កណ្ដាល ៖ លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ បានសម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ក្រោម បទ"ប៉ុនប៉ងរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ" ដែលប្រព្រឹត្តនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០១និង២០នាទី ចំណុចភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល តាមមាត្រា២៧ និងមាត្រា២៤១ នៃក្រមព្រហ្មទណ្ឌ។
មន្ត្រីនគរបាលការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ សេង ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅ ភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាលត្រូវបានឃាត់ខ្លួនភ្លាមៗក្រោយពីបានប៉ុនប៉ងធ្វើសកម្មភាពចាប់រំលោភក្មេងស្រីប្អូនរបស់មិត្តភ័ក្ដិ។
ជនរងគ្រោះឈ្មោះ វ.ស.ណ ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិ-ឃុំកើតហេតុ។
បើតាមនគរបាលស្រុកពញាឮបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានយកសត្វឆ្កែទៅផ្ទះរបស់ជនរងគ្រោះ ដើម្បីធ្វើម្ហូបក្លែមជាមួយបងថ្លៃជនរងគ្រោះ ក្រោយមកក៏បានឡើងទៅលើផ្ទះរបស់ជនរងគ្រោះពួនសំងំនៅកន្លែងជនរងគ្រោះដេកជាមួយប្អូនស្រី ខណៈពេលជនរងគ្រោះ និងប្អូនដេកលក់ ជនសង្ស័យបានធ្វើសកម្មភាពស្ទាបអង្អែលខ្លួនប្រាណ ជនរងគ្រោះ បំណងរំលោភសេពសន្ថវៈ តែប្អូនស្រីជនរងគ្រោះដែលដេកជាមួយភ្ញាក់ឃើញទាន់ បានស្រែកហៅឪពុកម្ដាយឲ្យជួយ ភ្លាមៗនោះឪពុកម្ដាយ និងបងប្អូនជនរងគ្រោះ បានស្ទុះទៅឃាត់ជនសង្ស័យ រួចទូរស័ព្ទប្ដឹងមកកម្លាំងសមត្ថកិច្ច ឲ្យនាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments