Ad Code

អាង​ខ្លួន​ជា​ប៉ូលិស ​ខឹង​ឡាន​បើក​កៀរ​ម៉ូតូ​បន្តិច ​ក៏​សម្ដែងឫទ្ធិ ​ចុះ​មក​ទះកំផ្លៀង​គេ​២​ដៃ និង​រក​វាយ​បន្ថែម​ទៀត



ភ្នំពេញ​​ ៖ ​ប៉ូលិស​អន្តរាគមន៍​ក្រុង​ម្នាក់​ ជិះ​ម៉ូតូ​ជាមួយ​ប្រពន្ធ​ ធ្វើដំណើរ​ចុះ​ពីលើ​ស្ពាន​ជ្រោយចង្វា ​បាន​ទៅ​ប៉ះ​ជាមួយនឹង​រថយន្ត មួយ​គ្រឿង ម៉ាក ហាយ​លែ​ន​ឌ័​រ រួច​បាន​ចុះ​ពីលើ​ម៉ូតូ​ទៅ​ទះកំផ្លៀង​ម្ចាស់​រថយន្ត​ចំនួន​២​ដៃ ​និង​រក​វាយ​ខ្នោះ​ថែមទៀត​ ដែល​ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង​ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ​ចំណុច​រង្វង់​មូល​កួច​កាណុង ជិត​គោលដៅ​ចរាចរណ៍ ស្ថិត​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅមុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហាយ​លែ​ន​ឌ័​រ ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពង់ចាម 2A-5458 ធ្វើដំណើរ​ក្នុង​ទិសដៅ​ស្របគ្នា​ជា​មួយ​ម៉ូតូ​ជន​បង្ក ​ដោយ​មិន​ចាំ​ម៉ាក ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ​ខណៈ​ពេល​ធ្វើ​ដំណើរ​មកដល់​ចំណុច​កើតហេតុ​ រថយន្ត​ និង​ម៉ូតូ​ ក៏បាន​ប៉ះ​គ្នា​បន្តិច ​រួចមក​ក៏បាន​ឈ្លោះ​ទាស់ទែង​សំដី​គ្នា​យ៉ាង​ខ្លាំង ​ធ្វើ​ឲ្យ​ភាគី​ជា​ម្ចាស់​ម៉ូតូ​បាន​ដើរមក​ទះ​ទៅលើ​ម្ចាស់​រថយន្ត​ចំនួន​ពីរ​កំផ្លៀង​ ថែមទាំង​រក​វាយ​ខ្នោះ និង​បោក​ទូរស័ព្ទ​ជនរងគ្រោះ​ឲ្យ​ខូចខាត​ទៀត​ផង។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ដែល​ឈរ​ប្រចាំការ​នៅ​គោលដៅ​ចរាចរណ៍​ខាងលើ​ បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​ស្រះចក ដើម្បី​ចុះ​មក​យក​ជន​បង្ក​ និង​ជន​រង​គ្រោះ​យកទៅ​ប៉ុស្តិ៍ ធ្វើការ​សួរនាំ​រក​ដំណោះស្រាយ។

​បន្ទាប់ពី​សមត្ថកិច្ច​បា​ន​សួរនាំ និង​សម្របសម្រួល​រួចមក ​ភាគី​ទាំងសងខាង​ព្រម​បញ្ចប់​រឿង ដោយ​សារ​ភាគី​ជន​បង្ក​ព្រម​សង​ថ្លៃ​ខូចខាត​ចំនួន​២៥០​ដុល្លារ ទៅ​ឲ្យ​ជនរងគ្រោះ និង​ព្រម​សំពះ​សុំទោស​ជន​រង​គ្រោះ ដើម្បី​បញ្ចប់​រឿង​៕​




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu