Ad Code

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ​ពេល​ចូល​លួច​កាបូប​លុយ​ក្នុង​ផ្សារ​ធំ​ថ្មី​



ភ្នំពេញ ៖ ​ជនជាតិ​វៀតណាម​ម្នាក់​ ត្រូវ​បាន​កម្លាំង​ប្រចាំការ​ក្នុង​ផ្សារ​ធំ​ថ្មី​ ចាប់​ឃាត់ខ្លួន​ភ្លាមៗ​ ខណៈ​ដែល​ចូល​បន្លំ​លួច​កាបូប​លុយ​របស់​អ្នកលក់​ខោរ​អាវ​នៅ​ក្នុង​ផ្សារ​ តែ​គេចខ្លួន​មិន​រួច ​ព្រោះ​ជនរងគ្រោះ​ឃើញ​ទាន់​ស្រែក​ឆោឡោ​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ក្នុង​ទី​រួម​ផ្សារ​ធំថ្មី​មុខ​តូប​លក់​ខោអាវ​លេខ​I044​ ផ្លូវ​លេខ​១៣៦ ភូមិ​៤ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ ​ឈ្មោះ ​ង្វៀង វ៉ាន់​ហ្វៀ​វ (NGUYEN VAN HIEV) ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ កាន់​លិខិត​ឆ្លង​ដែន​លេខ​C3118974​។

ចំណែក​វត្ថុតាង​ចាប់យក​មាន ៖ កាបូបយួរ​ពណ៌​សូកូឡា​ចំនួន​០១​ មាន​លុយ​ចំនួន​៥០០.០០០​រៀល​.​ទូរស័ព្ទ​ដៃ​ម៉ាក​HUWEI ​ពណ៌​ទឹកមាស​(​បាន​ប្រគល់​ឲ្យ​ជនរងគ្រោះ​វិញ​) ,កាបូបស្ពាយ​ពណ៌​សូកូឡា​ចំនួន​មួយ ​មាន​ខោអាវ ​និង​មាន​លិខិតឆ្លងដែន​វៀតណាម​មួយ​ក្បាល​លេខ C3118974(​ជា​របស់​ជនសង្ស័យ​)​។​

ជនរងគ្រោះ ​ឈ្មោះ ធី សា​អ៊ី ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​ខោ​ផ្សារ​ធំថ្មី ស្នាក់​នៅផ្ទះ​លេខ​៤៥ ផ្លូវ​លេខ​១​បេ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ​មុនពេល​កើតហេតុ​ ជនសង្ស័យ​បាន​ដើរចូល​ទៅក្នុង​បរិវេណ​ផ្សារ​ធំ​ថ្មី​ដល់​កន្លែង​តូប​កើតហេតុ​ ខណៈ​ឃើញ​ជនរងគ្រោះ​កំពុងតែ​ដេក​មាន​កាបូប​លុយ​នៅ​ក្បែរ​ខ្លួន​ ជា​ឱកាស​ល្អ​ ក៏​ទៅ​លួច​យក​ពេល​ដើរចេញ​គាប់​ជនរងគ្រោះ​ដឹងខ្លួន​ទាន់ ​បាន​ស្រែក​ឆោឡោ​ក៏​ត្រូវ​ជាប់​អន្ទាក់​របស់​កម្លាំង​ប្រចាំការ​ផ្សារ​ធំថ្មី​តែម្ដង​។​

បច្ចុប្បន្ន​ សមត្ថកិច្ច​ កំពុង​ប្រើប្រាស់​វិធានការ​ជំនាញ​សួរចម្លើយ បន្ត​រក​បក្ខពួក ព្រមទាំង​ប្រវត្តិ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​កន្លងមក។

ចំណែក​ឯ​ទិសដៅ​បន្ត​ គឺ​កសាង​សំណុំរឿង​តាម​នីតិ​វិធី​ ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu