ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ចាប់ខ្លួនក្រោយពីបានឆែកឆេររកឃើញថ្នាំញៀនចំនួន១៤កញ្ចប់ កាលពីវេលាម៉ោង១ ថ្ងៃត្រង់មុននេះបន្តិច(ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨) នៅតាមផ្លូវសាធារណៈ ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ហើយប៉ូលិសបានចោទថា ជននេះពាក់ព័ន្ធក្នុងការជួញដូរថ្នាំញៀនទាំងនេះ។
ជនដែលត្រូវបានគេចាប់ខ្លួនខាងលើឈ្មោះ ហេង សុង អាយុ២៥ឆ្នាំ គ្មានមុខរបរពិតប្រាកដនិងមិនប្រាប់ពីទីលំនៅស្រុកកំណើតរបស់គេឡើយ។
ប្រភពព័ត៌មាន ពីក្រុមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខាងកងកម្លាំងសមត្ថកិច្ចបានកំពុងជិះម៉ូតូយាមល្បាតក្នុងមូលដ្ឋានលុះមកដល់ចំណុចផ្លូវណតប្រីដ្ឋ ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ក៏បានប្រទះឃើញបុរសខាងលើកំពុងជិះម៉ូតូឌុបមួយគ្រឿង មកឈប់ចំណុចកើតហេតុ របៀបរង់ចាំអ្វីមួយដោយមានការសង្ស័យសមត្ថកិច្ចបានហៅឲ្យឈប់ត្រួតពិនិត្យតែជនសង្ស័យបានរត់គេច តែរត់មិនរួចពេលនោះគេបានបោះថ្នាំញៀនចោលពីកន្លែងដែលឈរប្រហែលជាង១ម៉ែត្រពីជើង ពេលនោះសមត្ថកិច្ចបានរឹបអូសយកថ្នាំញៀនជាវត្ថុតាងនិងបាននាំខ្លួនជនសង្ស័យមកសួរនាំតែម្តង។
ជនសង្ស័យបានសារភាពថា ថ្នាំញៀននេះពួកខ្លួនបានទិញបន្តមកពីគេដើម្បីយកមកប្រើប្រាស់ផ្ទាល់ខ្លួនផង និង លក់ដូរបន្តរកប្រាក់ចំណេញ ប៉ុន្តែនៅកំពុងឈរនៅតាមផ្លូវបែរជាត្រូវបានប៉ូលិសមកឆែកឆេរចាប់ខ្លួនបាននៅពេលនេះតែម្តង។
ប៉ូលិសកំពុងល្បួងសាកសួរជនសង្ស័យដើម្បីតាមចាប់ប្រភពអ្នកផលិតថ្នាំញៀន ឬ មេខ្លោងធំរបស់គេយកមកផ្តន្ទាទោសតាមច្បាប់ ប៉ុន្តែជននេះនៅព្យាយាមលាក់បាំងដោយមិនសហការជាមួយសមត្ថកិច្ចនៅឡើយសូម្បីតែប្រភពទីតាំងដែលគេបានទិញថ្នាំមកក៏មិនប្រាប់៕
Source: Kampuchea Thmey Daily
0 Comments