ភ្នំពេញ ៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឆ្មក់ចុះមកឃាត់ខ្លួនជនជាតិវៀតណាម៦នាក់ ដែលមកស្នាក់នៅ និងធ្វើការខុសច្បាប់កាលពីម៉ោង១៤រសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមុខចំណុចភោជនីយដ្ឋាន ចតុមុខ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រតិបត្តិការនោះដែរ ដឹកនាំដោយលោក ស៊ឹម សុវណ្ណារ៉ា នាយរងការិយាល័យ បានសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ត្រីនគរបាលជាច្រើននាក់ទៀត។
ជាលទ្ធផល នៃប្រតិបត្តិការ សមត្ថកិច្ចបានរកឃើញជនជាតិវៀតណាម៦នាក់ ក្នុងនោះស្រី៤នាក់ ដែលប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ហើយសមត្ថកិច្ចបានឃាត់ខ្លួន បញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវិធី។
មន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលចូលរួមក្នុងប្រតិបត្តិការបានឲ្យដឹងថា ជាទូទៅពេលឃាត់ខ្លួនហើយជនបរទេសអន្តោប្រវេសន៍ទាំងអស់ នឹងបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារពាក់ព័ន្ធការចូលមកធ្វើការងារជាកម្មករនៅក្នុងប្រទេសកម្ពុជា។
ប្រភពព័ត៌មានដដែលបានបន្តថា ប្រសិនបើគ្មានលិខិតស្នាមស្របទៅតាមច្បាប់អន្តោប្រវេសន៍របស់កម្ពុជាទេនោះ នឹងត្រូវប្រឈមមុខបណ្ដេញទៅប្រទេសដើមវិញ។
តែមុននឹងបណ្ដេញចេញ សមត្ថកិច្ចកម្ពុជាបានទំនាក់ទំនងទៅមន្ត្រីស្ថានទូតរបស់ប្រទេសនីមួយៗឲ្យមកពិនិត្យ និងបំពេញឯកសារទទួលយកជនជាតិរបស់ខ្លួនត្រឡប់ទៅវិញ។ ប្រសិនបើ មន្ត្រីស្ថានទូត មិនទទួលស្គាល់ជនបរទេសអន្តោប្រវេសន៍ទាំងនោះ ក៏ត្រូវបណ្ដេញចេញទៅប្រទេសដើមវិញដែរ។
យោងតាមមាត្រា២៩ ស្ដីពីអន្តោប្រវេសន៍បានចែងថា ជនបរទេសណា ដែលគ្មានការអនុញ្ញាត ហើយចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលបលួច លាក់ បន្លំ ឬ ដោយល្បិចផ្សេងទៀត ដែលផ្ទុយពីបទបញ្ញត្តិ នៃច្បាប់នេះ ត្រូវផ្ដន្ទាទោសដាក់គុកពី ៣ខែ ដល់ ៦ខែ មុននឹងបណ្ដេញចេញត្រូវផ្ដន្ទាទោសដូចគ្នា និងជនល្មើស ចំពោះជនណាដែលផ្តល់ជំនួយ ឬជួយលាក់បាំងក្នុងការបញ្ចូល ជនបរទេស ដែលគ្មានការអនុញ្ញាតមកក្នុងព្រះរាជាណាចក្រកម្ពុជា មន្ត្រី ឬ ភ្នាក់ងាររាជការ មានសមត្ថកិច្ចរូបណា ដែលជាអ្នកសមគំនិត ឬជួយសម្រួលក្នុងការប្រព្រឹត្តបទល្មើសខាងលើ ត្រូវផ្ដន្ទាទោស ដាក់គុកពី ១ខែ ដល់១ឆ្នាំ ហើយមន្ត្រីរាជការមានសមត្ថកិច្ចរូបណា ដែលធ្វើប្រហែស ខ្វះការប្រុងប្រយ័ត្ន ឬមិនគោរពបទបញ្ជា ត្រូវទទួលការផ្ដន្ទាទោស ផ្នែករដ្ឋបាល មធ្យោបាយ សម្ភារៈប្រើប្រាស់ សម្រាប់ប្រព្រឹត្តបទល្មើសត្រូវរឹបអូសទុកជាសម្បត្តិរដ្ឋ៕
Source: Kampuchea Thmey Daily
0 Comments