សៀមរាប ៖ នគរបាលជាន់ខ្ពស់នៃខេត្តសៀមរាបបានឲ្យដឹងថា បុរសជនជាតិឥណ្ឌាម្នាក់ត្រូវបានឃាត់ខ្លួនម្តងទៀត ខណៈលួចចូលមកស្នាក់នៅក្នុងខេត្តសៀមរាបដោយគ្មានលិខិតស្នាមត្រឹមត្រូវ។
ការឃាត់ខ្លួននេះធ្វើឡើងនៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចវត្តព្រះព្រហ្មរ័ត្នស្ថិតនៅក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរងទទួលផែនអន្តោប្រវេស នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី២៧នេះថា ដោយមានការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងនគរបាលខេត្តបានចុះទៅអញ្ជើញបុរសជនបរទេសម្នាក់មកសាកសួរនៅការិយាល័យជំនាញពាក់ព័ន្ធនឹងករណីលួចស្នាក់នៅខុសច្បាប់។
លោកបន្តថា ជនបរទេសរូបនេះឈ្មោះ SUBHAJIT CHANDRABISANZ ភេទប្រុស កើតឆ្នាំ ១៩៨៤ ជនជាតិឥណ្ឌា គ្មានលិខិតឆ្លងដែន ពុំមានការងារធ្វើច្បាស់លាស់ ស្នាក់នៅតាមវត្តអារ៉ាមនានានៃក្រុងសៀមរាប។
លោកបន្ថែមថា ជនបរទេសរូបនេះបានលួចឆ្លងដែនចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមច្រករបៀង(ក្បែរច្រកប៉ោយប៉ែត) រួចបន្តដំណើរមកកាន់ខេត្តសៀមរាប។
លោកបន្ថែមទៀតថា នៅអំឡុងខែសីហា ឆ្នាំ ២០១៧ សមត្ថកិច្ចបានឃាត់ខ្លួន និងបណ្តេញជនបរទេសរូបនេះចេញពីព្រះរាជាណាចក្រកម្ពុជាម្តងរួចហើយ ពាក់ព័ន្ធនឹងករណីលួចស្នាក់នៅខុសច្បាប់ គឺគ្មានលិខិតឆ្លងដែន។
បច្ចុប្បន្នជនជាតិឥណ្ឌា រូបនេះត្រូវបានកម្លាំងនគរបាលជំនាញបញ្ជូនទៅមណ្ឌលត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាប ដើម្បីចាត់ការតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments