ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា គណបក្សណាដែលឈ្នះឆ្នោត មានសិទ្ធិពេញទីក្នុងការតែងតាំងដំឡើងឋានៈ និងតួនាទីនាទីមន្ត្រីរបស់ខ្លួន រួមទាំងយុវជនផងដែរ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលើកឡើងបែបនេះ កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា និងបន្ទាប់ពីវិទ្យុអាស៊ីសេរី ដែលជាវិទ្យុបំរើឲ្យបរទេស បានផ្សាយថា សព្វថ្ងៃនេះ មន្ត្រីកំពូលៗនៃគណបក្សកាន់អំណាច បានដាក់បញ្ចូលកូនៗរបស់ពួកគេទៅក្នុងប្រធាន និងអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចាប់តាំងពីនៅខេត្ត- រាជធានី រហូតដល់ស្រុក-ខណ្ឌ បន្ទាប់មកកូនចៅរបស់ពួកគេ ត្រូវបានតែងតាំងឲ្យកាន់ការងារសំខាន់ៗ ក្នុងជួររាជរដ្ឋាភិបាល និងស្ថាប័នរដ្ឋជាបន្តបន្ទាប់។
លោក សុខ ឥសាន លើកឡើងថា ការប្រកួតប្រជែងតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ រួមមាន ទី១- ជាការប្រកួតប្រជែងរវាងគណបក្ស និងគណបក្ស ទី២-គណបក្សនីមួយៗ ខិតខំកសាងគុណសម្បត្តិ និងស្នាដៃរបស់ខ្លួន ស្របតាមច្បាប់ និងលទ្ធភាពរបស់ខ្លួនមានរួមមានកម្មវិធីនយោបាយ ធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងសកម្មភាពនយោបាយ និង៣- នៅពេលណាគណបក្សណាឈ្នះឆ្នោត គណបក្សនយោបាយនោះ មានសិទ្ធិពេញទីក្នុងការតែងតាំងដំឡើងឋានៈ នាទីមន្ត្រីរបស់ខ្លួន រួមទាំងពីក្នុងជួរយុវជនផងនៅតាមស្ថាប័ន ក្រសួង អង្គភាពរដ្ឋ ដោយគ្មានជនណា ឬគណបក្សចាញ់ឆ្នោតណាមកទាមទារ ឬជំទាស់បានជាដាច់ខាត ហើយក៏មិនអាចចោទប្រកាន់ថា ជាការតែងតាំងបក្សពួកនិយមបានដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វិទ្យុអាស៊ីសេរី បានផ្សាយព័ត៌មានមួយ ដោយស្រង់សម្តីអ្នកវិភាគជាប់គុកមួយរូប គឺលោក គឹម សុខ មកបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលមានលោក ហ៊ុន ម៉ានី ជាប្រធាន គឺមិនបានធ្វើការដោយឯករាជ្យ ហើយមិនបានប្រមូលផ្តុំយុវជនគ្រប់ទិសទី ដើម្បីចូលរួមកសាងប្រជាធិបតេយ្យ និងចូលរួមអភិវឌ្ឍសង្គមកម្ពុជាពិតប្រាកដឡើយ។
ជាមួយគ្នានោះ លោក គឹម សុខ យល់ថា សហភាពសហព័ន្ធមួយនេះ ទំនងជាខុសច្បាប់ទៀតផង ហើយថា សព្វថ្ងៃនេះ មន្ត្រីកំពូលៗ នៃគណបក្សកាន់អំណាច បានដាក់បញ្ចូលកូនៗរបស់ពួកគេទៅក្នុងប្រធាន និងអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចាប់តាំងពីនៅថ្នាក់ខេត្ត រាជធានី រហូតដល់ស្រុក-ខណ្ឌ៕
Source: Kampuchea Thmey Daily
0 Comments