តាកែវ ៖ ជនសង្ស័យពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀនម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ពន្លាតដែនសមត្ថកិច្ចតាមចាប់ដល់ខេត្តកំពត។ ហេតុការណ៍ចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៣និង១៥នាទី ដោយកម្លាំងការិយាល័យឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកត្រាំកក់ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលផែនយុត្តិធម៌ និងដោយមានការសម្របសម្រួលនីតិវិធីពី លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបមុខសញ្ញាជួញដូរសារធាតុញៀនដោយខុសច្បាប់ ថែមទាំងពន្លាតដែនសមត្ថកិច្ច តាមមាត្រា៦៨ក្រមនីតិវិធីព្រហ្មទណ្ឌ នៅចំណុចភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត។
ក្នុងប្រតិបត្តិការនោះ កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធម្នាក់មានឈ្មោះ ថោង ថាន ហៅកាត់ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅកន្លែងកើតហេតុ។ ដោយឡែកវត្ថុតាងដែលដកហូតបានក្រោយចាប់ខ្លួនមាន ៖
-ម្សៅក្រាមសថ្លាប្រភេទម៉ាទឹកកកចំនួន១៦កញ្ចប់ ទម្ងន់ស្មើនឹង១៧,៣៥ក្រាម (ថ្លឹងទាំងសំបក)
-ទូរស័ព្ទដៃ១គ្រឿង ម៉ាកHUAWEI។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments