ភ្នំពេញ ៖ បុរសជាគ្រូបង្រៀនម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួនតាមបណ្តឹងរបស់ជនរងគ្រោះម្នាក់ចោទពីបទរំលោភទំនុកចិត្ត ឆបោកយកម៉ូតូគេទៅលក់យកលុយលេងល្បែង និងចាប់ខ្លួននៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនជាប់ចោទខាងលើឈ្មោះ នូ អិតភារម្យ អាយុ៣៦ឆ្នាំ មុខរបរគ្រូបង្រៀន ស្នាក់នៅក្នុងវិទ្យាល័យ សុខ អាន ទីកន្លែងធ្វើការរបស់គាត់ ទីតាំងនៅភូមិព្រៃសណ្តែក ស្រុកទ្រាំង ខេត្តតាកែវ។
លោក ផាត បញ្ញា អាយុ៣០ឆ្នាំ មុខរបរជាគ្រូបង្រៀន មានទីលំនៅ ភូមិកោះដាច់ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានអះអាងថា លោកជាជនរងគ្រោះក្នុងករណីនេះ។
តាមបណ្តឹងរបស់លោកបានបញ្ជាក់ថា កន្លងមកលោកនិងឈ្មោះ នូ អិតភារម្យ រាប់អានគ្នា ជាមិត្តភក្តិ ព្រោះគ្រូបង្រៀនដូចគ្នា។ ក្រោយមកនៅយប់ថ្ងៃទី២៣ ដែលជាថ្ងៃបុណ្យអុំទូកចុងបញ្ចប់ ក៏បានជួបគ្នាដើរលេងរហូតយប់ជ្រៅក៏មកដេកនៅផ្ទះសំណាក់សម្បត្តិមាស នៅភូមិត្រពាំងឈូកម្តុំមុខពេទ្យលោកសង្ឃ សង្កាត់ទឹកថ្លា។
លោកបន្តថា លុះពេលព្រឹកស្អែកឡើងថ្ងៃទី២៤ ម៉ោង៦ព្រឹក ជនឈ្មោះ នូ អិតភារម្យ ក៏បានសុំខ្ចីម៉ូតូគាត់ ដោយប្រាប់ថា សុំខ្ចីម៉ូតូជិះទៅផ្លាស់ប្តូរសំលៀកបំពាក់នៅផ្ទះមួយភ្លែត គាត់ក៏បានប្រគល់សោម៉ូតូឲ្យ(ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ1FK-7325) ប៉ុន្តែទៅបាត់រហូតទូរស័ព្ទក៏មិនអាចទាក់ទងបានទៀត។
ដោយសារខឹងរឿងឆបោកយកម៉ូតូគាត់ក៏បានដាក់ពាក្យប្តឹងសមត្ថកិច្ចទុក រួចព្យាយាមដើររករហូតដល់ម៉ោង១១ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក៏បានប្រទះឃើញជនខាងលើនៅម្តុំ សាលាគរុកោសល្យមតេយ្យ នៅសង្កាត់ចតុមុខ។ ដោយមិនឃើញម៉ូតូក៏បាននាំខ្លួនជននេះមកឲ្យប៉ូលិសប៉ុស្តិ៍ទឹកថ្លា ចាត់ការតាមច្បាប់តែម្តង។
ជនជាប់ចោទឈ្មោះ នូ អិតភារម្យ បានសារភាពថា ម៉ូតូដែលគាត់បានឆបោកសុំខ្ចីជិះនោះ គាត់បានយកទៅដាក់បញ្ចាំនៅកុងស៊ីមួយក្នុងកាស៊ីណូណាហ្គាវើល បានលុយចំនួន៦៧០ដុល្លារ នៅថ្ងៃទី២៤ រួចបានយកលុយមកលេងល្បែងនៅទីនោះចាញ់អស់ គ្មានលុយទៅលស់យកម៉ូតូមកឲ្យមិត្តភក្តិវិញក៏គេចខ្លួនបាន២ថ្ងៃលុះថ្ងៃទី២៦ ត្រូវបានម្ចាស់ម៉ូតូតាមរកឃើញក៏ចាប់ខ្លួនប្រគល់ឲ្យប៉ូលិស៕
Source: Kampuchea Thmey Daily
0 Comments