ភ្នំពេញ ៖ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយអះអាងថា រាជរដ្ឋាភិបាលនៅតែបន្តលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ ដែលបាននឹងកំពុងរកស៊ី ក៏ដូចជាទស្សនាកម្សាន្តនៅកម្ពុជា ដូច្នេះនៅក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជា ចាំបាច់ ដើម្បីទប់ស្កាត់សកម្មភាពទាំងឡាយណា ដែលអាចបណ្ដាលឲ្យកើតមានឡើង ជាសង្គ្រាមចិត្តសាស្ត្រ និងការរើសអើងពូជសាសន៍ ដែលអាចធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាព និងវិបុលភាពរបស់កម្ពុជា។
សេចក្តីថ្លែងការណ៍របស់ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានធ្វើឡើងបន្ទាប់ពីមានការលើកឡើងមួយចំនួនជុំវិញបញ្ហានៅក្រុងព្រះសីហនុ។
តាមសេចក្តីថ្លែងការណ៍នោះ អ្នកនាំពាក្យលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកង្វល់ជនរួមជាតិមួយចំនួន ដែលបានបង្ហាញអារម្មណ៍របស់ខ្លួនតាមបណ្ដាញព័ត៌មានសង្គមចំពោះហេតុការណ៍ ដែលបានកើតឡើងនៅក្រុងព្រះសីហនុ នាពេលថ្មីៗនេះ ដោយមានការសង្ស័យថា ពាក់ព័ន្ធទៅនឹងជនជាតិចិន។ ទន្ទឹមគ្នានេះសារព័ត៌មានមួយចំនួនក៏បានធ្វើបទអត្ថាធិប្បាយក្នុងគោលដៅ ដើម្បីផលប្រយោជន៍ណាមួយនោះ។ អ្នកនាំពាក្យបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការពង្រឹងសន្តិសុខសុវត្ថិភាពក៏ដូចជាសណ្ដាប់ធ្នាប់សង្គមសម្រាប់បម្រើផលប្រយោជន៍សាធារណៈនៅក្នុងតំបន់នោះ។
ឧទាហរណ៍ជាក់ស្តែង ក៏មានជនបរទេស ដែលជាអ្នកទេសចរត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់នឹងបញ្ជូនត្រឡប់ទៅប្រទេសដើមវិញក្រោមការអនុវត្តច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យលើកឡើងទៀតថា រាជរដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ ដោយមិនអនុញ្ញាតឲ្យមានសកម្មភាពទាំងឡាយណា ដែលមានចរិតរើសអើងពូជសាសន៍កើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាបានឡើយ ហើយរាជរដ្ឋាភិបាលនៅតែបន្តលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ ដែលបាននឹងកំពុងប្រតិបត្តិការធុរកិច្ច ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ដែលមកទស្សនាកម្សាន្តរមណីយដ្ឋានធម្មជាតិវប្បធម៌ និងប្រវត្តិសាស្ត្រនៅកម្ពុជា ស្របតាមគោលនយោបាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែង និងទាក់ទាញវិនិយោគ និងទេសចរណ៍នៅគ្រប់វេទិកាជាតិ និងអន្តរជាតិទាំងអស់សម្រាប់ការរួមចំណែកការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។
នៅក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ បន្តការអភិវឌ្ឍន៍ច្បាប់បន្តការអនុវត្តច្បាប់ ដែលស្របទៅនឹងគោលនយោបាយជាតិ ដាក់ចេញដោយសម្ដេចតេជោនាយករដ្ឋមន្ត្រីចំពោះវិស័យទេសចរណ៍ និងការវិនិយោគ។ ជាការចាំបាច់ ដើម្បីទប់ស្កាត់សកម្មភាពទាំងឡាយណា ដែលអាចបណ្ដាលឲ្យកើតមានឡើងជាសង្គ្រាមចិត្តសាស្ត្រ និងការរើសអើងពូជសាសន៍ ដែលអាចធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាព និងវិបុលភាពរបស់ព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះ រាជរដ្ឋាភិបាលបានថ្លែងអំណរគុណដល់ជនរួមជាតិ និងមិត្តភ័ក្ត្របរទេសទាំងអស់មានការប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូរ និងគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចំណែកដល់សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលជាផលប្រយោជន៍សម្រាប់ប្រទេសកម្ពុជាប្រជាជនខ្លួន និងវិនិយោគិន ព្រមទាំងអ្នកទេសចរផងដែរ៕
Source: Kampuchea Thmey Daily
0 Comments