កីឡាករវ័យក្មេង ទូច គឹមឆាយ ដែលទើបតែផុតកិច្ចសន្យាជាមួយក្រុមមជ្ឈមណ្ឌលនិងសាលាបាល់ទាត់ជាតិបាទី បានចូលរួមក្នុងក្រុមវិសាខា ដែលជាសមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា កាលពីពេលថ្មីៗ ខណៈរូបគេបានតាំងចិត្តចង់ជួយក្រុមឲ្យបានឈ្នះជើងឯកទាំងក្នុងពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ នៅរដូវកាលខាងមុខ។
កីឡាករវ័យក្មេងរូបនេះ បានប្ដេជ្ញាចិត្តនឹងខិតខំហ្វឹកហាត់ទ្វេដង ដើម្បីបង្កើតកំណត់ត្រាថ្មីជាមួយក្លិបអាជីពលើកដំបូងរបស់ខ្លួន គឺការប៉ងជួយក្លិបវិសាខា លើកពានលីគ និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឲ្យបានក្នុងរដូវកាលថ្មី ឆ្នាំ២០១៩ ខាងមុខ។ កីឡាករមានប្រភពពីខេត្តបាត់ដំបងនេះ បានលើកឡើងថា ដោយសារខ្លួនមើលឃើញក្លិបវិសាខា គឺជាជំរុំដ៏កក់ក្ដៅ ដើម្បីអភិវឌ្ឍន៍អាជីពរបស់ខ្លួន ទើបគេសម្រេចចិត្តមកចូលរួម។ កីឡាកររូបនេះបានបន្តថា «ខ្ញុំមកទីនេះ ព្រោះខ្ញុំឃើញក្លិបវិសាខា មានគោលការណ៍ច្បាស់លាស់ មានការដឹកនាំល្អ និងមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ ទើបធ្វើឲ្យខ្ញុំមានចំណាប់អារម្មណ៍ចង់មកទីនេះ ដើម្បីហ្វឹកហាត់ និងអភិវឌ្ឍន៍សមត្ថភាពបន្ថែម»។
មិនប៉ុណ្ណោះ គឹមឆាយ បានប្ដេជ្ញានឹងប្រើប្រាស់នូវសមត្ថភាពខ្លួនមាន ក៏ដូចជាព្យាយាមហ្វឹកហាត់បន្ថែម ដើម្បីជួយក្លិបអាជីពដំបូងរបស់ខ្លួន ប្រជែងពានសំខាន់ៗ នាឆ្នាំក្រោយទៀតផង។ កីឡាកររូបនេះបានបន្តថា «ក្នុងនាមខ្ញុំជាសមាជិកថ្មី ខ្ញុំប្ដេជ្ញានឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីជួយក្លិបវិសាខា ប្រជែងយកពានលីគកំពូលកម្ពុជា និងពានសម្ដេចតេជោ ហ៊ុន សែន ឲ្យបាននារដូវកាលថ្មី ដើម្បីជាកិត្តិយសរបស់ក្លិប ខ្ញុំផ្ទាល់ និងកិត្តិយសរបស់គ្រួសាររបស់ខ្ញុំ»។
គួរបញ្ជាក់ថា ទូច គឹមឆាយ បានចំណាយពេលជាង ៤ឆ្នាំជាមួយសាលាបាល់ទាត់ជាតិបាទី តែក្រោយប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានប្រកាសរំសាយកីឡាករសាលាបាល់ទាត់ជាតិបាទីចំនួន ១៦នាក់ ក្នុងនោះក៏មាន គឹមឆាយ ម្នាក់ដែរ ដើម្បីផ្ដល់ឱកាសឲ្យពួកគេ ចេញប្រកបអាជីពជាមួយក្លិបនានា ហើយ គឹមឆាយ និងមិត្តរួមក្រុម ៤នាក់ទៀត រួមមាន ផុន តៃនិញ, ឡុង ម៉េងហាវ, ទៀត គឹមហេង និងអ្នកចាំទី គង់ ពីលត់ បានសម្រេចចិត្តផ្ទេរទៅកាន់ក្លិបបាល់ទាត់វិសាខាតែម្តង៕
Source: Kampuchea Thmey Daily
0 Comments