ក្រោយប្រមូលផ្តុំគ្នាមួយរយៈពេលខ្លី ហើយបានប្រកួតមិត្តភាពលើកដំបូងកាលពីចុងសប្ដាហ៍កន្លងទៅនេះ គ្រូបង្វឹករបស់ក្រុមភ្នំពេញក្រោនថ្មីគឺលោក Leonardo Vitorino បានសម្លឹងឃើញពីសក្តានុពលរបស់កូនក្រុមខ្លួនថារីកចម្រើនខ្លាំង ទោះបីជាបរាជ័យក្នុងប្រកួតមិត្តភាពកម្តៅសាច់ដុំក្រៅផ្លូវការក៏ដោយ។
បុរសជនជាតិប្រេស៊ីល រូបនេះបានបញ្ជាក់ថា «ថ្វីត្បិតតែពួកយើងចាញ់ការប្រកួតនេះប៉ុន្តែខ្ញុំពេញចិត្តនូវទម្រង់លេងរបស់កូនក្រុម ព្រោះពួកយើងទើបតែបានហ្វឹកហាត់ជាមួយគ្នាពេញបានតែមួយសប្តាហ៍ តែពួកគេព្យាយាមធ្វើតាមអ្វីដែលខ្ញុំចង់បានបានច្រើន»។ ក្រុមភ្នំពេញក្រោន បានប្រកួតចាញ់ក្រុមក្រសួងការពារជាតិ ៣ទល់១ នៅល្ងាចថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះលើទីលានកីឡដ្ឋាន RSN Stadium។
នេះជាបរាជ័យលើកដំបូងរបស់លោក Leonardo Vitorino ដែលទើបកាន់តំណែងជាគ្រូបង្វឹករបស់ក្រុមភ្នំពេញក្រោន ខណៈលោកបានដាក់កីឡាករយុវជនជាច្រើនបង្ហាញខ្លួនលើទីលានលើកនេះ។ មិនតែប៉ុណ្ណោះក្នុងប្រកួតនេះបានអវត្តមានកីឡាករសំខាន់ៗមួយចំនួនដែលបានកោះហៅចូលក្រុមជម្រើសជាតិកម្ពុជា ក្នុងយុទ្ធនាការប្រកួតជើងឯកពានអាស៊ាន AFF Suzuki Cup 2018។
លោក Leonardo Vitorino ធ្លាប់មានបទពិសោធន៍ការងារជាមួយក្រុម Selection of Australia U-15 នៅឆ្នាំ១៩៩៤ ហើយនៅឆ្នាំជាមួយនោះដែរ លោកបានដឹកនាំក្រុមជម្រើសជាតិ U-17 របស់សហរដ្ឋអាមេរិក រហូតដល់ឆ្នាំ១៩៩៧ ខណៈនៅឆ្នាំ១៩៩៨ លោកបានដឹកនាំក្រុម Botafogo FR នៅប្រទេសអ៊ីតាលី ហើយនៅឆ្នាំ ២០០១ លោកបានដឹកនាំក្រុម Trinidad and Tobago Selection។ ចន្លោះឆ្នាំ២០០២ ដល់២០០៥ លោកបានដឹកនាំក្រុម Santos Angola F.C នៅប្រទេសអង់កូឡា ក្នុងទ្វីបអាហ្វ្រិក ហើយឆ្នាំ២០០៥ដល់២០០៦ បានត្រឡប់ទៅដឹកនាំក្រុមLa Sierra នៅសហរដ្ឋអាមេរិក នៅឆ្នាំ២០០៦ ដែលដឹកនាំក្រុមEstrela do Norte F.C នៅស្រុកកំណើត មុនចេញទៅក្រុមMacaé EC និងក្រុមAmerica FC-RJ នៅឆ្នាំបន្ទាប់។
នៅឆ្នាំ២០០៧ ដល់២០១៣ លោកបានដឹកនាំក្លិបda Al Gharafa នៅប្រទេសកាតារ ហើយចាប់ពីឆ្នាំ២០១៣ ដល់២០១៤ ដឹកនាំក្រុមEl Jaish ក្នុងប្រទេសកាតារដែរ។ ចាប់ពីឆ្នាំ២០១៣ ដល់២០១៦ បានចូលទៅធ្វើការជានាយកបច្ចេកទេសផងនិងជាគ្រូដឹកនាំក្រុម B ផងនៅក្លិប Buriram United របស់ថៃ និងចុងក្រោយនៅឆ្នាំ២០១៦ បានដឹកនាំក្រុម Lanexang United របស់ឡាវ មុនមកដល់ប្រទេសកម្ពុជា ក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិ។ ក្រោយចាកចេញពីប្រទេសកម្ពុជា លោកទទួលបានការងារថ្មីនៅស្រុកកំណើតដោយធ្វើជានាយកបច្ចេកទេសនៅក្លិបCeará Sporting Club សមាជិកពានរង្វាន់លីគកំពូលប្រេស៊ីល ក្នុងឆ្នាំ២០១៨ មុនបន្តដំណើរមកប្រទេសកម្ពុជា លើកទី២នេះ៕
Source: Kampuchea Thmey Daily
0 Comments