ក្រុមបាល់ទាត់ម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាលឆ្នាំ ២០១៨ ក្រសួងការពារជាតិ (ទ័ព) បានចាកចេញពីមាតុភូមិទៅប្រកួតក្នុងពានរង្វាន់អន្តរជាតិមួយនៅប្រទេសចិន នាព្រឹកថ្ងៃច័ន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ថ្មីៗនេះ ខណៈលោក ភា សុភត្រា ដែលជាគ្រូបង្វឹកបានដឹកនាំកីឡាករចំនួន១៨នាក់ធ្វើដំណើរទៅជាមួយ។
ចំណែកថ្នាក់ដឹកនាំមានលោក ខូវ ឆាយ ជាអគ្គលេខាធិការក្លិប លោក ទេព ឡុងរចនា ជាអ្នកចាត់ការទូទៅក្លិបលោក ភា សុភត្រា ចាគ្រូបង្វឹកលោក អ៊ុំ សាវង្ស, ហោ សុខហេង,ឡុង សុធារ៉ា និង លេង ណាវីន ជាជំនួយការគ្រូបង្វឹក។ ចំណែកកីឡាករមាន សំរឹទ្ធ សីហា, គឹម ស៊ីម៉េង, ខែក ខេមរិន្ទ, រឿម ចាន់រឿន, ម៉ាត់ សាត់យ៉ា,អ៊ែល ធីហឿត, អ៊ុព កាម៉ុល, ង៉ែត លីទី,សុខ ហៀង,ភួង សុខសាណា, ជា ណាវីន, កាន់ ពិសាល, ទូច រ៉ូម៉ា,ណារ៉ុង កក្កដា។ ក្រៅពីនោះកីឡាករបរទេសមាន Yoo Jae Ho ជនជាតិកូរ៉េខាងត្បូង, Yudai Ogawa ជនជាតិជប៉ុន,MOHAMED HAMZA ជនជាតិអេហ្ស៊ីប, Na Hyosung ជនជាតិកូរ៉េខាងត្បូង។
លោក ភា សុភត្រា បានលើកឡើងមុនចេញដំណើរថាពានរង្វាន់ដែលរៀបចំនៅប្រទេសចិននេះមានក្រុមចូលរួមដូចជា២ក្រុមមកពីថៃគឺ Police Tero Sasana និងក្រុមសាកលវិទ្យាល័យមួយ បូករួមទាំងក្លិប Than Quang Ninh របស់វៀតណាម ដែលចូលរួមប្រកួតដណ្តើមជើងឯកនេះ។តាមគម្រោងក្រុមក្រសួងការពារជាតិ នឹងប៉ះជាមួយក្រុមសាលវិទ្យាល័យថៃ នៅថ្ងៃពុធ ទី១៤ វិច្ឆិកា ខាងមុខ ហើយក្រុមដែលឈ្នះក្នុងប្រកួតនេះនឹងឡើងទៅលេងនៅវគ្គផ្ដាច់ព្រ័ត្រ តែម្តង។
ដំណើរទៅកាន់ប្រទេសចិន នេះត្រូវបានក្លិបក្រសួងការពារជាតិ គិតថាគឺជាឱកាសក្នុងការធ្វើតេស្តសមត្ថភាពដល់កីឡាករថ្មីៗមួយចំនួនមុនរដូវកាលថ្មីឆ្នាំ២០១៩ មកដល់ខណៈលោកក៏បានចុះបញ្ជីកីឡាករយុវជន៤នាក់នៅក្នុងក្រុមដើម្បីជំនួសកីឡាករសំខាន់ៗដែលកំពុងជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា ប្រកួតក្នុងពានរង្វាន់ AFF Suzuki Cup 2018។ កីឡាករទាំងអស់នោះមានឈិន ឈឿន,រ៉ឹម ប៊ុនហៀង, ស ពិសិដ្ឋ និង អ៊ុំ វិចិត្រ។
បើនិយាយពីបេសកកម្មក្នុងរដូវកាលឆ្នាំ២០១៨ កន្លងទៅក្រុមក្រសួងការពារជាតិ បានបញ្ចប់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមក្លិបទាំង១២ប្រចាំពានរង្វាន់លីគកំពូលកម្ពុជា(Metfone Cambodian League 2018) ក្រោយប្រកួតបាន២២លើកឈ្នះបាន១៣ លើកហើយធ្លាប់ស្មើគ្នាបាន៣លើក និងចាញ់រហូតដល់៦លើក។ ចំណែកពានរង្វាន់សម្តេចតេជោ វិញគឺបានឈ្នះជើងឯកក្រោយយកឈ្នះលើក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ៣ទល់០ ក្នុងវគ្គផ្តាច់ព្រ័ត្រ៕
Source: Kampuchea Thmey Daily
0 Comments