ក្រោមឥណទានប្រាក់កម្ចីរបស់សាធារណរដ្ឋកូរ៉េ (EDCF)។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ផ្លូវនេះ នឹងត្រូវបានជួសជុលចប់សព្វគ្រប់ទាំងស្រុងនៅពាក់ កណ្ដាលខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីឲ្យប្រជាពលរដ្ឋអាចធ្វើចរាចរណ៍ និងដឹកទំនិញទៅកាន់ទីផ្សារ បានឆាប់រហ័ស និងមានបរិមាណកើនឡើង ជាពិសេសដើម្បីអបអរសាទរពិធីបុណ្យសមុទ្រដែលនឹងត្រូវប្រារព្ធឡើងនៅលើទឹកដីខេត្តកោះកុង នាចុងខែធ្នូខាងមុខនេះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា មានផ្លូវ មានក្តីសង្ឃឹម ផ្លូវល្អនាំមកនូវភ្ញៀវទេសចរ វិនិយោគិន និង ការដឹកជញ្ជូនកើនឡើង ដែលជាកត្តាជំរុញដល់ការបង្កើតការងារជូនប្រជាពលរដ្ឋ និងការរីកចម្រើន សេដ្ឋកិច្ចជាតិ សំដៅកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា។
ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូននានាចូលរួមថែរក្សាក្នុងស្មារតីភាពជាម្ចាស់ការ ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋ និងបានក្រើនរំលឹកដល់ មន្ត្រីតាមស្ថានីយជញ្ជីងទាំងអស់ ត្រូវគោរព និងអនុវត្តតាមច្បាប់ឲ្យបានតឹងរ៉ឹងបំផុត ជៀសវាងការប្រព្រឹត្ត អំពើខុសប្រក្រតីដែលជាហេតុនាំឲ្យបំផ្លាញខ្លួនឯង ដោយហេតុថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរកថវិកាកសាងដោយលំបាក៕
Source: Kampuchea Thmey Daily
0 Comments