ព្រះសីហនុ ៖ ជនជាតិ រ៉ូមានៀម្នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងលំហសមុទ្រ ខណៈពេលជួបគ្រោះថ្នាក់ចរាចរណ៍ ទូកដឹកភ្ញៀវទេសចរចំនួន២គ្រឿង បើកបុកគ្នា។ ដោយឡែកសម្រាប់ភ្ញៀវទេសចរចំនួនប្រមាណ១៦នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ ទាន់ពេលវេលា រួចផុតពីសេចក្ដីស្លាប់។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១៨និង៣០នាទីព្រលប់ ថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុចមុខបឹងកាឡូ ទ្រីហាវ ស្ថិតនៅភូមិកោះតូច សង្កាត់កោះរុងសន្លឹម ក្រុងព្រះសីហនុ។
ពាក់ព័ន្ធករណីខាងលើនេះ សមត្ថកិច្ចប៉ូលិសបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានទូកទេសចរមួយគ្រឿង ពណ៌ខៀវ បើកបរដោយឈ្មោះ គង់ គី ភេទប្រុស អាយុ៤៧ឆ្នាំ រួមដំណើរដោយជនបរទេសម្នាក់ បានចេញដំណើរពីឆ្នេរឡុងសិត ឆ្ពោះទៅផែបូរ៉ា មក លុះបើកបរមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយទូកកន្ទុយវែងដែលដឹកអ្នកទេសចរមួយគ្រឿងទៀត បើកបរដោយឈ្មោះ ម៉ម វី ដឹកភ្ញៀវទេសចរបរទេសចំនួន១៦នាក់ បណ្តាលឲ្យទូកដឹកអ្នកទេសចរនោះលិចក្នុងសមុទ្រ ធ្វើឲ្យជនបរទេសម្នាក់បានស្លាប់ ចំណែកមនុស្សផ្សេងទៀតក្នុងទូកត្រូវបានជួយស្រង់ឡើងលើទូកធំទាន់ពេលវេលា។
ចំពោះមូលហេតុដែលបង្កឲ្យបុកគ្នានេះ គឺដោយសារទូកទេសចរណ៍ពណ៌ខៀវ បើកបរដោយឈ្មោះ គង់ គី បើកល្បឿនលឿនពេក លុះជួបហេតុការណ៍នៅពីមុខ កាច់ចង្កូត គេចមិនទាន់ ក៏បុកគ្នាដូចនេះទៅ។ ជនរងគ្រោះដែលស្លាប់ ឈ្មោះ PE ROU BOGAN-MIHAIL ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ២៣.០៧.១៩៨៣ ជនជាតិរ៉ូមានៀ។
ក្រោយកើតហេតុ សមត្ថកិច្ច បានបញ្ជូនសាកសពជនរងគ្រោះយកមករក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក សម្រាប់ទូកទេសចរណ៍ចំនួន២គ្រឿងខាងលើ ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុក ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments