Ad Code

ក្រសួង​ធនធានទឹក បញ្ចេញ​ម៉ាស៊ីនបូមទឹក​ចល័ត​ចំនួន ១២ គ្រឿង ដាក់​នៅ តាម មេស្ទឹងជីនិត​ខាងត្បូង ដើម្បី សង្គ្រោះ ស្រូវ កសិករ​ដែល​កំពុង ខ្វះខាត



ភ្នំពេញ ​៖ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បាន​បញ្ចេញ​ម៉ាស៊ីនបូមទឹក​ចល័ត​ចំនួន ១២ គ្រឿង និង​ប្រេងឥន្ធនៈ​មួយចំនួន ដើម្បី​ដាក់​នៅ​លើ​ទីតាំង​ចំនួន ០៥ កន្លែង នៅតាម​បណ្តោយ​ប្រឡាយ​មេ​ស្ទឹង​ជី​និ​ត​ខាងត្បូង ដែល​មាន​ចម្ងាយ​ប្រវែង ១៧ គីឡូ ម៉ែត្រ ពី​ប្រភពទឹក ដល់ទី​តាំង​ស្រូវ​ដែល​ត្រូវការ​ទឹក ។



ក្រសួង​បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​សៅរ៍ ២ រោច និង​ថ្ងៃអាទិត្យ ៣ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៤ និង​ទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួង​ធនធាន​ទឺ​ក និង​ឧតុនិយម អមដំណើរ​ដោយ មន្ត្រី​បច្ចេកទេស​របស់​ក្រសួង និង​មានការ​ចូលរួម​ពី​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ធំ បាន និង​កំពុង​បន្ត​ចុះ​ត្រួតពិនិត្យ​ដំណាំ​ស្រូវ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ខ្វះ​ទឹក​នៅក្នុង​ស្រុក​បារាយណ៍ និង​ស្រុក​កំពង់ស្វាយ នៃ​ខេត្តកំពង់ធំ។ ដោយ​ទឹកជំនន់​ក្នុងឆ្នាំនេះ មាន​សភាព​ធំ​ជាង​ឆ្នាំមុនៗ ហើយ​ល្បឿន​ទឹក​ស្រក លឿន​ជាង​ឆ្នាំ​កន្លង​មក បង្ក​ឲ្យ​មានការ​ប៉ះពាល់​ដល់​ការងារ​បង្កបង្កើនផល​ស្រូវ​ចុងរដូវ​វស្សា និង​ស្រូវប្រាំង​ប្រដេញទឹក​ក្នុងឆ្នាំនេះ​។



តាម​ការ​ចុះពិនិត្យ​ជាក់ស្តែង ផ្ទៃដី​ស្រូវ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ការខ្វះខាត​ទឹក មាន​ចំនួន ៣.០២៥ ហិកតា ស្ថិតក្នុង​ភូមិ​ចំនួន ១៣ និង​ឃុំ​ចំនួន ៣ របស់​ស្រុក​បារាយណ៍ ដែលមាន​ផ្ទៃដី​ប៉ះពាល់​ចំនួន ១.៩២៥ ហិកតា និង​ស្ថិត​ក្នុងភូមិ ចំនួន ៥ និង​ឃុំ ចំនួន ១ នៃ​ស្រុក​កំពង់ស្វាយ ដែលមាន​ផ្ទៃដី​ប៉ះពាល់​ចំនួន ១.១០០ ហិកតា​។



បច្ចុប្បន្ន​នេះ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ធំ ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ និង​សហគមន៍​កសិករ​នៅ​តាម​មូលដ្ឋាន បាននឹងកំពុង​ធ្វើការ​បូមទឹក​សង្គ្រោះ​ស្រូវ​នៅ​តាម​ទីតាំង​ដែល​កំពុង​ខ្វះខាត​ទឹក​ខាងលើ។



ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹងថា មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បាន​បញ្ចេញ​ម៉ាស៊ីនបូមទឹក​ចល័ត​ចំនួន ១២ គ្រឿង និង​ប្រេង​ឥន្ធនៈ​មួយចំនួន ដើម្បី​ដាក់​នៅ​លើ​ទីតាំង​ចំនួន ០៥ កន្លែង នៅតាម​បណ្តោយ​ប្រឡាយ​មេ​ស្ទឹង​ជី​និ​ត​ខាងត្បូង ដែលមាន​ចម្ងាយ​ប្រវែង ១៧ គម ពី​ប្រភពទឹក ដល់ទី​តាំង​ស្រូវ​ដែល​ត្រូវការ​ទឹក។ មកទល់ពេលនេះ ការងារ​អន្តរាគមន៍​សង្គ្រោះ​ស្រូវ​លើ​ផ្ទៃដី​ចំនួន ៣៥០ ហិកតា ស្ថិត​ក្នុង​ឃុំ​ទ្រាល និង​ផ្ទៃដី​ចំនួន ៤៧៥ ហិកតា ស្ថិតក្នុង​ឃុំ​ស្រឡៅ ព្រមទាំង​ផ្ទៃដី​ចំនួន ៦៥០ ហិកតា លើ​ផ្ទៃដី​សរុប​ចំនួន ១.១០០ ហិកតា ស្ថិតក្នុង​ឃុំ​ពង្រ នៃ​ស្រុក​បារាយណ៍ ត្រូវ​បាន​សង្គ្រោះ ហើយ​ការងារ​អន្តរាគមន៍​កំពុង​បន្ត​លើ​ផ្ទៃដី​ដាំ​ដុះ​ដែល​នៅសល់​។

ដោយឡែក ផ្ទៃដី​ស្រូវ​ចំនួន ១.១០០ ហិកតា ដែល​ប៉ះពាល់​ដោយសារ​ការខ្វះខាត​ទឹក​នៅ​ក្នុងស្រុក​កំពង់ស្វាយ ត្រូវបាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ធំ សង្គ្រោះបាន​ប្រមាណ ៩០%​។



ក្រសួង បន្ត​ថា បើ​ទោះបី​ជា​អាជ្ញាធរខេត្ត ស្រុក និង​ឃុំ បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​ការ​ព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ស្តីពី បរិមាណ​ទឹកភ្លៀង​នៅ​ដើមឆ្នាំ ២០១៩ មាន ការ​ធ្លាក់ចុះ ដោយ​ពុំមាន​ភ្លៀង​កក់ខែ​ក៏ដោយ ក៏​កសិករ​នៅតែ​បន្តសកម្មភាព​ដាំ​ដុះ​ស្រូវ ដោយ​មិនបាន​បារម្ភ​ពី​ការ​ខ្វះខាត​ទឹក​ដែល​នាំ​ធ្វើ​ឲ្យ​ខូចខាត​ដល់​ដំណាំ​ស្រូវ​ឡើយ​។

ជា​មួយ​គ្នា​នេះ លោក ប៊ុន ហ៊ាន បាន​ណែនាំ​ដល់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ឲ្យ​បន្ត​យកចិត្តទុកដាក់ តាមដាន​ស្ថានភាព​ទឹក ព្រមទាំង​ត្រៀម​ម៉ាស៊ីនបូមទឹក និង​សំភារៈ​ផ្សេងៗ សម្រាប់​ជួយសង្គ្រោះ​ស្រូវ​ចុងរដូវ​វស្សា និង​ស្រូវប្រាំង​ប្រដេញទឹក ព្រមទាំង​ជូនដំណឹង​ដល់​ប្រជាកសិករ​អំពី​បញ្ហា​ដែល​ពុំមាន​ភ្លៀង​កក់ខែ​នៅក្នុង​រដូវប្រាំង​ខាងមុខនេះ ដែល​ខុសប្លែក​ពី​ឆ្នាំមុនៗ​កន្លងមក៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu